The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - E-Sports ប្រកួត​រក​ក្រុម​ខ្លាំង ចូល​លេង​ពាន​អន្តរជាតិ

E-Sports ប្រកួត​រក​ក្រុម​ខ្លាំង ចូល​លេង​ពាន​អន្តរជាតិ

Content image - Phnom Penh Post
សកម្មភាព​ប្រកួត​កីឡា​អេឡិចត្រូនិក​ដែល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក បាន​រៀបចំ​កន្លង​មក​។ រូប ឈន ណន

E-Sports ប្រកួត​រក​ក្រុម​ខ្លាំង ចូល​លេង​ពាន​អន្តរជាតិ

ភ្នំពេញ: សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (E-Sports) នឹង​រៀបចំ​ការប្រកួត​កីឡា​អេឡិចត្រូនិក​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​សម្រាប់​វិញ្ញាសា AK2 នៅ​ថ្ងៃ​សៅរ៍ ដើម្បី​រក​ក្រុម​ម្ចាស់​ជើងឯក​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ការប្រកួត​បន្ត​ពាន​អន្តរជាតិ Mission Against Terror International Championship (MATIC) ប្រចាំ​ ២០១៩ ដែល​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែនសុខ​។

សម្រាប់​ការប្រកួត​ជើងឯក​ទូទាំង​ប្រទេស​ដែល​ត្រូវ​ធ្វើ​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែនសុខ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ វា​បាន​ក្លាយ​ជា​ការប្រកួតប្រជែង​រវាង​ក្រុម​ខ្លាំង​ទាំង​ ១២ ដែល​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​រយៈពេល​ ៣ ​ខែ​មក​នេះ​ក្នុង​នោះ​មាន​ក្រុម Aggressive Fight, King Attack, Team Klac Ey, Five Shooter, Michael, OtJesKlach, Never Care, Enemy ShhooterZ, You Will Know, Five Military, Revenge of Emperor និង​ក្រុម Successful​។

ក្រុម​ខ្លាំង​ទាំង​ ១២ ​នេះ​នឹង​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​គ្នា ដើម្បី​ក្លាយ​ជា​ក្រុម​ម្ចាស់​ជើងឯក​ជាតិ​ទូទាំង​ប្រទេស​អម​ជាមួយ​ការទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​ ២ ​ពាន់​ដុល្លារ ខណៈ​ក្រុម​ជើងឯករង​នឹង​ទទួល​បាន ១០០០ ​ដុល្លារ​។ បន្ថែម​លើ​នេះ​ក្រុម​លេខ​ ១ នឹង​ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ដើម្បី​ចូលរួម​ការប្រកួត​ពាន​រង្វាន់​អន្តរជាតិ Mission Against Terror International Championship ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​អាទិត្យ​។

តាម​គណៈកម្មការ​រៀបចំ​ការប្រកួត​របស់​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​ការប្រកួត​ពាន MATIC 2019 នេះ​មាន​ក្រុម​តំណាង​ឲ្យ​ប្រទេស​ចំនួន​ ៤ ​បាន​ចូលរួម​គឺ​ម្ចាស់ផ្ទះ​កម្ពុជា ក្រុម SAFETYFIRST របស់​ថៃ​ក្រុម Suicide មកពី​ម៉ាឡេស៊ី និង​ក្រុម Ali Huaye មកពី​ចិន​។ ចំណែក​រូបមន្ត​ប្រកួត​គឺ​ក្រុម​តំណាង​ឲ្យ​ប្រទេស​ទាំង​ ៤ ត្រូវ​ធ្វើ​ការប្រកួត​វិលជុំ​។

ចំណែក​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ចំនួន​ ២ ​ក្រុម​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ក្រុម​ម្ចាស់​ជើងឯក​ពាន​អន្តរជាតិ MATIC នេះ​នឹង​ទទួល​បាន​ពាន និង​ប្រាក់រង្វាន់​ ៦ ​ពាន់​ដុល្លារ ឯ​ក្រុម​ជើងឯករង​ទទួល​បាន​មេដាយ និង​ប្រាក់រង្វាន់​ ៣ ​ពាន់​ដុល្លារ​អាមេរិក ខណៈ​ការប្រកួត​កាលពី​ឆ្នាំ​ ២០១៨ ក្រុម Syne Gaming របស់​ម៉ាឡេស៊ី​បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក បន្ទាប់ពី​ពួកគេ​បាន​យក​ឈ្នះ​ក្រុម Never Care របស់​កម្ពុជា​នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។

គួរ​បញ្ជាក់​ថា​កម្ពុជា​ធ្លាប់​បាន​ធ្វើជា​ម្ចាស់​ផ្ទះ​ការប្រកួត​ពាន​អន្តរជាតិ MATIC នេះ​ម្តង​ហើយ​កាលពី​ឆ្នាំ​ ២០១៤ គឺ​មុន​ពេល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ត្រូវ​បាន​បង្កើតឡើង​។

ចំណែក​ការធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លើក​ទី​ ២ ​នេះ​សហព័ន្ធ​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ពាន​ធំ​ជា​ក្រុម​ជា​លក្ខណៈ​ឯកត្តជន បន្ថែម​លើ​ពានរង្វាន់​ MATIC នៅ​ថ្ងៃ​អាទិត្យ​នោះ​ដែរ​ហើយ​ក្រុម​លេខ​ ១ នឹង​ទទួល​បាន​រង្វាន់​ ៥០០ ​ដុល្លារ​លេខ​ ២ ​បាន​ ៣០០ ​ដុល្លារ និង​លេខ​ ៣ បាន​ ២០០ ​ដុល្លារ​៕

អត្ថបទគួរចាប់អារម្មណ៍