ភ្នំពេញ៖ ទោះ​មាន​សំណាង​បាន​ចាប់​កំណើត នៅ​លើ​ទឹកដី​ប្រទេស​មហាអំណាច បារាំង ប៉ុន្តែ​លោក Derek Bidaut ដែល​បច្ចុប្បន្ន មាន​ឈ្មោះ​ខ្មែរ​ថា ច័ន្ទ រីទ្ធិសក្តិ នោះ បាន​ជម្នះ​ការ​រារាំង និង​រិះគន់​ពី​មិត្តភក្តិ បងប្អូន រួច​ធ្វើ​ដំណើរ​មក​ផ្សងព្រេង នៅ​ប្រទេស​កម្ពុជា និង​បាន​ប្រើ​ខ្សែ​ជីវិត ពោរពេញ​ដោយ​ការ​តស៊ូ ដើម្បី​មក​ចាប់​អាជីព ជា​អ្នក​ប្រដាល់​គុន​ខ្មែរ និង​គុន​ល្បុក្កតោ ដែល​ជា​មរតក​ក្បាច់​គុន​ខ្មែរ ទៅ​តាម​ក្តី​ស្រមៃ​របស់​ខ្លួន។

គិត​មក​ដល់​ពេល​នេះ Derek បាន​ចាប់​អាជីព​លើ​មរតក​ក្បាច់​គុន​ខ្មែរ​ទាំង ២ ផ្នែក​នេះ ចំនួន ១០ ឆ្នាំ​ហើយ ហើយ​នៅ​ក្នុង​រយៈពេល​នេះ កីឡាករ​បារាំង​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​រូប​នេះ មិន​ត្រឹមតែ​បាន​ហ្វឹកហាត់​យ៉ាង​ស្ទាត់​ជំនាញ​ផ្នែក​ប្រដាល់​គុន​ខ្មែរ និង​គុន​ល្បុក្កតោ ប៉ុណ្ណោះ​ទេ ប៉ុន្តែ Derek ក៏​បាន​ចេញ​ទៅ​ប្រកួត​នៅ​ជប៉ុន អាមេរិក បារាំង អូស្ត្រាលី និង​ប្រទេស​មួយ​ចំនួន​ទៀត តំណាង​ឱ្យ​កម្ពុជា​ផង​ដែរ។

តាមរយៈ​បទ​សម្ភាស​ជាមួយ ​ភ្នំពេញ ​ប៉ុស្តិ៍ Derek Bidaut បាន​ប្រាប់​ថា៖ «ខ្ញុំ​មាន​ស្រុក​កំណើត​នៅ​ប្រទេស​បារាំង ​ហើយ​ខ្ញុំ​ស្រឡាញ់​ចូលចិត្ត​ផ្នែក​កីឡា​ប្រយុទ្ធ ក្រោយ​ពី​​បាន​ចូលរៀន​ច្បាប់​កីឡា នៅ​ប្រទេស​បារាំង។ ពី​ដំបូង ខ្ញុំ​បាន​ចូល​ហាត់​កីឡា​គុន​ចិន​ឈ្មោះ​គុងហ្វ៊ូ ហើយ​ក្រោយ​ពេល​ខ្ញុំ​បាន​ស្គាល់​គុន​ខ្មែរ តាមរយៈ​កីឡាករ បឺត ខាំ ដែល​បាន​ទៅ​បង្ហាត់​គេ នៅ​ប្រទេស​បារាំង ​នោះ គឺ​ខ្ញុំ​សុំ​គាត់​ហាត់​បាន ៣ ថ្ងៃ បន្ទាប់​មក​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​នៅ​ប្រទេស​បារាំង ​បាន​ផ្តល់​ឱ្យ​ខ្ញុំ​បាន​ហ្វឹកហាត់​មួយរយៈ​ទៀត»។

