ក្រុង​ឡុងដ៍៖ អ្នក​ចាំទី​ David De Gea បាន​ប្ដេជ្ញា​បន្ត​អនាគត​របស់​រូប​គេ​នៅ​ជាមួយ​ក្រុម Man Utd ដោយ​ចុះ​កុងត្រា​ថ្មី​រហូត​ដល់​ខែ ​មិថុនា ​ឆ្នាំ​ ២០២៣​។​ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្លិប​ដែល​លេង​នៅ​ក្របខ័ណ្ឌ​ Premier League បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​​។

អ្នក​ចាំទី​ De Gea អាយុ ​២៨ ​ឆ្នាំ ​គ្រោង​នឹង​បញ្ចប់​កុងត្រា​នៅ​ចុង​រដូវកាល​ឆ្នាំ ​២០១៩-២០ ​នេះ ​ប៉ុន្តែ​បាន​ប្ដូរ​ចិត្ត​ដោយ​ចុះ​កុងត្រា​បន្ត​នៅ​ជាមួយ​ក្លិប​ Man Utd រយៈពេល​យ៉ាង​តិច ​៤ ​ឆ្នាំ​ទៀត​។​

អ្នក​ចាំទី​អេស្ប៉ាញ​ដែល​បាន​ជួយ​ឲ្យ​ក្រុម Man Utd ឈ្នះ​ពាន​​ Premier League នៅ​រដូវ​កាល​ទី ​២ ​របស់​ខ្លួន​ក្នុង​​ឆ្នាំ ​២០១២-១៣ ​នោះ​ ​ធ្លាប់​ត្រូវ​បាន​​ក្លិប​មួយ​ចំនួន​ចង់​បាន​រូប​គេ​ដូច​ជា​ក្លិប​ Real Madrid ក្លិប PSG និង​ក្លិប​ Juventus​។

​​

ប៉ុន្តែ​ឥឡូវ​ គេ​លែង​មាន​ការ​សង្ស័យ​ពី​អនាគត​របស់​រូប​គេ​ទៀត​ហើយ ​ព្រោះ​​រូប​គាត់​​អាច​ស្ថិត​នៅ​ក្រុម​ Man Utd ដល់​​​រយៈពេល ​១៣ ​ឆ្នាំ​ ប្រសិន​បើ​​គាត់​​សម្រេច​បន្ត​​កុងត្រា​ថ្មី​​រយៈពេល ​៤​ ឆ្នាំ​​ទៀត​​ ដល់​ឆ្នាំ ​២០២៤ ​ពិត​មែន​។​

អ្នក​ចាំទី De Gea បាន​និយាយ​តាម​គេហទំព័រ​​របស់​ក្រុម Man Utd ថា៖ «​វា​ជា​មោទនភាព​មួយ​ដែល​បាន​ចំណាយ​ពេល ​៨ ​ឆ្នាំ ​នៅ​ជា​មួយ​ក្លិប​ដ៏​អស្ចារ្យ​មួយ​នេះ​ ហើយ​ឱកាស​ក្នុង​ការ​បន្ត​អាជីព​របស់​ខ្ញុំ​នៅ​ក្លិប​ Man Utd នេះ​គឺ​ជា​កិត្តិយស​អស្ចារ្យ​មួយ​»។​

អ្នក​ចាំទី​រូប​នេះ​បាន​បន្ត​ថា​៖​ «​តាំង​ពី​ខ្ញុំ​បាន​មក​ដល់​ទី​នេះ​ ខ្ញុំ​មិន​ដែល​ធ្លាប់​នឹក​ស្រមៃ​ថា នឹង​បាន​លេង​ឲ្យ​​ក្លិប​នេះ​បាន​ជាង ​៣៥០ ​ប្រកួត​នោះ​ទេ​​ ​ប៉ុន្តែ​ឥឡូវ​អនាគត​របស់​ខ្ញុំ​ត្រូវ​បាន​កំណត់​រួច​ហើយ ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​បាន​នោះ ​គឺ​ត្រូវ​ជួយ​ឲ្យ​ក្រុម​នេះ​សម្រេច​នូវ​​អ្វី​ដែល​ខ្ញុំ​ជឿ​ថា យើង​អាច​ធ្វើ​បាន​និង​រួម​គ្នា​ឈ្នះ​ពាន​ម្ដង​ទៀត​​»។​​

