ក្រុង​មីឡាន៖ កីឡាករ​ Christian Eriksen បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​មីឡាន​ ​ប្រទេស ​អ៊ីតាលី​ រួច​ហើយ​នៅ​មុន​ពេល​ការ​រំពឹង​ទុក​ដែល​រូប​គេ​នឹង​ត្រូវ​​​ចាកចេញ​ពី​ក្លិប Tottenham ទៅ​ចូលរួម​ក្នុង​​ក្លិប Inter ទៅ​ទៀត​។​​​

កីឡាករ​សញ្ជាតិ​ដាណឺម៉ាក​រូប​នេះ​បាន​ទៅ​ដល់​ទីក្រុង​នេះ​កាល​ពី​ថ្ងៃ​ចន្ទ​ ហើយ​គ្រោង​នឹង​ឆ្លង​កាត់​ការ​ពិនិត្យ​មើល​សុខភាព​​នៅ​​ក្លិប Inter។​

ក្លិប Inter ត្រូវ​គេ​រំពឹង​ថា​ បាន​ចំណាយ​ប្រាក់​ចំនួន ​២០ ​លាន​អឺរ៉ូ​ប្រហែល​​ជាង ​២២ ​លាន​ដុល្លារ​អាមេរិក ​​សម្រាប់​កីឡាករ​រូប​នេះ​ដែល​​នៅ​ជាប់​កុងត្រា​​ជាមួយ​ក្លិប Spurs រហូត​ដល់​ចុង​រដូវកាល​ឆ្នាំ ​២០១៩-២០។​

កីឡាករ​ Eriksen ក៏​ត្រូវ​បាន​គេ​រាយការណ៍​ដែរ​ថា បាន​ចុះ​កុងត្រា​ជាមួយ​ក្លិប Inter នេះ​រហូត​ដល់​ខែ​មិថុនា ​ឆ្នាំ ​២០២៤ ​ដែល​អាច​មាន​តម្លៃ​ខ្លួន​ចំនួន​ ៣៨ ​ម៉ឺន​អឺរ៉ូ​ ក្នុង ​១ ​សប្ដាហ៍ ​​រួម​ទាំង​ប្រាក់​បន្ថែម​​ផ្សេងៗ​ទៀត​​ផង​ដែរ​។​​

អនាគត​របស់​កីឡាករ​រូប​នេះ ​គឺ​ជា​រឿង​ស្មុគស្មាញ​មួយ​​នៅ​ក្នុង​រដូវកាល​ដោះដូរ​កីឡាករ​​នេះ​ដោយ​ដំបូង​ឡើយ​ក្លិប Inter មិន​អាច​សម្រេច​កុងត្រា​ ជាមួយ​ក្លិប Spurs នោះ​ទេ​ ​ទោះ​ជា​មាន​ហានិភ័យ​នៃ​ការ​ចាកចេញ​របស់​កីឡាករ​ Eriksen ដោយ​គ្មាន​តម្លៃ​ខ្លួន​នៅ​ចុង​រដូវកាល​នេះ​ក្ដី​។​

គ្រូ​បង្វឹក​ក្រុម Spurs លោក Jose Mourinho បាន​និយាយ​ក្រោយ​ពី​ការ​ប្រកួត​ស្មើ​គ្នា​ ១-១ ជាមួយ​ក្រុម Southampton នៅ​ក្នុង​ក្របខ័ណ្ឌ FA Cup កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​ពន្យារពេល​នៃ​កិច្ច​ចរចា​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​យ៉ាង​ខ្លាំង​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «​វា​មិនមែន​ជា​កំហុស​របស់​ក្លិប Tottenham នោះ​ទេ​ដែល​ថា នៅ​ថ្ងៃទី ​២៥ ខែ​មករា​ យើង​នឹង​ស្ថិត​ក្នុង​ស្ថានភាព​​បែប​នេះ​»។​

គ្រូ​បង្វឹក​ដដែល​នេះ​បាន​បន្ថែម​ថា​៖ ​«​មាន​រឿង​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​និយាយ​បាន​នោះ​គឺ​​ Eriksen។ តាំង​ពី​ខ្ញុំ​បាន​មក​ដល់​ទី​នេះ ​ព្រោះ​គាត់​មាន​លក្ខណៈ​ពោរពេញ​ដោយ​អាជីព​បំផុត​ជាមួយ​ខ្ញុំ​ និង​ក្រុម​ទាំង​មូល​»។​

លោក​ Mourinho បាន​បន្ថែម​ថា៖ «​ក្រុម Tottenham គឺ​ជា​ក្រុម​ចុង​ក្រោយ​ដែល​ស្ដី​បន្ទោស​ចំពោះ​ស្ថានភាព​នេះ​ ប៉ុន្តែ​​កាល​បរិច្ឆេទ​ថ្ងៃ​ទី ​២៥​ ខែ​មករា នៅ​ក្នុង​ស្ថានភាព​បែប​នេះ ​គឺ​គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ​»។​

ក្រុម Spurs ក៏​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ដែរ​ថា កីឡាករ​ Brandon Austin នឹង​ត្រូវ​ចូលរួម​ក្នុង​ក្លិប Viborg ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​ចុង​រដូវកាល​នេះ​។

អ្នក​ចាំទី​អាយុ ​២១ ​ឆ្នាំ​រូប​នេះ ​ដែល​បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លិប Spurs កាល​ពី​ខែ​ធ្នូ​ដែល​នឹង​មាន​រយៈពេល​រហូត​ដល់​ឆ្នាំ ​២០២២ ​​នោះ ​នឹង​ត្រូវ​ទៅ​ចូលរួម​ក្នុង​ក្លិប​នៅ​ប្រទេស ដាណឺម៉ាក ​ឆាប់ៗ​នេះ​៕ AFP/SN