ក្រុងឡុងដ៍៖ ក្រុម Leicester City មានពេលតិចតួចណាស់ ក្នុងការធ្វើពិធីឆ្លងអបអរនឹងជោគជ័យនៃការឈ្នះពាន FA Cup ជាលើកដំបូងរបស់ខ្លួន ខណៈពួកគេ ត្រូវប្រឈមជាមួយនឹងក្រុមតោខៀវ Chelsea នៅថ្ងៃអង្គារនេះ ក្នុងជំនួបដ៏សំខាន់បំផុត នៅក្របខ័ណ្ឌ Premier League ពោលគឺអាចជាប្រកួតកាត់ក្ដី ក្នុងការបានសិទ្ធិទៅលេងនៅក្របខ័ណ្ឌ Champions League រដូវកាលក្រោយ។
ក្រុមកញ្ជ្រោងខៀវ កំពុងស្ថិតក្នុងទីតាំង ដែលចូលរួមជាមួយក្រុម ដែលមានសិទ្ធិរួចហើយ គឺ Manchester City និង Manchester United ក្នុងការបានទៅប្រកួតប្រជែង ក្នុងកម្មវិធីរបស់ក្លិបធំៗ នៅអឺរ៉ុប ខណៈពួកគេឈរនៅលេខ ៣ ក្នុងតារាង ជាមួយនឹងការប្រកួតនៅសល់ ២ ហ្គេមទៀត។
ប៉ុន្តែក្រុម Chelsea និងក្រុមហង្សក្រហម Liverpool ដឹងថា ជ័យជម្នះពីការប្រកួត ២លើកចុងក្រោយនេះ នឹងទំនងជាគ្រប់គ្រាន់ សម្រាប់ក្រុមទាំង ២ ក្នុងការឡើងទៅនៅពីលើក្រុម Leicester City របស់លោក Brendan Rodgers ក្នុងចំណោមក្រុមទីកំពូលទាំង ៤ (Top4)។
ក្រុម Leicester កំពុងនាំមុខក្រុមតោខៀវ ២ ពិន្ទុ និង ៣ ពិន្ទុ លើក្រុមហង្សក្រហម តែប្រឈមនឹងការប្រកួតដ៏តឹងតែង ជាមួយក្រុម Tottenham Hotspur នៅថ្ងៃអាទិត្យ ក្រោយពីធ្វើដំណើរទៅកីឡដ្ឋាន Stamford Bridge រួចហើយ។
ទោះបីជាមានការខកចិត្តនឹងការបាត់បង់ពានរង្វាន់ទី១ ក្នុងវិស័យបាល់ទាត់នៅអង់គ្លេស អ្នកចាត់ការរបស់ក្រុម Chelsea លោក Thomas Tuchel មិនមានភាពខ្មាសអៀនក្នុងការលើកឡើងថា ការប្រកួតនៅថ្ងៃអង្គារនេះ មានសារៈសំខាន់ជាងការប្រកួតដណ្ដើមពានកាលពីថ្ងៃសៅរ៍ទៀត ក្នុងបរិបទរបស់ក្រុមគាត់នារដូវកាលនេះ។
លោក Tuchel បានថ្លែងថា៖ «នៅពេលខ្ញុំឈានជើងចូលក្នុងក្លិបនេះ កាតព្វកិច្ច គឺត្រូវប្រឹងប្រឹងធ្វើគ្រប់យ៉ាង ដើម្បីឱ្យបានឈរក្នុងតំណែង Top4 មិនមែនប្រឹងប្រែង ដើម្បីឈ្នះពាន FA Cup នោះទេ»។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បន្តថា៖ «ព្រោះពាន FA Cup ទោះជាធំប៉ុនណាក៏ដោយ ក៏មិនបានធ្វើឱ្យអ្នកមានសិទ្ធិទៅលេងនៅ Champions League នោះឡើយ។ ផ្ទុយទៅវិញ ការបញ្ចប់នៅ Top4 ទេ ដែលនាំពួកយើងទៅទីនោះ ដូច្នេះ ការប្រកួតនេះ គឺជាហ្គេមដ៏ធំមួយផ្សេងទៀត»៕ AFP/VN