ភ្នំពេញ: កីឡា​អេឡិចត្រូនិក (E-Sport) ដែលជា​ប្រភេទ​កីឡា​សម័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​ជាន់ ខ្ពស់ ដែល​មនុស្ស​លេង​ជាមួយ​គ្រឿង​ម៉ាស៊ីន​នោះ កំពុង​មាន​សក្តានុពល​ខ្លាំង​ក្នុង​កម្រិត​តំបន់ និង​ថ្នាក់​អាស៊ី ខណៈ​ដែល​សហព័ន្ធ​កីឡា​មួយ​នេះ​ទើប​តែ​បង្កើត​ឡើង​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា នា​ចុង​ឆ្នាំ ២០១៤ ប៉ុន្តែ ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ ១ នៅ​ឆ្នាំ ២០១៥ និង ២០១៧ ក្នុង​តំបន់​ផង​ដែរ។

ទន្ទឹមគ្នានេះ​កីឡា E-Sport កំពុងតែ​រៀបចំ​ការប្រកួត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន ៣ ដំណាក់ ដោយ​នឹង​ចាប់​ផ្តើម​ប្រកួត​តាំង​ពី​ខែ​ឧសភា និង​គ្រោង​បិទ​បញ្ចប់​នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ដែល​មាន​ក្រុម​យុវជន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៣០ ក្រុម ដើម្បី​ជ្រើស​រើស​យក​ម្ចាស់​ពាន​រង្វាន់​ថ្នាក់​ជាតិ ឈ្មោះ DEWGaming ឆ្នាំ 2018 ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​វេសថិច​មេឌា​លីមីត​ធីត មាន​ផលិតផល​ភេសជ្ជៈ Mountain Dew។

លោក​លន់ សាម​ឌី មន្ត្រី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា (E-Sport) បាន​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់ DEWGaming ឆ្នាំ ២០១៨ នេះ​រៀបចំ​ប្រកួត​ជា ៣ តំណាក់​កាល និង​បាន​ចាប់​ផ្តើម​ប្រកួត​វគ្គ​ជម្រុះ​តំណាក់​កាល​ទី ១ តាំង​ពី​ពី​ថ្ងៃ​ទី ៥ និង​ទី ៦ ខែ​ឧសភា ឆ្នាំ ២០១៨ មក​ម្ល៉េះ។ ដំណាក់​កាល​ទី ២ នឹង​រៀបចំ​ប្រកួត​នៅ​ថ្ងៃទី ១៦ និង ១៧ ខែ​កញ្ញា ឆ្នាំ ២០១៨ ហើយ​ដំណាក់​កាល​ទី ៣ ធ្វើ​ឡើង​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នា​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ខាងមុខ»។

លោក​លន់ សាម​ឌី បានបញ្ជាក់​ឲ្យ​ដឹងថា៖ «ការចូលរួម​នេះ​មាន​ក្រុម​នៅតែ​ក្នុង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ដែល​មាន​ចំនួន ៣០ ក្រុម​ចូល​ប្រកួត​ប្រជែង ក្នុង​មួយ​ក្រុម​មាន​ចំនួន ៥ នាក់ ហើយ​ក្រុម​ដែល​ទទួល​បាន​ជយលាភី នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ទៅ​ចូលរួម​ប្រកួត​លក្ខណៈ​អន្តរជាតិ​ជាមួយ​ក្រុម​មក​ពី ១០ ប្រទេស​ទៀត​មាន​ប្រទេស​មីយ៉ាន់ម៉ា សិង្ហបុរី​ឥណ្ឌូនេស៊ី វៀតណាម ឡាវ​ម៉ាឡេស៊ី អូស្ត្រាលី ហ្វីលីពីន ឥណ្ឌា និង​ថៃ»។

ក្នុងនោះដែរ ការប្រកួតប្រជែង​បន្តបន្ទាប់ នឹង​ឈានទៅ​ប្រកួត​យកពាន​រង្វាន់​ជើង​ឯក MPGLAsian Championship រដូវ​កាល​ទី ១ នៅ​ប្រទេស​ថៃ នា​ខែ​កក្កដា ឆ្នាំ ២០១៨ នេះ ជាមួយ​ក្រុម​មក​ពី​ប្រទេស​ចិន ១ ក្រុម​ទៀត។ ព្រឹត្តិការណ៍ DEW Gaming នេះ ដែល​ត្រូវ​បាន​រៀបចំ​ឡើង ដោយ​ក្រុមហ៊ុន​វេសថិច មេឌាលី​មីធីត ( Westec Media Limited ) សហការ​ជាមួយ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិក​កម្ពុជា ឧបត្ថម្ភ​ដោយ​ភេសជ្ជៈ Mountain Dew នោះ មាន​រង្វាន់​ជា​ទឹក​ប្រាក់ ១៣-០០០ ដុល្លារ​សហរដ្ឋ​អាមេរិក។

លោក ជា ចន្ទ​បរិបូរណ៍ អនុ-ប្រធាន​ទី ១ សហព័ន្ធ​កីឡា​អេឡិចត្រូ​និក បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ថា៖ «កីឡា​អេឡិច​ត្រូនិក កំពុង​រីក​ចម្រើន​ជា​លំដាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​មាន​សកម្មភាព​ជា​បន្ត​បន្ទាប់។ កីឡា E-Sports ខុស​ពី​កីឡា​ផ្សេងៗ​ទៀត​ក្នុង​ការ​អនុវត្ត និង​ហ្វឹកហាត់»។

លោក​បាន​បន្ថែមទៀតថា៖ «កីឡាផ្សេងៗត្រូវ​អញ្ជើញ​គេ​មក​ប្រកួត ឬ​ត្រូវ​ចេញ​ទៅ​ក្រៅ​ប្រទេស​ទើប​ប្រកួត​គ្នា​បាន ប៉ុន្តែ E-Sports ងាយ​ស្រួល​ណាស់ កីឡាករ​ក្នុង​ប្រទេស​នីមួយៗ​ប្រកួត​គ្នា​តាម​អនឡាញ ហើយ​មាន​បទពិសោធ​ប៉ះ​គ្នា​ច្រើន ដូច្នេះ​ក្រុម​មក​ពី​ប្រទេស​នីមួយៗ អាច​ដឹង​ពី​សមត្ថភាព​របស់​ក្រុម​ប្រទេស​ផ្សេង​ទៀ»។

លោក​បាន​អរគុណ​ដល់​គ្រប់​បណ្តាញសារព័ត៌មាន​ទាំងអស់​ដែល​បាន​ជួយ​ផ្សព្វផ្សាយ​អំពី​កីឡា E-Sports ដែល​ជា​ផ្នែក​ដ៏​សំខាន់​ផ្តល់​ព័ត៌មាន​ដល់​មហាជន​ឲ្យ​បាន​ដឹង​ថា​អ្វី​ទៅ​ជា E-Sports?