ទី​ក្រុង​ទូរីន៖ កីឡាករ​ Paulo Dybala បាន​ស៊ុត​បាល់​ free-kick កោង​ចូល​ទី​យ៉ាង​ល្អ​ជួយ​ឲ្យ​ក្រុម Juventus ឈ្នះ​ ១-០ ទៅ​លើ​ក្រុម​ Atletico Madrid និង​ឈរ​នៅ​លើ​កំពូល​តារាង ​នៃ​ពូល​ D នៅ​ក្នុង​ក្របខ័ណ្ឌ​ Champions League។​

ម្ចាស់​ជើងឯក​អ៊ីតាលី​​នេះ​បាន​កក់កៅ​អី​រួច​ហើយ​សម្រាប់​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ ​ជាមួយ​ការ​នៅ​សល់ ​២ ​ប្រកួត​ទៀត ​ប៉ុន្តែ​​ពួក​គេ​បាន​ឈរ​នៅ​លើ​កំពូល​តារាង​ដោយ​សុវត្ថិភាព​រួច​ហើយ ​ជាមួយ​ជ័យ​ជម្នះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​ពី​ថ្ងៃ​អង្គារ​។

ក្រុម​ Atletico របស់​លោក Diego Simeone នឹង​ត្រូវ​ការ​ឈ្នះ​មួយ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​នេះ​នៅ​ពេល​ប្រកួត​នឹង​ក្រុម​ Lokomotiv Moscow ក្នុង​ទីក្រុង Madrid ប្រទេស ​អេស្ប៉ាញ ​ដើម្បី​ធានា​បាន​នូវ​ឱកាស​​ឡើង​ទៅ​វគ្គ ​១៦ ​ក្រុម​ចុង​ក្រោយ​។​​

លោក Maricio Sarri គ្រូ​បង្វឹក​ក្លិប Juventus បាន​និយាយ​ថា៖ «​ខ្ញុំ​គិត​ថា គ្រាប់​បាល់​មួយ​គ្រាប់​របស់​កីឡាករ​ Dybala នេះ​គឺ​ពិត​ជា​អស្ចារ្យ​មែន​ទែន​»​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​រឿង​មួយ​ដែល​គ្រូ​បង្វឹក​និយាយ​នៅ​ពេល​គាត់​ឃើញ​អ្នក​ណា​មួយ​ព្យាយាម​ស៊ុត​បាល់​ពី​ទីតាំង​នោះ​​គឺ​ថា គេ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​»។​​

លោក Sarri បាន​បន្ថែម​ទៀត​ថា៖ «​គាត់​បាន​ធ្វើ​អ្វី​មួយ​អស្ចារ្យ​ណាស់​ដែល​សម​នឹង​ទទួល​បាន​ការ​ទះ​ដៃ​អបអរ​ព្រោះ​វា​ជា​ជំនាញ​ដ៏​​អស្ចារ្យ​បំផុត​មួយ​»។​

កីឡាករ​ Cristiano Ronaldo បាន​ត្រឡប់​ទៅ​​ក្រុម​នេះ​វិញ​​ និង​បាន​លេង​ក្នុង​​ការ​ប្រកួត​នេះ​ទាំង​ស្រុង​ក្រោយ​ពី​អវត្តមាន​ក្នុង​​ការ​ប្រកួត​ជាមួយ​ក្រុម Atalanta កាល​ពី​ចុង​សប្ដាហ៍​មុន​ និង​ត្រូវ​បាន​ឲ្យ​គេ​ចូល​ជំនួស​ក្នុង​ការ​ប្រកួត ​២ ​លើក​មុន ​ដោយសារ​រូប​គេ​មាន​បញ្ហា​ជង្គង់​បន្តិច​បន្តួច​ផង​ដែរ​។​​​

លោក Sarri បាន​បន្ថែម​ថា៖ «​ខ្ញុំ​មិន​ទាន់​និយាយ​ជាមួយ​គាត់​ពី​របួស​ក្បាល​ជង្គង់​របស់​គាត់​នៅ​ឡើយ​ទេ​ ប៉ុន្តែ​គាត់​មើល​ទៅ​ហាក់​ដូច​ជា​មាន​សុខភាព​​ល្អ​»។​

ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​ Juventus មាន ​១៣ ​ពិន្ទុ ​ដែល​បាន​មក​ពី​ការ​ប្រកួត ​៥ ​លើក ​ខណៈ​ក្រុម Atletico មាន ​៧ ​ពិន្ទុ ​ដោយ​នាំ​មុខ​ ១ ​ពិន្ទុ ​ទៅ​លើ​ក្រុម​ Bayer Leverkusen ឈរ​នៅ​លេខ ​៣ ​​​ក្រោយ​ពី​​​​ឈ្នះ​ក្រុម Lokomotiv ២-០។​

លោក Simeone បាន​និយាយ​ថា៖ ​«​យើង​មាន​ការ​ប្រកួត​ល្អ​ជាមួយ​ក្រុម​ខ្លាំង​មួយ​​ហើយ​យើង​មាន​ឱកាស​ដែរ ​ប៉ុន្តែ​យើង​នៅ​ខ្វះ​ប្រសិទ្ធភាព​តិច​តួច​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា៖ «​យើង​រក​មិន​បាន​គ្រាប់​បាល់​ដែល​ជា​រឿង​សំខាន់​បំផុត​ក្នុង​កីឡា​បាល់​ទាត់​​ ប៉ុន្តែ​យើង​តែងតែ​ត្រៀម​លក្ខណៈ​​ក្នុង​ការ​ប្រកួត​ជានិច្ច​»៕ AFP/SN