ភ្នំពេញៈ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ហៅកាត់ថា CMMA ត្រូវបានបង្កើតឡើង ដោយជ្រើសរើសថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិចំនួន ៩ រូប ភាគច្រើនជាអ្នកជំនាញហាត់គុន និងនិយមចូលចិត្ត ដើម្បីឆ្លើយតបទៅនឹងទីផ្សារប្រកួត ដែលមានច្រើនក្នុងតំបន់អាស៊ាន។
នៅក្នុងមហាសន្និបាត ដែលត្រូវបានធ្វើឡើង នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃអង្គារ អង្គមហាសន្និបាត បានជ្រើសរើសលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងអតីតកីឡាករប្រយុទ្ធផ្នែកចំបាប់ធ្វើជាប្រធានសហព័ន្ធ ឯលោក ម៉ក់ សំអុល ទីប្រឹក្សាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ ជាអតីតគ្រូបង្ហាត់គុនកីឡាប្រយុទ្ធជាអនុប្រធាន។
ចំណែកលោក កែប៊ិន សូរស្មី អ្នកជំនាញរៀបចំការប្រកួត MMA ត្រូវបានជ្រើសតាំងជាអនុប្រធាន ហើយលោក ហ៊ុន ចាន់រាជ គ្រូបង្វឹក MMA ជាអគ្គលេខាធិការ។ រីឯអ្នកស្រី ឈិន រីយ៉ា អគ្គលេខាធិការរង លោក អន សុវឌ្ឍីយ៉ា អគ្គហេរញ្ញិក កញ្ញា សាំង សុខសេរីអគ្គហេរញ្ញិករង ចំណែកលោក ធន់ សកល និងលោក គង់ ចាន់ធីណា ជាសមាជិក។
លោក វ៉ាត់ ចំរើន ដែលជាប់ជាប្រធាន បានថ្លែងថា៖ «កីឡាប្រភេទ គុនចម្រុះ ឬហៅថា MMA នេះបច្ចុប្បន្នមានទីផ្សារប្រកួតច្រើន នៅក្នុងប្រទេសតំបន់អាស៊ាន ហើយជាកីឡាដែលប្រើក្បាច់គុន គ្រប់ក្បាច់ គ្រប់ស្នៀត គ្រប់មធ្យោបាយ និងជាកីឡាបែបកម្សាន្តដ៏ពេញនិយមបំផុត កម្ពុជាទទួលបានអាជ្ញាប័ណ្ណ និងចងសម្ព័ន្ធជាមួយ ONE FC ដែលមានទីស្នាក់ការនៅប្រទេសសិង្ហបុរី តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។
លោកបានបន្ថែមថា៖ «ការបង្កើតឡើងវិញនៃប្រភេទកីឡាយុទ្ធគុនចម្រុះនេះ គឺបំផុសឲ្យយុវជនចូលរួមហ្វឹកហាត់ ហើយ កីឡាករមកពីប្រភេទកីឡាប្រយុទ្ធផ្សេងៗដូចជាប្រដាល់ល្បុក្កតោ តេក្វាន់ដូ ហាប់គីដូ យូដូ វ៉ូវីណាម និងចំបាប់ ជាដើម សុទ្ធតែមានមូលដ្ឋានគ្រឹះស្រាប់អាចចូលមកហ្វឹកហាត់ MMA បាន។ ជាមួយគ្នានេះ ក្នុងរយៈពេលត្រឹមមួយឆ្នាំបន្ទាប់ពីយើងកសាងបានក្លិបហ្វឹកហាត់ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ គឺសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា នឹងរៀបចំឲ្យមានការប្រកួតលក្ខណៈអន្តរជាតិបាន និងងាយស្វែងរកការឧបត្ថម្ភ»។
ចំណែកលោក ហ៊ុន ចាន់រាជ បាននិយាយថា៖ «កន្លងមក ទោះបីជាយើងមិនទាន់បានបង្កើត សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ដោយយើងមានត្រឹមសមាគម ឬក្លិប ប៉ុន្តែយើងនៅតែមានទីផ្សារប្រកួតជាមួយអន្តរជាតិ ច្រើនព្រឹត្តិការណ៍។ ចំណែកសកម្មភាពក្នុងស្រុកវិញ យើងនៅតែមានសកម្មភាពប្រកួតក្នុងព្រឹត្តិការណ៍បុណ្យធំៗ របស់ជាតិ មានបុណ្យសមុទ្រ និងបុណ្យទន្លេជាដើម»។
លោកបន្តថា៖ «ជាមួយការបង្កើតបាននូវសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា នេះយើង បានត្រៀមចូលរួមក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ នៅខេត្តកោះកុង នាពាក់កណ្តាលខែធ្នូ ហើយនៅចុងឆ្នាំ ២០១៨ នេះ យើងនៅសល់កុងត្រាប្រកួត នៅក្រៅប្រទេសចំនួន ៧ ប្រកួតទៀត រួមមាននៅមីយ៉ាន់ម៉ាសិង្ហបុរី ឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី។ បន្ថែមលើនេះ យើងក៏ នឹងចូលរួមក្នុងពិធីបុណ្យទន្លេ នៅខេត្តកំពង់ឆ្នាំង នាដើមឆ្នាំ ២០១៩ ផងដែរ»៕