ក្រុងឡុងដ៍: ខ្សែ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (E-Sports) បាន​ប្រការ​ប្រកាស​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ខ្លួន​បាន​និង​កំពុង​ត្រៀម​រៀបចំ​ការប្រកួត​ជម្រុះ​ថ្នាក់ជាតិ ដើម្បី​ស្វែងរក​ក្រុម​មាន​ចំណាត់ថ្នាក់​ល្អ ចំនួន​ ១ ​ក្រុម​មាន​គ្នា​ ៥ ​នាក់​ទៅ​ចូលរួម​ការប្រកួត​នៅក្នុង​ព្រឹត្តិការណ៍ Mobile Legends: Bang Bang Southeast Asia Cup 2019 (MSC) នៅ​ហ្វីលីពីន​។

លោក លន់ សាមឌី មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​ថ្លែងថា ការប្រកួត​នៃ​កីឡា​បែប​ទំនើប និង​ប្រើ​គំនិត​បញ្ញា​ស្មារតី​មួយ​នេះ​គឺ​ធ្វើ​តាម​អនឡាញ ហើយ​កម្មវិធី Mobile Legends: Bang Bang គឺជា​វិញ្ញាសា​ប្រកួត​មួយ​ដែល​គេ​លេង​នៅលើ​ទូរស័ព្ទដៃ ៥ ​នាក់​ទល់​ ៥ ​នាក់​ហើយ​មាន​សកម្មភាព​នៅ​ប្រទេស​មួយ​ចំនួន​តាំងពី​ឆ្នាំ​ ២០១៦ និង​ទទួល​បាន​ការគាំទ្រ​យ៉ាងខ្លាំង​ទូទាំង​ពិភពលោក ជាពិសេស​នោះ​គឺ​តំបន់​អាស៊ីអាគ្នេយ៍​។

លោក​បាន​បន្ត​ថា​៖ «​បច្ចុប្បន្ន​បច្ចេកវិជ្ជា​នេះ​បាន​ចូល​មក​ដល់​កម្ពុជា​គឺ​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ដែល​មាន​អ្នកលេង​ច្រើន ហើយ​មាន​ក្រុម​ខ្លាំងៗ​មាន​លំដាប់​ជួរមុខ បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ក្នុង​តំបន់​អាស៊ាន ហើយ​យើង​បាន​អនុញ្ញាត​ឲ្យ​វិស័យ​ឯកជន​គឺ​ក្រុមហ៊ុន GENTEC WORK Co., Ltd ជា​អ្នក​រៀបចំ​ការប្រកួត​នេះ​ឡើង ដើម្បី​អភិវឌ្ឍ Mobile Legends នេះ​ព្រោះ​វា​ជា​វិញ្ញាសា​ដែល​ត្រូវបាន​គណៈកម្មការ​រៀបចំ​ការប្រកួត​ត្រៀម SEA Games 2019 នៅ​ហ្វីលីពីន​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​រួច​ហើយ​»​។

អគ្គលេខាធិការ​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​ក្រុម​ដែល​ទទួល​បាន​លេខ​ ១ នៅក្នុង​ការប្រកួត​នេះ​ដែល​មាន​គ្នា​ ៥ ​នាក់​នឹង​មាន​ឱកាស​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ក្នុង​ឆ្នាំ​ ២០១៩ ​នេះ នៅឯ​ប្រទេស​ហ្វីលីពីន​តំណាង​ឲ្យ​កម្ពុជា​»​។

ក្រុមហ៊ុន Montoon ដែល​ជា​អ្នក​ផលិត និង​អភិវឌ្ឍ​ព្រឹត្តិការណ៍ MobileLegends: Bang Bang បាន​បង្កើត​ឲ្យ​មាន​ការប្រកួត​ប្រចាំ​តំបន់​ដ៏ធំ​នេះ មាន​ឈ្មោះ​ថា MLBB South East Asia Cup ហៅ​កាត់​ថា MSC ហើយ​មាន​ប្រាក់រង្វាន់​សរុប​រហូត​ដល់​ ៦០០០ ​ដុល្លារ​ដែល​ក្រុមហ៊ុន​ជា​អ្នករ៉ាប់រង​ទាំងអស់​។

សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​បាន​បញ្ជាក់​ថា ការប្រកួត​នេះ​បាន​ចាប់​បើក​ទទួល​ការ​ឲ្យ​ចុះ​ឈ្មោះ​សម្រាប់​ក្រុម​ចូលរួម​តាំងពី​ថ្ងៃទី​ ១០ រហូត​ដល់​ថ្ងៃទី​ ២៤ ខែ​មេសា​ដោយ​គ្រោង​ទទួល​យក​ក្រុម​ចូលរួម​រហូត​ដល់​ ១២៨ ​ក្រុម ហើយ​នៅ​ក្នុង​នោះ​ការប្រកួត​ជម្រុះ​លក្ខណៈ Online នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃទី​ ១ ខែ​ឧសភា រហូត​ដល់​ថ្ងៃទី​ ១៨ ខែ​ឧសភា ឆ្នាំ​ ២០១៩​។

ចំណែក​ក្រុម​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ ១ ​ពី​ការប្រកួត​នេះ​នឹង​ទទួល​បាន​ប្រាក់រង្វាន់​ចំនួន​ ៦ ​ពាន់​ដុល្លារ ហើយ​បាន​ទៅ​ប្រកួត​ជាមួយ​នឹង​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​ផ្សេង​ទៀត​នៅ​ហ្វីលីពីន ខណៈ​ក្រុមហ៊ុន Montoon ជា​អ្នករ៉ាប់រង​បន្ទុក​ចំណាយ​ការធ្វើ​ដំណើរ​ការ​ស្នាក់នៅ និង​ម្ហូបអាហារ​ទាំង​ស្រុង​៕