ក្រុងឡុងដ៍៖ ក្រុម Everton ស្គាល់ពាក្យថា «ឈ្នះ» ជាលើកដំបូងហើយ នៅផ្ទះរបស់ក្រុមហង្សក្រហម Liverpool គិតតាំងពីឆ្នាំ ១៩៩៩ ខណៈក្រុមម្ចាស់ជើងឯកចាស់នៃក្របខ័ណ្ឌ Premier League អង់គ្លេសកំពុងដាំក្បាលចុះទៅក្នុងបញ្ហាកាន់តែជ្រៅឡើងៗ បន្ទាប់រងបរាជ័យក្នុងលទ្ធផល ២-០ អំឡុងការប្រកួតនៃជំនួបរវាងក្រុមនៅក្រុងតែមួយកាលពីថ្ងៃសៅរ៍។
គ្រាប់បាល់់ដ៏លឿនរបស់ Richarlison នៅវគ្គទី១ និងគ្រាប់បាល់របស់ Sigurdsson ដែលបានមកពីការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ នៅចុងម៉ោងនៃវគ្គទី២ បានធ្វើឱ្យក្រុមដែលមានរហស្សនាមថា «The Toffees» (ស្ករគ្រាប់ ឬស្ករតាំងម៉ែ) ដណ្ដើមបានជោគជ័យលើកទី១ នៅទីលានណា ១ លើក្រុម Liverpool ពីការព្យាយាម ២៤ លើក ដែលមានតាំងពីឆ្នាំ ២០១០ មក។
បន្ទាប់ពីលេងអត់ចាញ់រហូតដល់ទៅ ៦៨ ប្រកួតក្នុងលីគ នៅកីឡដ្ឋាន Anfield ក្រុម Liverpool ដែលត្រូវបានញាំញីដោយសារកីឡាករមានរបួស ពេលនេះ ៤ ប្រកួតហើយ ដែលបញ្ចប់ទៅជាមួយនឹង ០ ពិន្ទុ នៅទឹកដីខ្លួនឯង ដោយវាជាលើកដំបូង គិតតាំងពីឆ្នាំ ១៩២៣ មក។
អ្នកចាត់ការរបស់ក្រុមភ្ញៀវ Everton លោក Carlo Ancelotti បានថ្លែងដោយរីករាយក្រោយការប្រកួតបានបញ្ចប់ទៅថា៖ «ខ្ញុំមានការរីករាយទាំងចំពោះក្លិប និងអ្នកគាំទ្រ។ ខ្ញុំមានជំនឿយ៉ាងពិតប្រាកដថា ពួកគេនឹងនាំគ្នាធ្វើការអបអរនៅយប់នេះ»។
ក្រុមហង្សក្រហម ឈ្នះតែ ២ ដងគត់ ពីការប្រកួត ១១ ហ្គេម ក្នុងលីគរបស់ខ្លួន ដែលលទ្ធផលនេះ កំពុងធ្វើឱ្យពួកគេប្រឈមជាមួយនឹងហានិភ័យខ្ពស់ក្នុងការបាត់មុខពីការប្រកួតប្រជែងនៅក្របខ័ណ្ឌ Champions League របស់អឺរ៉ុប ជាលើកដំបូង គិតតាំងពីរដូវកាលទី១ របស់លោក Jurgen Klopp ដែលចូលមកដឹកនាំក្រុម ៥ ឆ្នាំកន្លងទៅ។
គ្រូបង្វឹករបស់ក្រុមម្ចាស់ផ្ទះ លោក Klopp បាននិយាយក្រោយក្រុមរងបរាជ័យយ៉ាងដូច្នេះថា៖ «គ្រាប់ទី១ ដែលត្រូវតែការពារឱ្យបានល្អជាងនេះ បានផ្លាស់គោលដៅនៃការប្រកួត។ វាជារឿងមិនគួរកើតឡើងសោះ។ យើងត្រូវតែតាមហ្គេមនេះឱ្យជាប់ តែធ្វើអត់បាន ហើយជាមួយគ្នា យើងគ្មានការអត់ធ្មត់គ្រប់គ្រាន់»។
ភាពឈឺចាប់នៃការបរាជ័យក្នុងជំនួបលើកទី២៣៨ រវាងក្រុមនៅក្រុងតែមួយ (Merseyside Derby)នេះ នឹងត្រូវបានចងចាំជាយូរអង្វែងទៅមុខទៀត ដោយមិនគិតពីការឈូសប្រជែងយ៉ាងអាក្រក់ពីអ្នកចាំទី Jordan Pickford របស់ Everton កាលពីការជួបគ្នានៅដើមរដូវកាល ដែលជាដើមហេតុនាំឱ្យខ្សែការពារ Virgil van Dijk ត្រូវនៅក្រៅទីលាន ដោយសារមានរបួសជង្គង់ធ្ងន់ធ្ងរ។
ក្រុម Liverpool ពេលនេះ កំពុងឈរនៅចំណាត់ថ្នាក់លេខ ៦ ដោយមាន ៤០ ពិន្ទុ ពីការប្រកួត ២៥ លើករបស់ខ្លួន ហើយអាចនឹងមានគម្លាតដល់ទៅ ៥ ពិន្ទុ តាមពីក្រោយក្រុមនៅទីកំពូលទាំង ៤ (Top4) ប្រសិនបើក្រុម West Ham United អាចឈ្នះក្រុមភ្ញៀវ Tottenham Hotspur សម្រាប់ការប្រកួត ដែលធ្វើនៅថ្ងៃអាទិត្យ៕ AFP/VN