ក្រុង​ប៉ារីស​: ជើង​ឯក​ពិភពលោក​កីឡា​រត់​ប្រណាំង Christian Coleman ប្រហែល​អាច​ខក​ខាន​មិន​បាន​ចូល​រួម​ព្រឹត្តិការណ៍អូឡាំ​ពិកនាក្រុង​តូក្យូ (Tokyo Olympics) ឆ្នាំ​ក្រោយ​នោះ​ឡើយ បន្ទាប់​ពី​ត្រូវ​ពិន័យ​មិន​ឱ្យ​ចូល​រួម​ប្រកួត​ប្រជែង​ ក្នុង​កីឡាអត្តពលកម្ម រយៈ​ពេល ២ ​ឆ្នាំ​ ក្នុង​ករណី​រំលោភ​ច្បាប់​ប្រឆាំង​សារធាតុ​ញៀន​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អង្គភាព​សុចរិត​ភាព​អត្ត​ពលកម្ម (AIU)​ កាល​ពី​ថ្ងៃ​អង្គារ​។

អត្ត​ពលិក​សញ្ជាតិ​អាមេរិក ដែល​ឈ្នះ​ជើង​ឯក​ពិភពលោក ចម្ងាយ ១០០ ម៉ែត្រ ផ្នែក​បុរស កាល​ពី​ឆ្នាំ​មុន នៅ​ក្រុង​ដូហា ត្រូវ​បាន​ពិន័យ​ជា​បណ្ដោះ​អាសន្នពី​បទការ​ខក​ខាន​ធ្វើ​តេស្ត ៣ ដង កាល​ពី​ខែ​មិថុនា​។ គណៈកម្មាធិការ​​វិន័យ​របស់​សហព័ន្ធអត្ត​ពលកម្មអន្តរ​ជាតិ បាន​គាំ​ទ្រ​ការបទ​ចោទ​ប្រកាន់​ហ្នឹង ហើយ​សម្រេច​ពិន័យ Coleman ២​ឆ្នាំ ដោយ​គិត​តាំង​ពី​ថ្ងៃ​ទី ១៤ ខែ ​ឧសភា ឆ្នាំ ​២០២០​។

អត្ត​ពលិក​វ័យ ២៤​ឆ្នាំ មាន​រយៈ​ពេល ៣០​ថ្ងៃ​ ដើម្បី​ធ្វើ​ការ​ប្ដឹង​ឧទ្ធរណ៍​សម្រាប់​ការ​​សម្រេច​នេះ នៅ​ឯ​តុលាការ​អាជ្ញា​កណ្ដាល​កីឡា​ ខណៈ​ការ​ពិន័យ​នេះ​ នឹង​អាច​ធ្វើ​ឱ្យ​គេ អវត្តមានសម្រាប់​ការ​ប្រកួត​ប្រជែង​កីឡា​អូឡាំពិកនា​ក្រុងតូក្យូ ប្រទេស​ជប៉ុន នៅ​ឆ្នាំ​ក្រោយ ដែល​នៅ​ទី​នោះ Coleman ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​​ម្នាក់ ក្នុង​ចំណោម​អត្ត​ពលិក ដែល​មានសិទ្ធិ​ខ្ពស់ ក្នុង​ការ​ឈ្នះ​មេដាយ​ពី​វិញ្ញាសា ១០០ ម៉ែត្រ​។​

Coleman ដែល​ជា​ម្ចាស់​កំណត់​ត្រា​ពិភព​លោក​ចម្ងាយ ៦០​ ម៉ែត្រ ទើប​តែ​បាន​ចូល​រួម​វិញ្ញាសា​រត់​បណ្ដាក់​ចម្ងាយ ៤x១០០ ម៉ែត្រ ពេល​បង្ហាញ​ខ្លួន​លើក​ដំបូង​ ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក នាក្រុង​ Rio de Janeiro នៅ​ប្រទេស​ប្រេស៊ីល កាលពី ៤ ឆ្នាំ​មុន​។

AIU បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ Coleman ពី​ការ​ខក​ខាន​ទៅ​ធ្វើ​តេស្ត ក្នុង​ខែ​មករា និង​ខែ​ធ្នូ​ ឆ្នាំ​ ២០១៩ ព្រម​ទាំង​ក្នុង​ខែ​មេសា កន្លង​ទៅ​៕ AFP/VN