ក្រុង​ឡូសអេនជឺលេស៖ ម្ចាស់​ជើងឯក​រត់​ប្រណាំង​ពិភព​លោក​ចម្ងាយ ១០០ ​ម៉ែត្រ កីឡាករ Christian Coleman កំពុង​ប្រឈម​នឹង​ការ​ពិន័យ​រយៈពេល ២ ​ឆ្នាំ ក្រោយ​ពី​មាន​ការ​បង្ហាញ​កាល​ពី​ថ្ងៃ​អង្គារ​ថា រូប​គេ​បាន​ខក​ខាន​ទៅ​​​​ធ្វើ​តេស្ត​រក​សារធាតុ​ញៀន​កាល​​ពី​ខែ​ធ្នូ ​ឆ្នាំ​ទៅ​។​​

អត្តពលិក​សញ្ជាតិ​អាមេរិក ដែល​បាន​គេច​ផុត​ពីការ​ពិន័យ​យ៉ាង​លំបាក​កាល​ពី​ឆ្នាំ​មុន​ ក្រោយ​មាន​ការ​​ល្មើស​លើ​ច្បាប់​ប្រឆាំង​សារធាតុ​ប៉ូវ​កម្លាំង ៣ ​ករណី ចន្លោះ​ពី​ឆ្នាំ ​២០១៨ ដល់ ​២០១៩ ​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​ពី​ការ​ខកខាន​នៃ​ការ​ធ្វើ​តេស្ត​លើក​ចុង​ក្រោយ​ក្នុង​សេចក្ដី​ប្រកាស​មួយ​តាមរយៈ​គណនី​ Twitter របស់​ខ្លួន​។

កីឡាករ​ Coleman វ័យ ២៤ ​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា ខ្លួន​បាន​តទល់​មិន​ជោគជ័យ​ជាមួយ​ស្ថាប័ន​សុចរិត​ភាព​អត្តពលិក (AIU) ដែល​រក​ឃើញ​ថា រូប​គេ​មិន​បាន​ទៅ​ធ្វើ​តេស្ត​កាល​ពី​ថ្ងៃ​ទី ​៩ ខែ​ធ្នូ ឆ្នាំ ​២០១៩។ ក្នុង​សេចក្ដី​ប្រកាស​នោះ កីឡាករ Coleman បាន​ប្រាប់​ថា​៖ «​ឥឡូវ​នេះ នេះ​ប្រហែល​នាំ​ឲ្យ​មាន​ការ​​ពិន័យ​លើ​រូប​ខ្ញុំ ដែល​វា​កើត​ឡើង​កាល​ពី​ឆ្នាំ​មុន​»​។​

ប្រសិន​បើ​ករណី​ខកខាន​ការ​ធ្វើ​តេស្ត​នេះ ត្រូវ​បាន​អះអាង​ថា​ពិត​ប្រាកដ Coleman នឹង​ប្រឈម​​នឹង​ការ​ពិន័យ​រហូត​ដល់​ទៅ ២​ ឆ្នាំ ក្នុង​នោះ​រួម​ទាំង​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន ឆ្នាំ​ក្រោយ​ផង​ដែរ​។ មុន​ការ​ប្រកួត​ប្រជែង​ជើង​ឯក​ពិភព​លោក​កាល​ពី​ខែ​កញ្ញា នា​ក្រុង​ដូហា ប្រទេស​កាតា កីឡាករ​ដែល​ក្លាយ​ជា​អត្តពលិក​រត់​ប្រណាំង​អាជីព​ក្នុង​ឆ្នាំ ២០១៧ ​រូប​នេះ ប៊ិះ​នឹង​ត្រូវ​ជាប់​ពិន័យ​ផង​ដែរ។

បទល្មើស​ចំនួន ​៣ ​ដង​ ដែល​កីឡាករ Coleman គេច​ផុត ហើយ​ត្រូវ​បាន​កត់ត្រា​ទុក​នោះ​ គឺ​លើក​​ទី​ ១​ ថ្ងៃ​ទី​​ ៦​ ខែ​មិថុនា​ ឆ្នាំ​ ២០១៩​,​ លើក​ទី​២ ថ្ងៃ​ទី​ ១៦ ខែ​មករា​​ ឆ្នាំ ​២០១៩ និងលើក​ទី​៣ ថ្ងៃ​ទី​ ២៦ ខែ​មេសា ឆ្នាំ​ ២០១៩​៕ AFP/VN