ក្រុងមែលប៊ន: កីឡាករវាយកូនបាល់ Novak Djokovic ត្រូវតែយកឈ្នះលើអ្នកប្រយុទ្ធ Kei Nishikori ដើម្បីរក្សាក្តីសង្ឃឹមរបស់ខ្លួនក្នុងការប្រជែងពានជាលើកទី ៧ ខណៈដែលកីឡាករ Lucas Pouille សម្លឹងរកការបង្ហាញខ្លួនក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី ១ នៅពេលប្រកួតជាមួយនឹងកីឡាករ Milos Raonic ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃ Australian Open នៅថ្ងៃនេះ។

Nishikori បានចំណាយពេលចំនួន ១៣ ម៉ោង និង ៤៧ នាទីរួចជាស្រេចនៅលើទីលានប្រកួតក្នុងទីក្រុង Melbourne នៅឆ្នាំនេះពោលគឺច្រើនជាងកីឡាករណាៗទាំងអស់ក្រោយពីបានឆ្លងកាត់ការប្រកួត ៥ សិតចំនួន ៣ លើកក្នុងចំណោមការប្រកួត ៤ លើករបស់គេមកទល់ពេលនេះ។ រូបគេបានវាយបកដេញតាមពីក្រោយ ២ លើកពីការដេញតាមពីក្រោយ ២ សិតមុននឹងយកឈ្នះលើកីឡាករអេស្ប៉ាញ Pablo Carreno Busta កាលពីថ្ងៃចន្ទក្នុងលទ្ធផល ៦-៧ (៨/១០) ៤-៦ ៧-៦ (៧/៤) ៦-៤ និង ៧-៦ (១០/៨) ដោយប្រើពេលអស់ ៥ ម៉ោង និង ៥ នាទី។

Djokovic ដែលបានចាញ់ ១ សិតនៅមុនពេលយកឈ្នះលើកីឡាករ Daniil Medvedev ក្នុងលទ្ធផល ៦-៤ ៦-៧ (៥/៧) ៦-២ និង ៦-៣ នោះបាននិយាយថារូបគេដឹងពីអ្វីដែលនឹងកើតឡើងពេលប៉ះ Nishi-kori។ ទាក់ទងនឹងកីឡាករសញ្ជាតិជប៉ុនរូបនេះដែលនឹងឈានទៅវគ្គ ៨ នាក់ចុងក្រោយជាលើកទី ៤ របស់គេក្នុងទីក្រុង Melbourne ប៉ុន្តែមិនទាន់បានបង្ហាញខ្លួនក្នុងវគ្គ ១/២ ផ្តាច់ព្រ័ត្រនៅឡើយនោះបានឲ្យដឹងថា៖ «ពិតណាស់ Kei បានឈ្នះការប្រកួតដ៏ស្វិតស្វាញមួយផ្សេងទៀត។ ខ្ញុំរំពឹងទុកថានឹងមានការប្រកួតដ៏តានតឹងជាមួយរូបគេ»។

ជាមួយគ្នានេះកីឡាការិនី up Serena Williams បានយកឈ្នះលើកីឡាការិនីមានចំណាត់ថ្នាក់លេខ ១ ក្នុងពិភពលោក Simona Halep កាលពីថ្ងៃចន្ទ ខណៈនាងខិតកាន់តែកៀកឆ្ពោះទៅកាន់ការឈ្នះពាន Grand Slam ជាលើកទី ២៤។

ក្នុងការបង្ហាញពីទម្រង់លេងដ៏ល្អតារាឆ្នើមរបស់អាមេរិករូបនេះបានកត់ត្រាជ័យជម្នះដ៏ធំបំផុតរបស់នាងចាប់តាំងពីផ្តល់កំណើតឲ្យកូនរបស់ខ្លួន ក្រោយពីបានផ្តួលកីឡាការិនីរូម៉ានី Halep ៦-១ ៤-៦ និង ៦-៤ ដើម្បីទៅជួប Karolina Pliskova ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។

Pliskova សញ្ជាតិឆែកគឺជាកីឡាការិនីកំពុងមានទម្រង់លេងយ៉ាងល្អម្នាក់ផ្សេងទៀត ក្រោយពីបានឈ្នះពានកម្តៅសាច់ដុំ Brisbane International និងយកឈ្នះលើកីឡាការិនី Garbine Muguruza ដែលជាម្ចាស់ជើងឯកពាន Grand Slam ២ សម័យកាលយ៉ាងងាយក្នុងលទ្ធផល ៦-៣ និង ៦-១៕ IS