ក្រុងម៉ា្រឌីដ៖ កីឡាករ Kevin De Bruyne បាននាំជ័យជម្នះឲ្យក្រុម Man City យ៉ាងអស្ចារ្យកាលពីរាត្រីថ្ងៃពុធ ខណៈដែលពួកគេបានឈ្នះក្រុម Real Madrid ២-១ នៅកីឡដ្ឋាន Santiago Bernabeu ដើម្បីបោះ ១ ជំហានទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ Champions League។
ក្រុម Madrid មើលទៅទំនងជាបានជោគជ័យក្នុងការប្រកួតនេះ ក្រោយពីកីឡាករ Isco រកបាន ១ គ្រាប់នាំមុខនៅដើមតង់ទី ២ ប៉ុន្តែកីឡាករ De Bruyne បានបន្ថែម ១ គ្រាប់ ដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ យ៉ាងល្អក្រោយរយៈពេល ៥ នាទី បន្ទាប់ពីកីឡាករ Gabriel Jesus បានជួយឲ្យក្រុម Man City តាមស្មើក្រុម Real វិញនៅនាទីទី ៧៨។
នៅពេលជិតបញ្ចប់ការប្រកួតនេះ កីឡាករ Sergio Ramos ត្រូវបានបណ្ដេញចេញដោយសារបង្កកំហុសជាមួយកីឡាករ Jesus ដែលធ្វើឲ្យប្រធានក្រុមរបស់ក្លិប Real រូបនេះនឹងត្រូវអវត្តមានសម្រាប់ការប្រកួតជើងទី ២ នៅកីឡដ្ឋាន Etihad នៅថ្ងៃទី ១៧ ខែមីនា។
គ្រាប់បាល់ ២ គ្រាប់របស់ក្រុម Man City នៅក្រៅទឹកដីនេះនឹងធ្វើឲ្យពួកគេមានទំនុកចិត្តឡើងទៅវគ្គបន្តទៀតបើទោះជាគ្រូបង្វឹកលោក Pep Guardiola មិនទាន់មានទំនុកចិត្តទាំងស្រុងក៏ដោយ។
គ្រូបង្វឹករូបនេះនិយាយថា៖ «វាមិនទាន់ចប់នៅឡើយទេ។ ប្រសិនបើមានក្រុមណាមួយដែលអាចពុះពារយកឈ្នះវិញនោះ គឺមានតែក្លិប Real Madrid នេះទេព្រោះពួកគេធ្លាប់មានប្រវត្តិ និងបទពិសោធរបស់ខ្លួនយ៉ាងអស្ចារ្យ»។
ចំណែកគ្រូបង្វឹកក្រុម Real លោក Zinedine Zidane វិញបាននិយាយថា៖ «យើងដឹងពីស្ថានភាពនេះ ហើយយើងត្រូវតែទៅទីនោះ ដើម្បីយកការឈ្នះត្រឡប់មកវិញ»។
ក្រុម Real ឥឡូវនេះបានឈ្នះតែម្ដងគត់ក្នុងចំណោម ៥ ប្រកួតចុងក្រោយ ហើយពួកគេនឹងត្រូវប្រកួតជាមួយក្រុម Barcelona នៅក្នុងក្របខ័ណ្ឌ La Liga នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
លោក Zidane បាននិយាយថា៖ «យើងកំពុងមានការប្រកួតមិនសូវល្អ ប៉ុន្តែយើងត្រូវតែដកខ្លួនយើងចេញពីស្ថានភាពមិនសូវល្អនោះ»។
ទន្ទឹមនោះដែរ កីឡាករ Cristiano Ronaldo មិនអាចរកបានគ្រាប់បាល់ទេ ខណៈដែលកីឡាករ Lucas Tousart បាននាំជ័យជម្នះសម្រាប់ក្រុម Lyon ១-០ ទៅលើក្រុម Juventus ក្នុងជើងទី ១ នៃវគ្គ ១៦ ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League។
ខ្សែបម្រើTousart បានស៊ុតបញ្ចូលទីនៅនាទីទី ៣១ ដើម្បីជួយឲ្យក្រុម Lyon ការពារការនាំមុខ ១-០ នេះនៅពេលពួកគេធ្វើដំណើរទៅទីក្រុង Turin ប្រទេស អ៊ីតាលី សម្រាប់ជើងទី ២ នៅថ្ងៃទី ១៧ ខែមីនា។
គ្រូបង្វឹកក្រុម Lyon គឺលោក Rudi Garcia បាននិយាយថា៖ «យើងមានទម្រង់លេងល្អបំផុតនៅតង់ទី ១ ប៉ុន្តែនៅតង់ទី ២ វាហាក់ដូចជារាងយ៉ាប់បន្តិច។ ទោះយ៉ាងណា ខ្ញុំសប្បាយចិត្តចំពោះអ្វីដែលយើងធ្វើបានសម្រេចនៅពេលនេះ»។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «ខ្ញុំបានប្រាប់ក្មេងៗទាំងនេះថា នៅពេលអ្នកប្រកួតនៅក្នុងទឹកដីក្នុងជើងទី ១ នេះ វាសំខាន់ណាស់ដែលយើងមិនធ្វើឲ្យរបូតគ្រាប់បាល់នោះ ហើយឥឡូវយើងត្រូវទៅរកគ្រាប់បាល់ថែមទៀតនៅទីនោះ។ យើងមិនត្រូវធ្វេសប្រហែសបានទេ ព្រោះវាទើបតែដល់ពាក់កណ្ដាលផ្លូវប៉ុណ្ណោះ»៕ AFP/SN