ក្រុងប៉ារីស: ខ្សែបម្រើស្លាប Angel Di Maria របស់ក្រុម Paris Saint-Germain (PSG) ត្រូវបានពិន័យ ៤ ប្រកួត កាលពីថ្ងៃពុធម្សិលមិញ សម្រាប់ករណីស្ដោះទឹកមាត់ អំឡុងការប្រកួតជាមួយក្រុមគូប្រជែងស្លាប់រស់ Olympique de Marseille ដែលឃើញមានកីឡាករសល់ទៅ ៥ រូប ទទួលបានកាតក្រហម ហើយដែលមានការអះអាងដោយកីឡាករ Neymar ពីការប្រើពាក្យរើសអើងជាតិសាសន៍។
ការពិន័យចំពោះ Di Maria ដែលត្រូវបានធ្វើឡើងដោយគណៈកម្មការវិន័យរបស់ក្របខ័ណ្ឌ Ligue 1 របស់ប្រទេសបារាំងនេះ គឺពាក់ព័ន្ធនឹងការស្តោះទឹកមាត់ដាក់ខ្សែការពារ Alvaro Gonzalez របស់ Marseille ហើយវានឹងមានប្រសិទ្ធិភាព ចាប់ពីថ្ងៃទី ២៩ ខែកញ្ញា តទៅ ដែលមានន័យថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ មិនអាចចូលលេងប្រកួតទល់នឹងក្រុម Reims នៅថ្ងៃអាទិត្យនេះបានឡើយ ដោយអាចត្រឡប់មកបង្ហាញខ្លួនបានវិញ នៅថ្ងៃទី ៨ ខែវិច្ឆិកា។
ជាមួយគ្នានេះ គណៈកម្មាការបានប្រកាសថា ការចោទប្រកាន់របស់កីឡាករ Neymar ដែលថា កីឡាករ Gonzalez ប្រើពាក្យសំដីប្រកាន់ពូជសាសន៍លើរូបគេ នឹងត្រូវស៊ើបអង្កេតនៅថ្ងៃទី ៣០ ខែកញ្ញា។
Neymar ដែលត្រូវបានបណ្តេញចេញដោយសារតែទះក្បាល Gonzalez ពីក្រោយបានចោទកីឡាករសញ្ជាតិអេស្ប៉ាញថា ហៅរូបគេថា «ស្វា» តែកីឡាករ Gonzalez បានបដិសេធការចោទប្រកាន់នេះ។
កីឡាករសញ្ជាតិប្រេស៊ីល ដែលមានតម្លៃថ្លៃបំផុតលើលោក ត្រូវបានពិន័យ ២ ប្រកួត កាលពីសប្តាហ៍មុន ក្រោយកើតរឿង អំឡុងការប្រកួត កាលពីថ្ងៃទី ១៣ ខែកញ្ញា នៅឯកីឡដ្ឋាន Parc des Princes ដែលក្រុមរបស់ខ្លួនចាញ់ ១-០។
គណៈកម្មការវិន័យរបស់លីកបារាំង ក៏កំពុងតែធ្វើការស៊ើបអង្កេតផងដែរលើការចោទប្រកាន់ដែលថា Neymar បានធ្វើសញ្ញារើសអើងជាតិសាសន៍ដាក់ខ្សែការពារស្ដាំសញ្ជាតិជប៉ុន Hiroki Sakai របស់ក្រុម Marseille និងនិយាយពាក្យមនុស្សស្រលាញ់ភេទ្យដូចគ្នាចំពោះកីឡាករ Gonzalez។
ប្រសិនបើកីឡាករណាម្នាក់ដែលត្រូវបានរកឃើញថា មានកំហុសដោយការប្រើពាក្យសម្ដីរើសអើងជាតិសាសន៍ ឬភេទ នឹងប្រឈមជាមួយនឹងការពិន័យរហូតដល់ទៅ ១០ ប្រកួត៕ AFP/VN