ក្រុង​មីឡេន​: ការបាន​​ផ្លាស់​ ដែល​ជា​សុបិន​របស់​ Christian Eriksen មក​កាន់​ក្រុម​ Inter Milan ទំនង​ជា​បញ្ចប់​ត្រឹម​នេះ​ ដោយ​សារ​អតីត​កីឡាករ​ដ៏​សំខាន់​នៃក្រុម Tottenham Hotspur (Spurs) រូប​នេះ បាន​ស្នើ​សុំ​ចាក​ចេញ​ពី​ក្លិប​យក្ស​អ៊ីតាលី​ ក្រោយ​ចូល​រួម​បាន​ត្រឹម​តែ ១០ ​ខែ​។

ខ្សែ​បម្រើ​អន្តរ​ជាតិ​ដាណឺម៉ាក Eriksen កាល​ពី​ខែ​មករា បាន​ធ្វើ​ដំណើរ​មក​ក្លិប​ថ្មី​ជាមួយ​នឹង​កិច្ច​សន្យា ៤​ ឆ្នាំ​កន្លះ ក្នុង​តម្លៃ ២០ ​លាន​អឺរ៉ូ ($​២៣ ​លាន) បូក​បន្ថែម​នឹង​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ៧,៥ លាន​អឺរ៉ូ (ជិត $៩​ លាន​) ទៀត។

ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​មួយ ដែលមាន​ការ​កើត​ឡើង​នូវ​ការ​រាត​ត្បាត​ពី​វីរុស​កូរ៉ូណា កីឡាករវ័យ ២៨ ​ឆ្នាំ មិន​អាច​បង្ហាញ​នូវ​ទម្រង់​លេង​ដូច​កាល​នៅ​ជាមួយ​ក្រុម​​ Spurs ដែល​​នៅ​ទី​នោះ គេ​រក​គ្រាប់​បាល់​បាន ៦៩ ​គ្រាប់ និង​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​បាន ៨៩​ លើក ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន ៣០៥ ​ប្រកួត​។

«​វា​មិន​មែន​ជា​អ្វី ដែល​ខ្ញុំ​ធ្លាប់​បាន​សុបិន​នោះ​ទេ​»​។ នេះ​ជា​សម្ដី​អះ​អាង​របស់ Erikson ដែល​មិន​ទទួល​បាន​ជោគ​ជ័យ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក​លោក Antonio Conte។

កីឡាករ Erikson បាន​បន្ត​ថា​៖ «​មនុស្ស​ជាច្រើន​ចង់​ឃើញ​ខ្ញុំ​លេង ហើយ​ខ្ញុំ​ក៏​ចង់​ដូច​គ្នា​ដែរ តែ​គ្រូបង្វឹកគាត់​មាន​គំនិត​ផ្សេង​ពី​យើង ហើយ​ខ្ញុំ​ត្រូវ​គោរព​ការ​សម្រេច​របស់​គាត់​»​។

កីឡាករ​ Eriksen ដែល​នៅ​លេង​បានល្អ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ដាណឺម៉ាក បង្ហាញ​ខ្លួន​បាន ៧​ ប្រកួត​ជាមួយ​ក្រុម Inter រដូវកាល​នេះ ក្នុង​នោះ ៤ ដង ក្នុងនាម​ជា​កីឡាករ ១១​ នាក់​ដំបូង តែ​រក​គ្រាប់​បាល់​មិនបាន និង​ព្រម​ទាំង​មិន​បាន​រួម​ចំណែក​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុមសម្រេច​ទី​ឡើយ សូម្បី ១ ​ដង ហើយ​ជា​សរុប ទើប​ទម្លុះ​សំណាញ់​ទី​បាន ៤ គ្រាប់​ ក្នុង​ចំណោម​ការ​ចូល​លេង​ទាំង​ ៣៣​ ដង​របស់​ខ្លួន​។​​​

នាយក​ប្រតិបត្តិ​របស់​ក្លិប​ Inter លោក Giuseppe Marotta កាល​ពី​ថ្ងៃ​អាទិត្យ បាន​អះ​អាង​ពី​ការ​ចាក​ចេញ​របស់​ Eriksen ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ថា៖ «​យើង​មិន​ត្រូវ​រារាំង​កីឡាករ​ណា​ម្នាក់ ដែល​សុំ​ចាក​ចេញ​នោះ​ឡើយ​»។​

តែ​លោក Conte បាន​និយាយ​ដោយ​ទទូច​ថា​៖ «Eriksen​ មាន​ឱកាស​ និង​លេងបាន​ច្រើន​ជាង​អ្នក​ដទៃ​។ ជម្រើស​របស់​ខ្ញុំ​ តែ​ង​តែ​យក​ប្រយោជន៍​របស់​ក្រុម​ជានិច្ច​។ នៅ​ពេល​ខ្ញុំ​ពិចារណាថា សមរម្យ គេ​នឹង​បាន​លេង ក្នុង​ចំណោម ១១​នាក់​ដំបូង ឬ​អំឡុង​ការ​ប្រកួត​នោះ​ៗ​»​។

បញ្ហា​មួយ ក្នុងចំណោម​បញ្ហា​ផ្សេង​ៗ ដែល​ Eriksen ត្រូវ​ប្រឈម​នោះ គឺ​ថាក្រុម Inter មាន​ជម្រើស​ជា​ច្រើនក្នុង​តំណែង​ខ្សែបម្រើ​ការ​ពារ និង​បម្រើ​ប្រយុទ្ធ រួម​មាន Arturo Vidal ដែល​មក​ពី​ក្រុម Barcelona បន្ថែម​ពី​លើ​កីឡាករ​ដែល​មាន​ក្នុង​ក្រុម​ស្រាប់​ដូច​ជា Radja Nainggolan, Marcelo Brozovic និង Ivan Perisic ជា​ដើម។​​

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ក៏​មាន​លេច​ឮ​នូវ​ព័ត៌មាន​ថា Eriksen កំពុង​ភ្ជាប់​ទំនាក់​ទំនង​ក្នុង​ការ​ផ្លាស់​ទៅ​ក្លិប​នៅ​បារាំង​ Paris Saint-Germain បើ​មិន​អ៊ីចឹង​ទេ អាច​ត្រឡប់​ទៅ​ក្រប​ខ័ណ្ឌ Premier League របស់​អង់​គ្លេស​វិញ ដោយ​ចូល​ជាមួយ​ក្លិប Arsenal ឬ​ក៏ Manchester United៕ AFP/VN