ក្រុង​បែលក្រាត៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​​របស់​ប្រទេស​ស៊ែប៊ី បាន​រាយការណ៍​​ថា កីឡាករ​វាយ​កូន​បាល់ (តេន្នីស) លំដាប់​លេខ ​១ ពិភព​លោក Novak Djokovic ដែល​​សប្ដាហ៍​មុន​ធ្វើ​តេស្ត​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ចំពោះ​វីរុស​កូរ៉ូណា​បាន​បរិច្ចាគ​នូវ​ទឹក​ប្រាក់​ចំនួន​ជាង ៤០ ០០០ ​អឺរ៉ូ ($​៤៥ ០០០) ដល់​​ទីក្រុង​របស់​ប្រទេស​ដែល​កើត​មាន​ជំងឺ​នេះ​ខ្លាំងក្លា​។​​

ទូរទស្សន៍​កីឡា SportKlub TV បាន​ផ្សាយ​ថា កីឡាករ Djokovic វ័យ ៣៣ ​ឆ្នាំ បាន​ធ្វើ​ការ​បរិច្ចាគ​ប្រាក់​ទៅ​ឲ្យ​ទីក្រុង Novi Pazar ​ដែល​ស្ថិត​នៅ​ភាគ​និរតី​ប្រទេស​ស៊ែប៊ី ដើម្បី​ជួយ​​ធ្វើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺ​នេះ បន្ទាប់​ពី​មាន​ការ​ប្រកាស​ដាក់​ទីក្រុង​ក្នុង​ភាព​អាសន្ន នៅ​ចុង​ខែ​មិថុនា ដោយសារ​ការ​​រាល​ដាល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ​​ខ្លាំង​ឡើង​ៗ​​។

បន្ទាប់​ពី​មាន​ការ​រឹត​បន្តឹង​​ការ​ផ្ទុះ​ឡើង​លើក​ទី​១ ​នៃ​​ជំងឺ​កូវីដ ​១៩ កាល​ពី​​ដើម​ខែ​ឧសភា ឥឡូវ​នេះ ​ស៊ែប៊ី​កំពុង​មាន​សញ្ញា​​ងើប​ឡើង​ជា​ថ្មី ដោយ​​មាន​ការ​ឆ្លង​ជាង ២០០ ​ករណី​រៀង​​រាល់​ថ្ងៃៗ ធៀប​នឹង​ចំនួន​ប្រហែល ៥០ ​ករណី​ខែ​មុន​។

ប្រជាជាតិ​បាល់កង់​មួយ​នេះ ថ្មីៗ​នេះ ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ ក្រោយ​អនុញ្ញាត​ឲ្យ​ Djokovic រៀប​ចំ​ការ​ប្រកួត​ថ្នាក់​តំបន់​មួយ​ ដែល​ចាប់​ផ្តើម​ក្នុង​ក្រុង​​បែលក្រាត កាល​ពី​ពាក់​កណ្តាល​​ខែ​មិថុនា មុន​ពេល​​មាន​ការ​ឆ្លង​ជំងឺ​កូវីដ ​១៩​ ជា​ច្រើន​នាក់ រហូត​ធ្វើ​​ឲ្យ​អ្នក​រៀបចំ​រំសាយ​កម្មវិធី​ចោល​។

ក្រៅ​ពី​ Djokovic កីឡាករ​ ៣ នាក់​​ទៀត ​ដូចជា Grigor Dimitrov, Borna Coric និង Viktor Troicki ដែល​​​ចូលរួម​​កម្មវីធី Adria Tour ព្រម​ទាំង​គ្រូបង្វឹក​ Goran Ivanisevic សុទ្ធ​តែ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដូច​គ្នា​។ ក្នុង​ព្រឹត្តិការណ៍​នោះ គេ​ឃើញ​​កីឡាករ​ទាំង​អស់ ឱប​គ្នា​រំលង​សំណាញ់ លេង​បាល់​បោះ​ជុំ​គ្នា និង​ថែម​ទាំង​មាន​ការ​​រាំរែក​ជាមួយ​គ្នា នៅ​ក្នុង​ក្លិប​រាត្រី​ទៀត​ផង​។

ក្រោយ​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ចំពោះ​ការ​រៀបចំ​កម្មវិធី​ប្រកួត​នេះ កីឡាករ​សញ្ជាតិ​ស៊ែប៊ី Djokovic ដែល​ប្រពន្ធ​របស់​ខ្លួន​ក៏​ឆ្លង​ដែរ​នោះ បាន​ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ ដោយ​និយាយ​ថា​៖ «​ខ្ញុំ​មាន​ការ​សោកស្ដាយ​ខ្លាំង​ណាស់ ដែល​កម្មវិធី​ប្រកួត​សប្បុរស​មួយ​នេះ បង្ក​ឲ្យ​មាន​ហានិភ័យ​សម្រាប់​គ្រប់​គ្នា​»​។

សម្រាប់​ប្រទេស​ស៊ែប៊ី ដែល​មាន​ប្រជាជន​ប្រមាណ​ជា ៧ ​លាន​​នាក់ ​ត្រូវ​បាន​កត់ត្រា​ថា មាន​អ្នក​ឆ្លង​នូវ​វីរុស​កូរ៉ូណា​ជិត​ ១៥ ០០០ នាក់ ក្នុង​នោះ​ស្លាប់ ២៨១ ​នាក់​៕ AFP/VN​