ក្រុង​ឡុងដ៍: ការ​ស្នើ​ផ្លូវ​ការ​លើក​ដំបូង​របស់​ក្រុម​បិសាច​ក្រហម Manchester United ដើម្បី​នាំ​យក​ខ្សែ​បម្រើ​ស្លាប Jadon Sancho ត្រឡប់​មក​កាន់​ក្រប​ខ័ណ្ឌ Premier League វិញ ជាមួយ​នឹង​តម្លៃ​ដល់​ទៅ ១០០​លាន​អឺរ៉ូ (ជិត $១១៧​ លាន​ដុល្លារ​) ត្រូវ​បាន​ក្រុម​ Borussia Dortmund បដិសេធ​ហើយ​។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទូរទស្សន៍ Sky Sports កាល​ពី​ថ្ងៃ​អង្គារ​។​

កីឡាករ​វ័យ ២០​ ឆ្នាំ Sancho បាន​ក្លាយ​ជាគោល​ដៅ​របស់​ក្រុម Man Utd ជា​យូរ​មក​ហើយ ខណៈ​ក្រុម​របស់​លោក Ole Gunnar Solskjaer ត្រូវ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ជាង​មុន​នូវ​ការ​សម្រេច​​ទី​របស់​ក្រុម​មួយ ដែល​រដូវ​កាល​មុនបញ្ចប់​នៅ​ចំណាត់​ថ្នាក់​ទី៣ នៅ Premier League និង​ឡើង​ដល់​វគ្គ ១/២ នៃ​កម្មវិធី​​ Europa League, FA Cup និង League Cup​។

កីឡាករ​អន្តរ​ជាតិ​អង់គ្លេស ចូល​រួម​ជាមួយ​ក្រុម Dortmund ដោយ​ចាក​ចេញ​ពីក្រុម Manchester City ជាមួយ​នឹង​តម្លៃ ដែល​ដឹង ១០​ លាន​ផោន ($​១៣​ លាន) កាល​ពី ៣ ​ឆ្នាំ​មុន ហើយ​កំពុង​លេច​ធ្លោ​យ៉ាង​ខ្លាំង នៅ​ក្រប​ខ័ណ្ឌ Bundesliga អាល្លឺម៉ង់ រហូត​ក្លាយ​ជា​អត្ត​ពលិក​ដ៏​ទេព​កោសល្យ​ល្អ ១​ រូប​របស់​កីឡាបាល់​ទាត់​អឺរ៉ុប​។

សេចក្ដី​រាយ​ការណ៍​របស់ Sky Sports បាន​ឱ្យ​ដឹង​ថា​៖ «​ការ​ស្នើ​ដំបូង ៧៣​ លាន​ផោន ($​៩៣ ​លាន) ហើយ​ដំឡើង​រហូត​ដល់ ៩១​ លាន​ផោន​​ ($១១៧​ លាន) ដែល​តម្លៃ​ហ្នឹង មិន​អាច​បំពេញ​តាម​ការ​ទាម​ទាររបស់ Dortmund ចំនួន ១០៨​ លាន​ផោន ($​១៣៨​ លាន​)»​។

ក្រុម​យក្ស​អាល្លឺម៉ង់ បាន​អះ​អាង​ថា Sancho នឹង​បន្ត​លេង​នៅ Bundesliga ១​ រដូវកាល​ទៀត ក្រោយ​ពី​ក្រុម Man Utd មិន​អាច​ឈាន​ដល់​​កិច្ច​ព្រម​ព្រៀង​ ដែល​​ក្លិប Dortmund បាន​កំណត់​​ចុង​ក្រោយ ថ្ងៃ​ទី​ ១០ ខែ​សីហា​។​​

