ក្រុង​ឡុងដ៍៖ ខ្សែ​ប្រយុទ្ធ​របស់​ Watford​ ក្រុម​នៅ​​ក្របខ័ណ្ឌ​កំពូល Premier League អង់គ្លេស គឺ​កីឡាករ​ Troy Deeney និយាយ​ថា​ ​ច្បាស់​​​ស្ទើរ ១០០ ​ភាគរយ​ថា ​យ៉ាង​ហោច​មាន​កីឡាករ​ស្រឡាញ់​​ភេទ​ដូច​គ្នា ​១ នាក់​ នៅ​គ្រប់​ក្រុម​បាល់ទាត់​ទាំង​អស់​។​

កីឡាករ​ Deeney ​សង្ស័យ​ថា កីឡាករ​ស្រឡាញ់​​ភេទ​ដូច​គ្នា​​បារម្ភ​​ថា មាន​ការ​តាមដាន​បើ​ពួក​គេ​បង្ហាញ​កាយ​​​​​​វិការ​ពី​ភេទ​របស់​​ខ្លួន តែ​កីឡាករ​វ័យ ៣១ ​ឆ្នាំ បញ្ជាក់​​ថា ការ​មាន​កីឡាករ​ល្បី ១ រូប ដែល​ហ៊ាន​ចេញ​មក​ប្រកាស​​ពី​អារម្មណ៍​របស់​ខ្លួន​នឹង​មាន​កីឡាករ​ដទៃ​ទៀត​ធ្វើ​តាម​។​

ជួប​ជាមួយ​លោក Louis Theroux នៅក្នុង​កម្មវិធី Grounded របស់​បណ្ដាញ​​ព័ត៌មាន BBC កីឡាករ​ ​Deeney ប្រាប់​ថា​៖ «​ខ្ញុំ​នឹង​បង្កើត​នូវ​ប្រវត្តិសាស្ត្រ ដែល​និយាយ​​​ថា មាន​អ្នក​ស្រឡាញ់​​ភេទ​ដូច​គ្នា​ម្នាក់​នៅ​គ្រប់​ក្រុម​បាល់ទាត់​ទាំង​អស់។ ​ប្រាកដ​ណាស់ វា​ស្ទើរ​តែ ១០០ ​ភាគរយ​។ ខ្ញុំ​គិត​ថា មនុស្ស​ដែល​ស្រលាញ់​​ភេទ​ដូច​គ្នា ពិត​ជា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ ដែល​នឹង​​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​។ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​អ្នក​ចេញ​មុខ​ នឹង​មាន​អ្នក​ធ្វើ​តាម​»​។

អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម Norwich និង​​ Nottingham Forest គឺ Justin Fashanu ដែល​ប្រកាស​ថា ខ្លួន​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​ក្នុង​ឆ្នាំ ​១៩៩០ ហើយ​​ស្លាប់​ក្នុង​ឆ្នាំ ​១៩៩៨ នៅ​តែ​ជា​កីឡាករ​បាល់​ទាត់​ស្រឡាញ់​ភេទ​ដូច​គ្នា​ម្នាក់​គត់​ ដែល​ហ៊ាន​​បង្ហាញ​​ជា​សាធារណៈ​ក្នុង​ប្រវត្តិសាស្ត្រ​ចក្រភព​អង់គ្លេស​។​

បើ​ទោះ​ជា​​ទទួល​ស្គាល់​ថា ​កីឡាករ​ខ្លះ​ខ្លាច​មាន​ការ​រិះគន់​ក៏​កីឡាករ​​ Deeney ដែល​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ឡើង​វិញ​នៃ​ក្របខ័ណ្ឌ Premier League នៅ​ថ្ងៃទី ​១៧ ខែ​កក្កដា នេះ ជឿ​ថា​ បច្ចុប្បន្ន គឺ​​ជា​ពេល​វេលា​ល្អ​សម្រាប់​អ្នក​កីឡា​បុរស ដែល​​ចង់​ប្រកាស​​ថា ខ្លួន​ស្រឡាញ់​ភេទ​ដូច​គ្នា​។

កីឡាករ​ Deeney និយាយ​បន្ថែម​​ដូច្នេះ​ថា​៖ «​ខ្ញុំ​គិត​ថា សម័យ​បច្ចុប្បន្ន​មាន​វេទិកា​ធំ​ជាង​មុន​ក្នុង​ការ​ឲ្យ​អត្តពលិក​ស្រឡាញ់​ភេទ​ដូច​គ្នា​ពី​ធម្មជាតិ​ហ៊ាន​ធ្វើ​ការ​បង្ហាញ​​សមាសភាព​របស់​ខ្លួន​»​៕ AFP/VN​ ​