សហរដ្ឋអាមេរិកៈ កីឡាករ​វាយ​កូនបាល់​ជាប់​លេខ​ ១ ​ពិភពលោក Novak Djokovic បាន​ចាប់ផ្ដើម​ជាមួយ​ជ័យជម្នះ​ក្នុងការ​ប្រកួត​វាយ​កូន​បាល់​នៅ​ក្របខ័ណ្ឌ US Open ក្នុង​ទីក្រុង Cincinnati រដ្ឋ​អូហៃយ៉ូ សហរដ្ឋ​អាមេរិក ខណៈ​កីឡាការិនី Serena Williams បាន​ចុះចាញ់​ក្នុង​ការប្រកួត​ជុំ​ទី​ ១ ដោយសារ​បញ្ហា​ឈឺ​ខ្នង​។

កីឡាករ​ស៊ែប៊ី Djokovic ធ្វើ​មិន​បាន​ល្អ​ចំនួន​ ៣ ​លើក​ដោយសារ​រូបគេ​បាន​ធ្វើ​ឲ្យ​ខូច​សឺវីស​ក្នុង​ការប្រកួត​បើកឆាក​ជាមួយ​កីឡាករ​អាមេរិក Sam Querrey ប៉ុន្តែ​ភ្លាមៗ​នោះ​រូបគេ​ធ្វើបាន​ល្អ​ឡើង​រហូត​ទទួលបាន​ជ័យជម្នះ​ទៅលើ​កីឡាករ​អាមេរិក​ចំនួន​ ២ ​សិត​គឺ ៧-៥ និង​ ៦-១​។

កីឡាករ Djokovic បាន​ឈ្នះ​ការវាយ​សឺវីស​ពី​កីឡាករ Sam ២ ​លើក​ដើម្បី​ឈ្នះ​សិត​ដំបូង ហើយ​បន្ត​ឈ្នះ​ក្នុង​ការប្រកួត​លើក​ដំបូង​របស់​រូបគេ​តាំងពី​បាន​ឈ្នះ​កីឡាករ Roger Federer ក្នុង​វគ្គ​ចុងក្រោយ​ក្របខ័ណ្ឌ Wimbledon កាលពី​ខែ​មុន​។

កីឡាករ​រូបនេះ​បាន​និយាយ​ថា​៖ «​ខ្ញុំ​បានបញ្ចប់​ការប្រកួត​នេះ​បាន​ល្អ បើទោះ​ជា​មាន​ការភ័យខ្លាច​នៅពេល​ចាប់ផ្ដើម​ប្រកួត​ក៏ដោយ​»​។

កីឡាករ Djokovic បាន​និយាយ​ថា​៖ «​កីឡាករ Sam មាន​អារម្មណ៍​ស្វាហាប់​នៅលើ​ទីលាន​ប្រកួត​នៅពេល​ចាប់ផ្ដើម​រហូត​ដល់​ទីបញ្ចប់ ហើយ​ខ្ញុំ​តែងតែ​ភ័យខ្លាច​ចំពោះ​ការវាយ​សឺវីស​របស់​គាត់​»​។

កីឡាករ​ស៊ែប៊ី​រូបនេះ​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​ពេញ​ចិត្ត​នឹង​ការប្រកួត​ក្នុង​ស្ថានភាព​ភ្លាមៗ​បែប​នេះ ហើយ​ខ្ញុំ​រីករាយ​ណាស់​ដែល​ទទួល​បាន​ជ័យជម្នះ​នេះ ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា​ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​ជាង​នេះ​នៅ​ជុំ​បន្តបន្ទាប់​ទៀត​»​។

ទន្ទឹម​នេះ​ដែរ​កីឡាការិនី​អាមេរិក Serena បាន​បោះបង់​ការប្រកួត​របស់​ខ្លួន​ដោយសារ​ចង់​រក្សា​កម្លាំង​ទុក​សម្រាប់​ការចាប់ផ្ដើម​ប្រកួត​ក្របខ័ណ្ឌ US Open ថ្ងៃទី​ ២៦ ខែ​សីហា​ដោយ​សុខចិត្ត​ឲ្យ​កីឡាការិនី Zarina Diyas ឈ្នះ​នៅក្នុង​ការប្រកួត​ជុំ​ដំបូង​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​រូបនាង​បង្ខំចិត្ត​ចុះចាញ់​នៅ​វគ្គ​ចុងក្រោយ​ក្របខ័ណ្ឌ WTA Toronto ដោយសារ​ឈឺ​ខ្នង​។

កីឡាការិនី Serena បាន​និយាយ​ក្នុង​របាយការណ៍​ផ្សាយ​ដោយ​មន្ត្រី​រៀបចំ​ការប្រកួត​ថា​៖ «​ខ្ញុំ​បាន​មក​រដ្ឋ​អូហៃយ៉ូ​ពី​ថ្ងៃ​អាទិត្យ ហើយ​បាន​ហ្វឹកហាត់​គ្រប់​យ៉ាង​ដើម្បី​ត្រៀមខ្លួន​ប្រកួត​នៅ​យប់​នេះ ហើយ​សង្ឃឹម​បំផុត​ក្រោយពី​ធ្វើការ​ហ្វឹកហាត់​ពី​ព្រឹក​មិញ​នេះ​ ប៉ុន្តែ​ជា​អកុសល​ខ្នង​របស់ខ្ញុំ​នៅ​តែ​មាន​បញ្ហា​ដដែល​»​។

កីឡាការិនី Serena ជា​ម្ចាស់​ជើងឯក Grand Slam ២៣ ​ជំនាន់​ក៏បាន​ជួប​បរាជ័យ​ដោយសារ​ស្ថានភាព​របួស​ផ្សេង​ទៀត​ដែរ​គឺ​បញ្ហា​ឈឺក្បាល​ជង្គង់​ដែល​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ការប្រកួត​របស់​នាង​នៅ​ដើម​រដូវកាល​នេះ ប៉ុន្តែ​រូបនាង​នៅ​តែ​ចង់​ស្វែងរក​ការឈ្នះ​ពាន​ជា​លើកដំបូង​តាំងពី​បានឈ្នះ​ពាន​នៅ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Australia Open ឆ្នាំ​ ២០១៧៕ SN