Derek បាន​ប្រាប់​បន្ថែម​ថា៖ «បន្ទាប់​មក​ទៀត ខ្ញុំ​ក៏​បាន​ជាប់​ចិត្ត​នឹង​ប្រដាល់​គុន​ខ្មែរ ហើយ​អ្វី​ដែល​ខ្ញុំ​និយម​ចូលចិត្ត​បំផុត​នោះ គឺ​ក្រោយ​ពេល​ដឹង​ថា គុន​ខ្មែរ និង​សិល្បៈ​អប្សរា ជា​របស់​ខ្មែរ និង​គុន​ល្បុក្កតោ ជា​របស់​ខ្មែរ ហេតុ​នេះ​នៅ​ឆ្នាំ ២០០៩ ខ្ញុំ​បាន​ចូលមក​ហាត់​គុន​ល្បុក្កតោ និង​គុន​ខ្មែរ​មមាញឹក​ខ្លាំង និង​ឡើង​ប្រកួត​បាន​ល្អ នៅ​ក្នុង​ឆ្នាំ ២០១២ និង​ឆ្នាំ ២០១៣។ លុះ​ដល់​ឆ្នាំ ២០១៥ ខ្ញុំ​បាន​ជាប់​ចិត្ត​ខ្លាំង​ជាមួយ​កីឡា​ល្បុក្កតោ ដោយ​បាន​ហ្វឹកហាត់ និង​ស្រឡាញ់​រាប់​អាន​លោកគ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន»។

យ៉ាងណា​ក៏​ដោយ នៅ​មុន​ពេល​ឈាន​ដល់​ចំណុច​នេះ Derek ត្រូវ​បាន​បងប្អូន និង​មិត្តភក្តិ​រារាំង និង​រិះគន់ មិន​ឱ្យ​មក​ហាត់​ក្បាច់​គុន​ខ្មែរ​នោះ​ទេ ព្រោះ​វា​ខាត​ទាំង​ពេលវេលា និង​លុយ​កាក់ ប៉ុន្តែ​ដោយ​ក្តី​ស្រឡាញ់ Derek នៅ​តែ​ជម្នះ​មក​ហ្វឹកហាត់ និង​ជួយ​ផ្សព្វផ្សាយ​ពី​មរតក​ក្បាច់គុន​ខ្មែរ​នេះ ខណៈ​ពេល​នេះ Derek ក៏​ត្រូវ​បាន​ដាក់​បញ្ចូល​ជា​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ហើយ​ដែរ។

កីឡាករ​បរទេស ដែល​ចេះ​និយាយ​ភាសា​ខ្មែរ​បាន​ល្អ​រូប​នេះ​បញ្ជាក់​ថា៖ «ខ្ញុំ​មាន​មិត្តភក្តិ​បងប្អូន​មួយ​ចំនួន​បាន​រិះគន់​ខ្ញុំ ដែល​ខ្ញុំ​ស្រឡាញ់​ងប់ងល់​នឹង​ក្បាច់​គុន​បុរាណ​ខ្មែរ ដោយ​ពួក​គាត់​បាន​និយាយ​ថា វា​ខាត​វេលា និង​គ្មាន​ប្រាក់​ចំណូល គឺ​មាន​តែ​ចំណាយ ហើយ​តាម​ពិត គឺ​អ៊ីចឹង​មែន ដ្បិតអី​ពី​មុន​ខ្ញុំ​បាន​ចំណូល​ពី​មុខ​របរ​ជូន​ភ្ញៀវ​ទេសចរ ដោយ​ខ្ញុំ​ធ្វើ​ការ​ឱ្យ​សណ្ឋាគារ​ទែរ៉ូ នៅ​ខេត្ត​រតនគីរី ចំណែក​កីឡា​បុរាណ​ខ្មែរ ដែល​ខ្ញុំ​ចូលរួម​គ្មាន​ចំណូល​ទេ មាន​តែ​ចំណាយ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ស្រឡាញ់ និង​មិន​បោះបង់»។

កីឡាករ​បារាំង​ទើប​ទទួល​បាន​សញ្ជាតិ​ខ្មែរ ក្នុង​ឆ្នាំ ២០២០ Derek បាន​បញ្ជាក់​ទៀត​ថា៖ «សម្រាប់​ថ្ងៃ​អនាគត ខ្ញុំ​ចង់​មាន​ក្លិប​ល្អ​មួយ មាន​សម្ភារ​ហ្វឹកហាត់​ទំនើប ដើម្បី​បង្ហាត់​ក្មេងៗ​ជំនាន់​ក្រោយ ដោយ​ខ្ញុំ​ជា​គ្រូបង្វឹក មិន​យក​លុយ។ ខ្ញុំ​ត្រេកអរ​ខ្លាំង ព្រោះ​នៅ​ឆ្នាំ ២០២១ នេះ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​ផ្តល់​ឱ្យ​ខ្ញុំ​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សហព័ន្ធ ដើម្បី​ខ្ញុំ​មាន​ពេល​វេលា​ជួយ​ឱ្យ​ល្បុក្កតោ​កម្ពុជា​មាន​ភាព​រីក​ចម្រើន​នៅ​ក្រៅ​ប្រទេស»៕