អ្នក​ចាំទី​ដដែល​នេះ​បាន​បន្ត​ថា៖ «​ក្នុង​នាម​ជា​កីឡាករ​ចាស់​វស្សា​ម្នាក់​នៅ​ក្លិប​នេះ​ ខ្ញុំ​ចង់​គាំទ្រ​នឹង​ដឹកនាំ​​​ជួយ​កីឡាករ​ជំនាន់​ក្រោយ ​ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ពី​សារៈសំខាន់​ដែល​​​លេង​នៅ​ទី​នេះ​»។​​

អ្នក​ចាំទី​ចាស់​វស្សា​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​ខ្ញុំ​គិត​ថា ខ្ញុំ​នៅ​មាន​អ្វី​ច្រើន​ទៀត​ដែល​ត្រូវ​សម្រេច​​ឲ្យ​បាន​សម្រាប់​​ក្លិប​នេះ​ ហើយ​ខ្ញុំ​ពិត​ជា​ជឿ​ថា ​ក្រុម Man Utd អាច​បង្កើន​ភាព​ខ្លាំង​ឡើង​វិញ​ដោយ​អាស្រ័យ​លើ​​ប្រវត្តិ​ជោគជ័យ​របស់​ក្លិប​នេះ ​ដើម្បី​ផ្ដល់​រង្វាន់​ដល់​អ្នក​គាំទ្រ​​ក្លិប​នេះ​​»។​​​​​

កុងត្រា​ថ្មី​របស់​អ្នក​ចាំទី​ De Gea នេះ​គឺ​មាន​តម្លៃ​ ​៣៧៥ ០០០ ​ផោន​ (ប្រហែល​ ៤៦៥ ៦៨០ ​ដុល្លារ​) ក្នុង ​១ ​សប្ដាហ៍ ​ធ្វើ​ឲ្យ​​គេ​ក្លាយ​ជា​អ្នក​ចាំទី​​​បាន​ប្រាក់​ខែ​ខ្ពស់​បំផុត​ក្នុង​ពិភព​លោក​។​

អ្នក​ចាំទី​​ De Gea បាន​ទទួល​ពាន​រង្វាន់​ស្រោម​ដៃ​មាស​នៃ​ក្របខ័ណ្ឌ Premier League ឆ្នាំ ​២០១៧-១៨​ និង​ក្លាយ​ជា​អ្នក​ចាំទី​ឆ្នើម​បំផុត​មួយ​ក្នុង​ពិភព​លោក​​ បើ​ទោះ​ជា​រូប​គេ​បាន​ខក​ចិត្ត​ចំពោះ​យុទ្ធនាការ​​កន្លង​ទៅ​នេះ​​ក៏​ដោយ​។​

កុងត្រា​ថ្មី​របស់​អ្នក​ចាំទី​រូប​នេះ ​គឺ​ជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុម​ Man Utd របស់​លោក Ole Gunnar Solskjaer ដោយ​ធ្វើ​ឲ្យ​គាត់​ជឿ​ថា រូប​គេ​នឹង​ជួយ​ឲ្យ​ក្រុម​នេះ​វិល​ទៅ​រក​ភាព​ខ្លាំង​របស់​ខ្លួន​ឡើង​វិញ​។​

លោក Solskjaer បាន​និយាយ​ថា៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ អ្នក​ចាំទី De Gea បាន​កំណត់​អនាគត​រយៈពេល​យូរ​របស់​គាត់​នៅ​ជាមួយ​ក្រុម​នេះ​ ហើយ​រយៈពេល​ជាង​ប៉ុន្មាន​ថ្មីៗ​មក​​នេះ De Gea បាន​បង្ហាញ​ខ្លួន​ជា​អ្នក​ចាំទី​ល្អ​បំផុត​ក្នុង​ពិភព​លោក​ និង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ផែនការ​របស់​យើង​ ខណៈ​យើង​រំពឹង​ធ្វើ​ឲ្យ​ក្រុម Man Utd ត្រឡប់​ទៅ​ភាព​ល្បីល្បាញ​​ដែល​ខ្លួន​ធ្លាប់​មាន​ពី​មុន​មក​»៕ APF/SN​​