អាមេរិក៖ សមាគម​បាល់​បោះ​ជាតិ​ (NBA) នៅ​អាមេរិក​បាន​និយាយ​ពី​ថ្ងៃ​អង្គារ​ថា​ កីឡាករ​ឆ្នើម John Collins នៅ​ក្លិប​បាល់​បោះ​​ Atlanta Hawks ត្រូវ​បាន​ព្យួរ​​ ២៥ ប្រកួត ​បន្ទាប់​ពី​​ត្រូវ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​សារធាតុ​​លើក​កម្លាំង​នៅ​ក្នុង​អាហារ​​របស់​​គេ​​។​

NBA ​បាន​និយាយ​ក្នុង​របាយការណ៍​ថា ខ្សែ​ប្រយុទ្ធ​បាល់​បោះ​វ័យ ​២២ ​ឆ្នាំ​រូប​នេះ ​ត្រូវ​បាន​​រក​ឃើញ​ថា រូប​គេ​មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​សារធាតុ​លើក​កម្លាំង​ម្យ៉ាង​​ឈ្មោះ​ GHRP-2 ​នៅ​ក្នុង​ខ្លួន​របស់​គាត់​។

ការ​ព្យួរ​សិទ្ធិ​នេះ ​មាន​ប្រសិទ្ធ​ភាព​ភ្លាមៗ​មាន​ន័យ​ថា កីឡាករ​ Collins នឹង​អវត្តមាន​ការ​ប្រកួត​រវាង​ក្រុម​ Atlanta និង​ក្រុម​ San Antonio Spurs នៅ​យប់​ថ្ងៃ​​​អង្គារ​នោះ​តែ​ម្ដង​​។​

កីឡាករ​ Collins បាន​និយាយ​​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «​ខ្ញុំ​យល់​ពី​ផល​ប៉ះពាល់​នៃ​​បញ្ហា​​នេះ​ទៅ​លើ​​​អ្វី​មួយ​​ដែល​​យើង​កំពុង​ព្យាយាម​​​សម្រេច​រួម​គ្នា​​នៅ​រដូវកាល​​នេះ​។​ ​​ខ្ញុំ​ពិត​ជា​​អស់​សង្ឃឹម ​និង​​ខក​ចិត្ត​​យ៉ាង​ខ្លាំង​​ចំពោះ​ខ្លួន​ឯង​​ដែល​បាន​ធ្វើ​ឲ្យ​​យើង​ទាំង​អស់​គ្នា​លំបាក​បែប​នេះ​​»​។

កីឡាករ​រូប​នេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​តែង​ប្រយ័ត្ន​​ចំពោះ​អ្វី​ដែល​ខ្ញុំ​ដាក់​ក្នុង​ខ្លួន​របស់​ខ្ញុំ ​ប៉ុន្តែ​ខ្ញុំ​មិន​នឹក​ស្មាន​ថា ខ្ញុំ​ហូប​​អាហារ​បំប៉ន​​ដែល​មាន​សារធាតុ​ខុស​ច្បាប់​​បែប​នេះ​ទេ​»។​

ការ​ព្យួរ​សិទ្ធិ​ប្រកួត​នេះ ​បាន​កើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​ពី​កីឡាករ​ Deandre Ayton នៅ​ក្លិប​​ Phoenix Suns ត្រូវ​បាន​ព្យួរ​ការ​​ចូលរួម​ ២៥ ប្រកួត ​ចំពោះ​ការ​ធ្វើ​តេស្ត​ឃើញ​​ប្រើ​ថ្នាំ​​បង្កើន​កម្លាំង​​​។

កាល​ពី​ខែ​សីហា​ អតីត​​ជើង​ចាស់​ ​Wilson Chandler នៅ​ក្លិប​ Brooklyn Nets រង​ការ​ពិន័យ​ ២៥ ប្រកួត ក្រោយ​រក​ឃើញ​​ប្រើ​សារធាតុ​លើក​​កម្លាំង​ Ipamorelin​។

NBA​ ​​មិន​មែន​ជា​​ហត្ថលេខី​​នៃ​​ច្បាប់​ក្រម​​ប្រឆាំង​សារធាតុ​លើក​កម្លាំង​​ពិភព​លោក​ទេ​ ប៉ុន្តែ​លីក​មួយ​នេះ​បាន​គ្រប់គ្រង​កម្មវិធី​ប្រឆាំង​សារធាតុ​លើក​កម្លាំង​ផ្ទាល់​របស់​ខ្លួន​៕ AFP/SN