ភ្នំពេញ៖ ​ក្រុម​អត្តពលិក​កីឡា​អេឡិចត្រូនិក​កម្ពុជា (E-Sports) ​បាន​ធ្វើ​​ការ​តាំង​ចិត្ត​ខ្ពស់​ថា នឹង​ខំ​ប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ ដើម្បី​ប្រជែង​យក​ជយលាភី នៅ​ក្នុង​ការ​ប្រកួត​​​ជើងឯក​ពិភព​លោក Mobile Legends: Bang Bang World Championship ​ហៅ​កាត់​ថា M1​ ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ទីលាន Axiata Arena តំបន់​ Bukit Jalil ​ទីក្រុង​គូឡាឡាំពួរ ប្រទេស ​ម៉ាឡេស៊ី ពី​ថ្ងៃទី ​១១ ដល់​ទី ​១៧ ខែ​វិច្ឆិការ​ខាង​មុខ​នេះ ខណៈ​ព្រឹតិ្តការណ៍​ប្រកួត​នេះ មាន​ប្រាក់​រង្វាន់​សរុប​រហូត​ដល់ ​២៥០ ០០០ ​ដុល្លារ​អាមេរិក។

ជាមួយ​នឹង​ការ​តាំង​ចិត្ត​នេះ ក្រុម​អត្តពលិក E-Sports កម្ពុជា មាន​គ្នា ​៦ ​នាក់ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស ​ម៉ាឡេស៊ី កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​បន្ថែម មុន​ពេល​ពួក​គេ​ចូលរួម​ប្រកួត​ជម្រុះ​លើ​វិញ្ញាសា Mobile Legend: Bang Bang ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភព​លោក​ចាប់​ពី​​ថ្ងៃទី ​១១ ខែ​វិច្ឆិកា ខណៈ​ការ​ប្រកួត​វគ្គ​ពាក់​ណ្តាល​ផ្តាច់​ព្រ័ត្រ និង​ផ្តាច់​ព្រ័ត្រ នឹង​ត្រូវ​ធ្វើ​ឡើងពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃទី ​១៧​ ខែ​វិច្ឆិកា។

លោក លន់ សាមឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​និយាយ​ថា៖ ​«យើង​សង្ឃឹម​លើ​ក្រុម​កីឡាករ​របស់​យើង​ខ្លាំង ប៉ុន្តែ​យើង​មិន​ទាន់​ហ៊ាន​សន្យា​ថា នឹង​ទទួល​បាន​ជយលាភី ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ Mobile Legend នេះជា​វិញ្ញាសា​ថ្មី។ ទោះ​យ៉ាង​ណា សហព័ន្ធ​បាន​ខិតខំ​ប្រឹងប្រែង​​អស់​ពី​សមត្ថភាព​ ដោយ​យើង​បាន​នាំ​យក​គ្រូ​បង្វឹក​ជន​ជាតិ សិង្ហបុរី មក​ជួយ​ប្រាប់​យុទ្ធសាស្រ្ត​ថ្មីៗ​ ដល់​ក្រុម​កីឡាករ​យើង បាន​រយៈពេល​ជិត ១ ខែ​មក​ហើយ»។

ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​​នេះ ​ត្រូវ​បាន​បង្កើត​ឡើង ដោយ​​ក្រុមហ៊ុន​កម្សាន្ត​​​ MOONTON និង​ដៃគូ​ឧបត្ថម្ភ​សំខាន់​ U Mobile។ ​លោក Justin Yuan ​នាយក​ប្រតិបត្តិ និង​ជា​​សហស្ថាបនិក​ក្រុមហ៊ុន​ MOONTON បាន​គូស​បញ្ជាក់​ថា៖ ​« U Mobile បាន​ក្លាយ​ជា​​ដៃគូ​​ឧបត្ថម្ភ​ផ្លូវ​ការ​ដ៏​សំខាន់​របស់ MOONTON ​សម្រាប់​ការ​ប្រកួត​ជើងឯក​ពិភព​លោក​​នេះ ហើយ​ភាព​ជា​ដៃគូ​​នេះ វា​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​ការ​ប្តេជ្ញា​ចិត្ត ​​ក្នុង​ការ​​លើក​កម្ពស់​វិស័យ​កីឡា​អេឡិចត្រូនិក​ទាំង​នៅ​ក្នុង​ប្រទេស ​ម៉ាឡេស៊ី និង​ពិភព​លោក»។

