ក្រុងបូហ្គោតា៖ សហព័ន្ធ​បាល់ទាត់​កូឡុំប៊ី (FCF) និង​សមាជិក​សំខាន់ៗ​ មួយ​ចំនួន​ត្រូវ​​ពិន័យ​ជា​ប្រាក់​​ $៤,៦ ​លាន ពី​បទ​រៀបចំ​ និង​បង្កើត​ផែនការ​លក់​សំបុត្រ​សម្រាប់​ព្រឹត្តិការណ៍ World Cup ក្នុង​តម្លៃ​ថ្លៃ​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ច្បាប់​ផ្នែក​ពាណិជ្ជកម្ម​។

ការ​សម្រេច​នេះ កើត​​ឡើង​ក្រោយ​ពី​មាន​ការ​ស៊ើប​អង្កេត​អស់​រយៈពេល ២ ឆ្នាំ ហើយ​ក៏​រួម​បញ្ចូល​ការ​ពិន័យ​ចំពោះ​មន្រ្តី​មួយ​ចំនួន បន្ថែម​ពី​លើ​​ក្រុមហ៊ុន TICKET YA ជា​ក្រុមហ៊ុន​ដៃ​គូ​របស់ FCF ដែល​​រៀបចំ​ការ​លក់​សំបុត្រ​សម្រាប់​ការ​ប្រកួត​ក្នុង​ផ្ទះ​របស់​ក្រុម​ជម្រើស​ជាតិ​​កូឡុំប៊ី​នៅ​វគ្គ​ជម្រុះ​ ​ដើម្បី​បាន​សិទ្ធិ​ទៅ​ចូលរួម​ព្រឹត្តិការណ៍នា​​ប្រទេស​រុស្ស៊ី ក្នុង​ឆ្នាំ ​២០១៨​។

ក្រុម​អ្នក​ស៊ើប​អង្កេត​​និយាយ​ថា សំបុត្រ​ត្រូវ​បាន​លក់​ថ្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ និង​បាន​រឹត​ត្បិត​ការ​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​ដទៃ។ សំបុត្រ​ជាង ៤២ ០០០ សម្រាប់​ការ​ប្រកួត ៩ ​លើក ក្នុង​ផ្ទះ​របស់​កូឡុំប៊ី​មាន​ជាប់​ទាក់ទង​​នឹង​ការ​បន្លំ​តម្លៃ​នេះ​ ដែល​អាច​បង្កើត​បាន​ប្រាក់​ចំណេញ​ជាង $៣,៥ ​លាន​។

១ ក្នុង​ចំណោម​ឧទាហរណ៍ ដែល​ត្រូវ​បាន​លើក​ឡើង​នោះ គឺ​ការ​ប្រកួត​ជម្រុះ ​នៅ​ផ្ទះ​ខ្លួន​ឯង​របស់​កូឡុំប៊ី​ទល់​នឹង​ប្រទេស​ប្រេស៊ីល នា​ទីក្រុង Barranquilla ដែល​ពេល​នោះ ក្រុមហ៊ុន TICKET YA ដាក់​តម្លៃ​សំបុត្រ ២៧០ ០០០ ​ប៉េសូ ($៧៤) ​ខណៈ​តម្លៃ​ជាក់​ស្ដែង ៦០ ០០០ ​ប៉េសូ ($១៦,៤) ដែល​នេះ​មាន​ន័យ​ថា បាន​បង្កើន​​ដល់​ទៅ​ ៣៥០ ​​​ភាគរយ។

បុគ្គល​មួយ​ចំនួន ដែល​ត្រូវ​បាន​ពិន័យ មាន​ប្រធាន និង​អនុ​ប្រធាន FCF គឺ​លោក Ramon Jesurun និង​លោក Alvaro Gonzalez រួម​ជាមួយ​លោក Luis Bedoya ដែល​ជា​អតីត​ប្រធាន​សហព័ន្ធ ដែល​បាន​លាលែង​ពី​តំណែង និង​ដែល​បាន​ទទួល​យក​បទ​ចោទ​ប្រកាន់​ពុក​រលួយ​ក្នុង​រឿង​អាស្រូវ​ពុក​រលួយ​របស់​សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA)​។

តែ​សម្រាប់​ FCF បាន​ឲ្យ​ដឹង​​​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ខ្លួន​នៅ​មិន​ទាន់​ត្រូវ​បាន​ជូន​​​ដំណឹង​ចំពោះ​ការ​សម្រេច​​នេះ​នៅ​ឡើយ​នោះទេ ​ប៉ុន្តែ​​បាន​គូស​បញ្ជាក់​នូវ​អ្វី ​ដែល​ត្រូវ​​បាន​លើក​ឡើង​នោះ​​ថា អាច​មាន​ភាព​មិន​ប្រក្រតី​ ក្នុង​ការ​ស៊ើប​អង្កេត និង​ខ្វះ​​ភ័ស្តុតាង៕ AFP/VN