ក្រុងប៉ារីស៖ កម្មវិធីប្រណាំងឡាន Formula One (F1) រដូវកាលនេះ ដែលត្រូវបានកាត់បន្ថយជាច្រើននោះ នឹងត្រូវចាប់ផ្ដើមជាមួយនឹងការប្រណាំងដោយបិទទ្វារចំនួន ២ លើក នៅប្រទេសអូទ្រីស នាថ្ងៃទី ៥ ខែកក្កដា និងថ្ងៃទី ១២ ខែដដែល មុននឹងមានការប្រណាំង ៦ កម្មវិធីផ្សេងទៀតនៅអឺរ៉ុប។ នេះបើតាមការឲ្យដឹងពីអ្នករៀបចំកាលពីថ្ងៃអង្គារ។
ពាក់ព័ន្ធនឹងការប្រណាំងឡើងវិញនេះ F1 និយាយថា ខ្លួនសង្ឃឹមថា នឹងមានការប្រណាំងជាសរុបចន្លោះពី ១៥ ទៅ ១៨ លើក ដោយមានគម្រោងឲ្យចប់ទាំងស្រុងក្នុងខែធ្នូ។ រដូវកាលនៃការប្រណាំងឡាន F1 បានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ជាមួយនឹងការរំសាយចោលកម្មវិធី Australian Grand Prix នៅប្រទេសអូស្រ្តាលី កាលពីខែមីនា ពោលគឺតែប៉ុន្មានម៉ោង មុនការប្រណាំងសាកល្បង ប្រុងនឹងចាប់ផ្ដើមដោយសារពេលនោះ ការរាតត្បាតវីរុសកូរ៉ូណា កើតមានទូទាំងសកលលោក។
ជាមួយគ្នានេះ តេស្តសុខភាពនឹងត្រូវធ្វើយ៉ាងទៀងទាត់ ហើយចំនួនសមាជិកក្រុម និងបុគ្គលិកពាក់ព័ន្ធនឹងការប្រណាំង ដែលត្រូវមានវត្តមានលើទីលាន ក៏ត្រូវកាត់បន្ថយផងដែរ។ ចំណែករឿងអត់មានទស្សនិកជនចូលរួមមើលការប្រណាំង នាយកប្រតិបត្តិ F1 លោក Chase Carey បាននិយាយដោយសង្ឃឹមថា ពេលស្ថានការណ៍ធូរស្រាលជាងនេះ ការប្រណាំងនឹងធ្វើឡើងដោយមានអ្នកលើកទឹកចិត្ត។
លោក Carey ថ្លែងថា៖ «ទោះជាពេលនេះ យើងចាំបាច់ត្រូវចាប់ផ្ដើមរដូវកាល ដោយគ្មានទស្សនិកជនក៏ពិតមែន តែយើងសង្ឃឹមថា នៅប៉ុន្មានខែខាងមុខ ស្ថានភាពនេះ នឹងធូរស្រាល ដើម្បីឲ្យពួកយើងមានឱកាសស្វាគមន៍ការត្រឡប់មកជាថ្មីរបស់ពួកគេ នៅពេលដែលយើងឃើញថា វាពិតជាសុវត្ថិភាព ក្នុងការធ្វើបែបហ្នឹងបាន។ ប៉ុន្តែ យើងដឹងថា ត្រឹមតែមានការប្រណាំង F1 ឡើងវិញ នឹងធ្វើឲ្យមានការគាំទ្រពីអ្នកស្នេហាវិស័យកីឡាទូទាំងសកលលោកបាត់ទៅហើយ»។
សម្រាប់កាលវិភាគចំនួន ៨ ដំណាក់កាលនៃការប្រណាំងឡាន F1 ដែលត្រូវបានរៀបចំឡើងវិញ នៅតំបន់អឺរ៉ុបដោយនៅប្រទេសអូទ្រីស មាន ២ លើក ពីថ្ងៃទី ៣-៥ ខែកក្កដា កម្មវិធី Austrian Grand Prix និងថ្ងៃទី ១០-១២ ខែកក្កដា កម្មវិធី Styrian Grand Prix ហើយទាំង ២ កម្មវិធីនេះ ធ្វើនៅទីក្រុង Spielberg តែ ១។ បន្ទាប់មក ថ្ងៃទី ១៧-១៩ ខែកក្កដា កម្មវិធី Hungarian Grand Prix នឹងធ្វើនៅទីក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី។
ដំណាក់កាលទី៣ នឹងប្រណាំងចំនួន ២ លើក នៅតំបន់តូចមួយឈ្មោះ Silverstone នៅចក្រភពអង់គ្លេស ដោយលើកទី ១ កម្មវិធី British Grand Prix ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា និងលើកទី ២ កម្មវិធី 70th Anniversary Grand Prix ថ្ងៃទី ៧ និងទី ៩ ខែសីហា។ ដំណាក់កាលបន្ទាប់ នឹងកើតឡើងនៅប្រទេសអេស្ប៉ាញ ក្នុងក្រុងបាសេឡូណា កម្មវិធី Spanish Grand Prix ថ្ងៃទី ១៤-១៦ ខែសីហា។
មុននឹងដាច់ខែសីហា ពោលគឺថ្ងៃទី ២៨-៣០ ការប្រណាំងកម្មវិធី Belgian Grand Prix ធ្វើនៅប្រទេសបែលហ្ស៊ិក នាក្រុង Stavelot ហើយចុងក្រោយ សម្រាប់ការប្រណាំងនៅអឺរ៉ុបនេះ គឺឡានរបស់ក្រុមប្រណាំង F1 ទាំងអស់ នឹងវិលកង់នៅអ៊ីតាលី នាក្រុង Monza ក្នុងកម្មវិធីឈ្មោះ Italian Grand Prix ពីថ្ងៃទី ៤-៦ ខែវិច្ឆិកា៕ AFP/VN