ទីក្រុងរ៉ូមៈ ប្រធាន​ក្រុម Matthijs de Ligt របស់​ក្លិប Ajax បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ទូរីន​ប្រទេស​អ៊ីតាលី​ពី​ថ្ងៃ​អង្គារ​ហើយ​ដើម្បី​បញ្ចប់​ការចុះ​កុងត្រា​ផ្ទេរ​រូបគេ​ពី​ក្លិប Ajax ទៅ​ក្លិប Juventus​។

កីឡាករ​ហូឡង់ De Ligt វ័យ​ ១៩ ​ឆ្នាំ​ដែល​បាន​ដឹកនាំ​ក្លិប Ajax បាន​ឡើង​ទៅដល់​វគ្គ ៤ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League នោះ​គ្រោង​នឹង​ធ្វើការ​ពិនិត្យ​សុខភាព​មុន​ពេល​ចុះ​កុងត្រា​ជាមួយ​ក្លិប​របស់​អ៊ីតាលី Juventus ក្នុង​តម្លៃ​ខ្លួន ៧៥ ​លាន​អឺរ៉ូ​ស្មើ ៨៥ ​លាន​ដុល្លារ​អាមេរិក​។

ក្លិប Juventus បាន​ប្រកាស​តាម​ប្រព័ន្ធ Twitter របស់​ខ្លួន​ថា​៖ «​គាត់​នៅ​ទី​នេះ​ហើយ​» ជាមួយ​វីដេអូ​បង្ហាញ​ពី​កីឡាករ​ហូឡង់​រូប​នេះ​ចុះ​ពី​យន្តហោះ​ឯកជន​មួយ​គ្រឿង​នៅ​ព្រលានយន្តហោះ​ក្នុង​ទីក្រុង​ទូរីន​។

ក្នុង​វីដេអូ​ដាច់ឡែក​មួយ​ទៀត​កីឡាករ​វ័យក្មេង​រូបនេះ​បាន​និយាយ​ថា​៖ «​សួស្ដី Bianconeri នេះ​ជា​កីឡាករ De Ligt ហើយ​ខ្ញុំ​ពិតជា​សប្បាយ​ចិត្ត​ដែល​បាន​នៅ​ទីនេះ​»​។

កីឡាករ De Ligt ទទួល​បាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​ក្លិប​ធំៗ​នៅ​អឺរ៉ុប​ក្រោយពី​ទម្រង់​លេង​របស់​រូបគេ​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ក្លិប Ajax និង​ក្រុម​ជម្រើសជាតិ​ហូឡង់​កាលពី​រដូវកាល​ទើប​កន្លង​ទៅ​ថ្មីៗ​នេះ​។

កីឡាករ​រូបនេះ​លេង​បាន​ ១១៧ ​លើក​សម្រាប់​ក្លិប Ajax ដោយ​រក​បាន ១៣ ​គ្រាប់​រួម​ទាំង​ ៣ ​គ្រាប់​ដែល​ជួយ​ឲ្យ​ក្លិប Ajax ឡើង​ទៅ​វគ្គ​ ៤ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League កាលពី​រដូវកាល​មុន​ដែល​ចាញ់​ក្លិប Spurs នៅក្នុង​វគ្គ​នេះ ខណៈ​រូបគេ​បាន​លេង​ឲ្យ​ជម្រើស​ជាតិ​បាន​ ១៧ ​លើក​៕ SN