ឡុងដ៍៖ អ្នក​ចាត់​ការ​ក្រុម Derby County ​សម្រេច​ចាក​ចេញ​ពី​ក្រុម​ដែល​កំពុង​តែ​យ៉ាប់​យ៊ឺន នៅ​ក្របខ័ណ្ឌ Championship ​នេះ​ហើយ ដោយ​មាន​ការ​ព្រម​ព្រៀង​ទាំង​សង​ខាង​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​អតីត​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Wayne Rooney ដែល​ជា​គ្រូ​បង្ហាត់​ក្នុង​ក្រុម ១ រូប​ដែរ​នោះ នឹង​មក​បំពេញ​តួនាទី​នេះ​បណ្ដោះ​អាសន្ន​។

លោក Cocu ដែល​ជា​អតីត​កីឡាករ​របស់​ក្រុម​ជម្រើស​ជាតិ​ហូឡង់ និង​ក្រុម Barcelona ​ចូល​មក​កាន់​តំណែង​ជា​គ្រូបង្វឹក​ក្នុង​ក្រុម​​ Derby ​ឆ្នាំ​មុន ក្រោយ​លោក​ Frank Lampard ផ្លាស់​ទៅ​ដឹកនាំ​ក្រុម​ Chelsea​។

បុរស​វ័យ ៥០ ​ឆ្នាំ មិន​អាច​បំពេញ​តាម​មហិច្ឆតា​របស់​ក្រុម​ ដែល​ចង់​ឡើង​ទៅ​កាន់​លីគ​កំពូល​បាន​ឡើយ ដោយ​ជួយ​ឱ្យ​បញ្ចប់​នៅ​ចំណាត់​ទី១០ នៅ​លីគ​កម្រិត​ទី២ របស់​អង់គ្លេស កាល​ពី​រដូវកាល​មុន មុន​នឹង​ធ្លាក់​ដល់​បាត់​តារាង​នៃ​ដើម​រដូវ​កាល​នេះ​ ដោយ​ការ​ឈ្នះ​បាន​តែ ១ លើក​ប៉ុណ្ណោះ ក្នុង​ចំណោម​ប្រកួត​ទាំង ១១ លើក​ កន្លង​មក​ ដូច្នេះ​សម្ពាធ​មាន​កាន់​តែ​ខ្លាំង​​ឡើង​ៗ​ចំពោះ​លោក Cocu​។

ប្រកួត​ចុង​ក្រោយ​នៅ​ផ្ទះ​ខ្លួន​ឯង ដែល​ក្រុម​របស់​លោក​ចាញ់​ក្រុម Barnsley លោក​ Cocu អវត្តមាន ដោយសារ​ត្រូវ​នៅ​ដាច់​ដោយ​ឡែក​​ពី​អ្នក​ដទៃ ក្រោយ​លោក​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នាយក​ប្រតិបត្តិ​ក្រុម Derby លោក Stephen Pearce ដែល​ធ្វើ​តេស្ត​វិជ្ជមាន​វីរុស​កូរ៉ូណា​។

សម្រាប់​អតីត​ប្រធាន​ក្រុម​អង់គ្លេស Rooney បាន​ចូលរួម​ជាមួយ​ក្រុម Derby ក្នុង​ខែ​មករា ខណៈ​កីឡាករ​វ័យ ៣៥ ​ឆ្នាំ កំពុង​សម្លឹង​មើល​ពី​លទ្ធភាព ក្នុង​ការ​ឈាន​ជើង​ចូល​​កាន់​តួនាទី​​ជា​គ្រូ​បង្វឹក​​លើក​ដំបូង ស្រប​ពេល​​​​បន្ត​ការ​លេង​បាល់​ក្នុង​នាម​ជា​កីឡាករ​ផង​ដែរ​។

ក្រោយ​មាន​ការ​ចាកចេញ​របស់​លោក Cocu នេះ បាន​ធ្វើ​ឱ្យមាន​ការ​លើក​ឡើង​ថា អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​បិសាច​ក្រហម Manchester United ឥឡូវ​នេះ​ អាច​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​ចាត់​ការ​បាន​ហើយ​។​

លោក Cocu តាមរយៈ​បណ្ដាញ​​សង្គម Instagram របស់​ខ្លួន បាន​រៀប​រាប់​ថា​៖ «​ខ្ញុំ​សូម​ឆ្លៀត​ឱកាស​នេះ ធ្វើ​ការ​អរគុណ​ដល់​គ្រប់​គ្នា​ក្នុង​ក្លិប មាន​ដូច​ជា​ក្រុម​ប្រឹក្សា បុគ្គលិក និង​កីឡាករ​ទាំង​អស់ សម្រាប់​ការ​គាំទ្រ​ដ៏​ល្អ​របស់​ពួក​គេ​ចំពោះ​រូប​ខ្ញុំ តាំង​ពី​ខ្ញុំ​បាន​ទៅ​ដល់​ទឹក​ដី​ Pride Park»​៕ AFP/VN