ក្រុងប៊ែន​: កីឡាករ​វាយ​កូន​បាល់ (តិន្នីស) ​អាជីព Roger Federer កំពុង​ធ្វើ​ការ​ហ្វឹក​ហាត់​ដោយ​គ្មាន​របួស ក្រោយ​ឆ្លង​កាត់​ការ​វះ​កាត់​ជង្គង់ ២​ ដង នៅ​ឆ្នាំ​នេះ និង​និយាយ​ថា រូប​គេ​រំពឹង​នឹង​វិល​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​វិញក្នុង​ព្រឹត្តិការណ៍​ Australian Open របស់​ប្រទេស​អូស្ត្រាលី នៅ​ខែ​មករា​ខាង​មុខ។​

កីឡាករ​សញ្ជាតិស្វីស​វ័យ ៣៩​ ឆ្នាំ បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ សម្រាប់​ការ​ប្រកួត​នៅ​ឯ Melbourne Park កាល​ពី​ដើម​ឆ្នាំ​នេះ តែ​បាន​វត្តមានក្នុង​កម្មវិធី​ធំ​ៗប្រចាំ​ឆ្នាំ​ផ្សេង​ៗទៀត ក្រោយឆ្លង​កាត់​ការ​វះ​កាត់​ជង្គង់​ស្ដាំ​ជាលើក​ទី ២​។​

«​ខ្ញុំ​កំពុង​ប្រសើរ​ឡើង​វិញ​ហើយ​»​។ នេះ​ជា​សម្ដី​របស់​ម្ចាស់​ជើង​ឯក​ពាន Grand Slam ឯកត្ត​ជន ២០​ សម័យ​កាល ដែល​បាន​និយាយ​ទៅ​កាន់​ទស្សនាវដ្ដី​ភាសា​អាល្លឺម៉ង់ Schweizer Illustrierte​។

Federer ធ្វើ​ដំណើរ​ទៅដល់​កន្លែង​សន្និសីទ​កាសែត នា​ពេល​កន្លង​មក។

Federer ប្រាប់​បន្ត​ថា​៖ «​ខ្ញុំ​ត្រឡប់​មក​វិញ​យឺត​ៗ តែ​ខ្ញុំ​នឹង​ត្រូវ​ការ​ពេល ហើយ​ខ្ញុំ​មិន​ចង់​ដាក់​សម្ពាធ​ឱ្យ​ខ្លួន​ឯង​នោះ​ទេ​។ ខ្ញុំ​នឹង​ចូល​រួម​ការ​ប្រកួត​ប្រជែង លុះ​ត្រា​ណា​តែ​ខ្ញុំ​ប្រសើរ​ឡើងវិញ ១០០ ភាគ​រយ។ នា​ពេល​នេះ ទំនង​ជាខ្ញុំ​អាច​ត្រឡប់​មក​ចូល​រួម​ប្រកួត​វិញក្នុង​កម្មវិធី Australian Open ក្នុង​ខែ​មករា​»។​​

ជាមួយ​គ្នា​នេះ កីឡាករ Federer តែង​តែ​ត្រូវ​បាន​សួរ​ញឹក​ញាប់​ពី​ការ​ចូល​និវត្តន៍​របស់​គេ តែ​កីឡាករ​ស្វីស បាន​និយាយ​ថា ខ្លួន​នឹង​បន្ត​លេង​រហូត ដរាប​ណា​រូប​គេ នៅ​តែ​រីក​រាយ​ជាមួយ​កីឡា​នេះ​។

Federer បន្ថែម​ថា​៖ «​ខ្ញុំ​បាន​គិត​ពី​គំនិត​នេះ​ប្រហែល ៥​ ឆ្នាំ​មក​ហើយ​។ តែ​ដរាប​ណា​ខ្ញុំ​នៅ​រីក​រាយ ហើយវា​សម​រម្យ​សម្រាប់​យើង​គ្រប់​គ្នា នោះ​ខ្ញុំ​នឹង​បន្ត​ទៅ​មុខ​ទៀត​»​៕ AFP/VN