ក្រុងឡុងដ៍: លោក Gianfranco Zola កាលពីថ្ងៃពុធ ត្រូវបានតែងតាំងជាគ្រូបង្វឹកជំនួយម្នាក់របស់អ្នកចាត់ការទូទៅថ្មីលោក Maurizio Sarri ដើម្បីវិលត្រឡប់ទៅកាន់ក្លិបដែលលោកធ្លាប់បានចំណាយពេលអស់៧ឆ្នាំក្នុងនាមជាកីឡាករម្នាក់។ នេះបើយោងទៅតាមការប្រកាសរបស់ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League មួយនេះ។
លោក Zola វ័យ៥២ឆ្នាំ បានលេងឲ្យ Chelsea ចាប់ពីឆ្នាំ១៩៩៦ រហូតដល់ឆ្នាំ២០០៣ ដោយស៊ុតបាល់បញ្ចូលទី៨០គ្រាប់ ក្នុងនោះរាប់បញ្ចូលទាំងគ្រាប់បាល់ឈ្នះក្នុងការប្រកួតដណ្តើមពាន European Cup Winners Cup វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ១៩៩៨ ផងដែរ។
លោកក៏ធ្លាប់បានឈ្នះ ពាន Super Cup ពាន FA Cup ២លើក និងពាន League Cup ផងដែរ។
លោក Zola បានឲ្យដឹងថា៖ «សម្រាប់ខ្ញុំ វាគឺជារឿងដ៏អស្ចារ្យមួយ។ ខ្ញុំពិតជាមានបំណងក្នុងការងារដ៏លំបាក ពីព្រោះវានឹងក្លាយជាការប្រជែងដ៏លំបាក ប៉ុន្តែ ខ្ញុំពិតជារីករាយក្នុងការស្ថិតនៅទិនេះ និងខិតខំធ្វើការជាមួយនឹងលោក Maurizio ដើម្បីទទួលជោគជ័យ»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «វានឹងក្លាយជារឿងដ៏អស្ចារ្យក្នុងការទទួលជោគជ័យជាមួយនឹងលោក Maurizio និងសម្រាប់ក្លិបនេះ ហើយ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំ ដូចដែលខ្ញុំបានធ្វើកាលពីមុន ក្នុងនាមជាកីឡាករម្នាក់ ហេតុនេះ ខ្ញុំនឹងប្រឹងឲ្យអស់ពីសមត្ថភាពក្នុងតួនាទីថ្មីរបស់ខ្ញុំ»៕ IS