ក្រុម​ខ្លាំង​មក​ពី​ប្រទេស ​ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និង​មីយ៉ាន់ម៉ា ព្រម​ទាំង​ក្រុម​ជាប់​វគ្គ​ជម្រុះ​មក​ពី​ប្រទេស ​កម្ពុជា ថៃ ឡាវ វៀតណាម ជប៉ុន តួកគី រុស្ស៊ី សហរដ្ឋ​អាមេរិក និង​ប្រេស៊ីល នឹង​ចូល​រួម​ព្រឹត្តិការណ៍​ជើងឯក​ពិភព​លោក​ដ៏​ធំ ដែល​​មិន​ធ្លាប់​មាន​មួយ​នេះ ហើយ​អ្នក​រៀបចំ​បាន​រំពឹង​ទុក​ថា ប្រទេស​ទាំង​នេះ​នឹង​ទទួល​បាន​បទពិសោធ​ដ៏​អស្ចារ្យ ពិសេស​បណ្តា​ប្រទេស​នៅ​​អាស៊ាន ព្រោះ Mobile Legend: Bang Bang ជា​វិញ្ញាសាដ៏​ពេញ​និយម ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុង​ស៊ីហ្គេម​នៅ​ហ្វីលីពីន​ចុង​ឆ្នាំ ​២០១៩ ​នេះ។

លោក លន់ សាមឌី ដែល​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ការ​ប្រកួត​ផង​នោះ បាន​បន្ថែម​ថា៖ ​«ការ​ប្រកួត​នេះ ពិត​ជា​មាន​​សារៈប្រយោជន៍​ខ្លាំង គឺ​​វា​ជា​ការ​ប្រកួត​តេស្ត​ដ៏​សំខាន់ ព្រោះ​នៅ​ក្នុង​ការ​ប្រកួត​នេះ យើង​ត្រូវ​ជួប​ប្រទេស​ជា​ច្រើន ពិសេស​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​យើង​នឹង​ត្រូវ​ប្រកួត​គ្នា​នៅ​ស៊ីហ្គេម​ខាង​មុខ​នេះ»។

លោក​​បញ្ជាក់​ថា៖ ​«បើសិន​ជា​យើង​ធ្វើ​បាន​ល្អ ក្នុង​ការ​ប្រកួត​ជើងឯក​ពិភព​លោក​នេះ យើង​នឹង​មាន​សង្ឃឹម​ដណ្តើម​បាន​មេដាយ នៅ​ស៊ីហ្គេម ប៉ុន្តែ​បើ​យើង​ធ្វើ​មិន​សូវ​បាន​ល្អ ក៏​យើង​ទទួល​បាន​បទពិសោធ​បន្ថែម​ ពី​ការ​ប្រកួត​នេះ​ដែរ ពិសេស​បាន​ដឹង​ពី​ចំណុច​ខ្វះខាត ដែល​យើង​ត្រូវ​បំពេញ​បន្ថែម ព្រោះ​កីឡាករ​របស់​យើង ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​ថា នឹង​ខំ​ប្រឹង​ធ្វើ​ឲ្យ​បាន​ល្អ ​ទាំង​ការ​ប្រកួត​ជើងឯក​ពិភព​លោក​នេះ និង​ការ​ប្រកួត ស៊ីហ្គេម​នៅ​ហ្វីលីពីន»៕