ក្រុងឡុងដ៍៖ ខ្សែបម្រើ Mohamed Elneny របស់ក្រុមកាំភ្លើងធំ Arsenal ធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ ១៩។ នេះបើតាមការឱ្យដឹងពីភ្នាក់ងារផ្ទាល់ខ្លួនរបស់កីឡាករសញ្ជាតិអេហ្ស៊ីប កាលពីថ្ងៃចន្ទ ខណៈតួលេខដែលចេញផ្សាយដោយក្របខ័ណ្ឌ Premier League បានបង្ហាញថា មានការកើនឡើងយ៉ាងឆាប់រហ័ស ចំពេលសម្រាកប្រកួតលក្ខណៈអន្តរជាតិ។
ក្លិបនៅ Premier League សុទ្ធតែមិនចង់ឃើញនោះទេនូវដំណឹងនេះ ដោយសារកំពុងប្រឈមជាមួយនឹងកីឡាករសំខាន់ៗរបួសផង ដូច្នេះ អារម្មណ៍របស់គ្រូបង្វឹកដូចជាលោក Mikel Arteta របស់ Arsenal ព្រមទាំងអ្នកចាត់ការជាច្រើនទៀត ទំនងជាមិនសូវស្រួលក្នុងចិត្តឡើយ។
តួលេខតេស្តចុងក្រោយ ពីចន្លោះថ្ងៃទី ៩-១៥ ខែវិចិ្ឆកា បានបង្ហាញថា អ្នកវិជ្ជមាននៃវីរុសកូរ៉ូណាមាន ១៦ ករណី ក្នុងចំណោមការធ្វើតេស្តចំពោះកីឡាករ និងបុគ្គលិកពាក់ព័ន្ធចំនួន ១ ២០៧ នាក់។
លទ្ធផលនេះ ធៀបជាមួយករណីវិជ្ជមានចំនួន ៤ ពីការធ្វើតេស្តទាំង ១ ៦៤៦ នាក់ ក្នុងសប្ដាហ៍ទី ២-៨ នៃខែវិច្ឆិកា និងលទ្ធផលប្រចាំសប្ដាហ៍នៅមុនហ្នឹង ឃើញថា កើនឡើងជាងមុន ១០ ករណី។
តែទោះជាកីឡាករ ដែលអត់បានបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិ នាពេលនោះ និងមិនមានបញ្ចូលក្នុងបញ្ជីតួលេខរបស់ Premier League ក៏ដោយ ក៏ឥឡូវនេះអាចនឹងមានក្ដីកង្វល់នៃផលប៉ះពាល់ពីកីឡាករ ដែលត្រឡប់មកវិញ ដោយការធ្វើដំណើរផ្លូវឆ្ងាយ។
អ្នកដែលតេស្តវិជ្ជមាននឹងត្រូវនៅដាច់ដោយឡែក ១០ ថ្ងៃ ហើយជាគោលនយោបាយរបស់ខ្លួន Premier League មិនបានបង្ហាញឈ្មោះក្លិប ឬបុគ្គល ដែលពាក់ព័ន្ធឡើយ តែលោក Alan Nazmy ដែលជាភ្នាក់ងាររបស់កីឡាករ Elneny បានសរសេរតាមបណ្ដាញសង្គម Twitter ថា៖ «Elneny ដែលឆ្លងជំងឺកូវីដ ១៩ សូមឱ្យជាសះស្បើយឆាប់ៗ»។
សហព័ន្ធបាល់ទាត់អេហ្ស៊ីប (EFA) អះអាងតាមរយៈបណ្ដាញសង្គម Facebook ថា៖ «កីឡាករ Elneny កំពុងនៅដាច់ពីអ្នកដទៃស្របតាមនីតិវិធីសុខាភិបាល។ លទ្ធផលរបស់គេដឹង ៣ ថ្ងៃ ក្រោយលទ្ធផលតេស្តរបស់ Mohamed Salah ដែលវិជ្ជមានដែរ នៅថ្ងៃបំពេញភារកិច្ចឱ្យក្រុមជម្រើសជាតិ»។
EFA បន្តថា៖ «លទ្ធផលតេស្តដែលធ្វើឡើងចំពោះក្រុមជម្រើសជាតិនៅថ្ងៃមកដល់របស់ក្រុមតូហ្គោ បង្ហាញថា អវិជ្ជមានទាំងអស់ លើកលែងតែកីឡាករ Mohamed Elneny របស់ Arsenal ដែលមានលទ្ធផលវិជ្ជមាន ទាំងដែលគ្មានរោគសញ្ញាអ្វី»។
អេហ្ស៊ីប ទោះអត់ Salah ក៏នៅអាចឈ្នះតូហ្គោ ១-០ ក្នុងប្រកួតវគ្គជម្រុះ Africa Cup of Nations 2021 កាលពីថ្ងៃសៅរ៍ នៅក្រុងគែរ បានដែរ។
អវត្តមានរបស់ Salah នឹងជាដំណឹងអាក្រក់សម្រាប់ Liverpool ដែលបាត់បង់កីឡាករសំខាន់ៗស្រាប់ហើយ ដូចជា Joe Gomez ដែលរបួសជង្គង់ធ្ងន់ធ្ងរ ពេលលេងឱ្យអង់គ្លេស និង Virgil van Dijk ដែលអាចនឹងខកខានលេងដល់បញ្ចប់រដូវកាល៕ AFP/VN