កីឡាករ Sancho ដែល​បាន​បង្ហាញ​ខ្លួន​ជាមួយ Dortmund សម្រាប់ ៣​ ប្រកួត​ដំបូង​នៃ​រដូវកាល​ថ្មី មិន​បាន​ធ្វើ​ដំណើរ​រួម​ជាមួយ​ក្រុម​ទៅ​​ផ្ទះ Bayern Munich ក្នុង​ជំនួប​ពាន German Super Cup ឡើយ​​​ ដោយសារ​មាន​ឆ្លង​ជំងឺ តែ​ខាង​ក្លិប​អះអាង​ថា មិន​មែន​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​កូវីដ ១៩ នោះ​ទេ​។

ខ្សែ​បម្រើ​ស្លាប​ឆ្នើម​រូប​នេះ ស៊ុត​បញ្ចូល​ទីបាន ២០ គ្រាប់ និង​បោះ​ឱ្យ​មិត្ត​រួម​ក្រុម​ ២០ ​លើក នៅ​គ្រប់​កម្មវិធី​ប្រកួត​ទាំង​អស់ កាល​ពី​រដូវកាល​មុន ហើយ​ប្រធាន​ក្រុម Dortmund គឺ​ខ្សែ​ប្រយុទ្ធ Marco Reus កំពុង​សង្ឃឹម​ឲ្យ​កីឡាករ​ឆ្នើម​រូប​នេះ បន្ត​ស្នាក់​នៅ ១​ រដូវកាល​ទៀត​។

កីឡាករ​អន្តរ​ជាតិ​អាល្លឺម៉ង់ Reus បាន​ប្រាប់ Sky Sports នៅ​ប្រទេស​កំណើត​ថា​៖ «​យើង​ទាំង​អស់​គ្នា​រីក​រាយ ដែល​រូប​គេ​នឹង​នៅ​ជាមួយ​ពួក​យើង ១ ​ឆ្នាំ​ទៀត ព្រោះ​គេ គឺ​ជា​អ្នក​បញ្ជូន​បាល់ និង​ស៊ុត​បញ្ចូល​ទី ដូច្នេះមាន​គេយើង​នឹង​បាន​ពិន្ទុ​។ យើង​នឹង​ចាំ​មើលថា តើ​គេឡើង​ដល់​កម្រិត​កំពូល ដូច Lionel Messi ឬ​ក៏ Cristiano Ronaldo ឬ​អត់​?​»​។​

កីឡាករ Reus វ័យ ៣១ ​ឆ្នាំ បាន​បន្ថែម​ថា​៖ «​រូប​គេ​នៅ​ត្រូវ​ការ​ពេល និង​បទ​ពិសោធន៍​បន្ថែម​ទៀត ដែល​វា​នឹង​ក្លាយ​ជា​រឿង​សំខាន់​ថា តើ​រូប​គេ​ត្រូវ​គ្រប់​គ្រង​ពេល​វេលា​យ៉ាង​ម៉េចពេល​គ្រប់​យ៉ាង មិន​ដំណើរ​ការទៅ​ដោយ​ស្រួល​។ តែ​យ៉ាង​ណា គេ​មាន​ទំនុក​ចិត្ត និង​គុណ​ភាព​»​។

ក្រុម Man Utd បាន​រង​នូវ​ការ​រិះ​គន់​ពី​សំណាក់​អ្នក​គាំ​ទ្រ ដែល​​មិន​ព្រម​ចំណាយ​ទឹក​ប្រាក់​បន្ថែម​ទៀត ដើម្បី​ទិញ​កីឡាករ ខណៈ​ក្លិបគូ​ប្រជែង​​បាន​ពង្រឹង​ក្រុម​ពួក​គេ​រៀង​ៗ​ខ្លួន ហើយ​មក​ទល់​ពេល​នេះ មាន​តែ​ខ្សែ​បម្រើ​អន្តរ​ជាតិ​ហូឡង់​ Donny Van de Beek ១ ​រូប​ប៉ុណ្ណោះ ដែល​បាន​ក្លាយ​ជា​សមាជិក​ថ្មីរបស់​ក្រុម​បិសាច​ក្រហម ក្រោយ​ទិញ​ពី​ក្រុម Ajax ក្នុង​តម្លៃ ៤០ ​លាន​ផោន ($​៥១​ លាន​)៕ AFP/VN