The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Federer ឈ្នះ​ ១០០ ​ប្រកួត ​ដំបូង​គេ​នៅ Wimbledon

Federer ឈ្នះ​ ១០០ ​ប្រកួត ​ដំបូង​គេ​នៅ Wimbledon

Content image - Phnom Penh Post
Federer លេង​ក្នុង​ការប្រកួត​នៅ Wimbledon ដែល​បាន​ឈ្នះ​កីឡាករ​ជប៉ុន​ថ្មីៗ​នេះ​។ រូបថត AFP

Federer ឈ្នះ​ ១០០ ​ប្រកួត ​ដំបូង​គេ​នៅ Wimbledon

ក្រុងឡុងដ៍ៈ កីឡាករ​វាយកូនបាល់ (Tennis) Roger Federer បាន​សារភាពថា គាត់​មិន​បាន​ដឹង​ថា គាត់​បាន​ក្លាយ​ជា​អ្នក​ប្រកួត​ឈ្នះ ១០០ ដង​នៃ​ក្របខ័ណ្ឌ Wimbledon នោះ​ទេ ខណៈ​កីឡាករ​រូបនេះ​កំពុង​ត្រៀម​ខ្លួន​ប្រកួត​នៅ​វគ្គ​ ៤ ​នាក់​ចុងក្រោយ​ដែល​ប៉ះ​ជាមួយ​កីឡាករ Rafael Nadal​។

ម្ចាស់​ជើងឯក ៨ ជំនាន់ Federer បាន​ឡើង​ដល់​វគ្គ ៨ ​នាក់​ចុងក្រោយ​លើក​ទី​ ១៣ ​របស់​គាត់​នៅ​កីឡដ្ឋាន All England Clup ក្រោយពី​ឈ្នះ​កីឡាករ​ជប៉ុន Kei Nishikori ៣ សិត​ក្នុង​ចំណោម ៤ សិត​គឺ ៤-៦, ៦-១, ៦-៤, ៦-៤ ដើម្បី​កក់​កៅអី​នៅ​វគ្គ​ ៤ ​នាក់​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​នេះ​ជា​លើក​ទី​ ៤៥ ​របស់​គាត់​។

កីឡាករ​វ័យ ៣៧ ឆ្នាំ​រូប​នេះ​ក៏​ជា​បុរស​ចំណាស់​បំផុត​ដែល​បាន​ឡើង​ដល់​វគ្គ​ ៤ ​នាក់​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Grand Slam បន្ទាប់ពី​កីឡាករ Jimmy Connors នៅ​ក្របខ័ណ្ឌ US Open ១៩៩១ ផង​ដែរ​។

កីឡាករ Federer ឥឡូវ​នេះ​នឹង​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ Nadal នៅ​ក្របខ័ណ្ឌ Wimbledon ជា​លើក​ដំបូង​តាំងពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​ ២០០៨ ​ដែល​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ឈ្នះ​នៅ​វគ្គ​នោះ​។

កីឡាករ Federer បាន​និយាយ​ថា​៖ «​យើង​មាន​ព័ត៌មាន​ជាច្រើន​ពី​កីឡាករ Nadal ហើយ​គាត់​ក៏​ដឹង​ពី​យើង​វិញ​ដែរ​។ ខ្ញុំ​ដឹង​ថា គេ​តែងតែ​ធ្វើការ​ឃោសនា​នៅតាម​ផ្លូវ​ធំ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែម​ថា​៖ «​ពួកគេ​បាន​ធ្វើ​ដូច្នោះ​ម្ដងទៀត​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ឆ្នាំ​នេះ (​នៅពេល Nadal បាន​ឈ្នះ​នៅ​វគ្គ​ ៤ ​នាក់​ចុងក្រោយ​ដោយ​ឈ្នះ​គ្រប់​សិត​តែ​ម្ដង​»​។

កីឡាករ Federer និង Nadal បាន​ជួប​គ្នា ៣៩ លើក​នៅក្នុង​អាជីព​របស់​ខ្លួន​ ប៉ុន្តែ​បាន​ជួប​គ្នា​តែ​ ៣ ​ដង​នៅ​ក្របខ័ណ្ឌ Wimbledon នេះ​។

តារា​វាយ​កូន​បាល់​សញ្ជាតិ​ស្វ៊ីស​រូប​នេះ​បាន​ឈ្នះ​ក្នុង​ជំនួប​ ២ ​លើក​ដំបូង​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​ ២០០៦ ​និង​ ២០០៧ ​មុន​ពេល​កីឡាករ Nadal បាន​ឈ្នះ​នៅ​ឆ្នាំ​ ២០០៨ ​ក្នុង​ការប្រកួត​ ៥ ​សិត​ជាប់​គ្នា​ដែល​គេ​ចាត់ទុក​ថា​ជា​ការឈ្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ Slam អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​។

កីឡាករ Federer បាន​បន្ត​ថា​គាត់​មិន​ដឹង​ថា គាត់​បាន​ក្លាយ​ជា​កីឡាករ​ទី​ ១ ​ដែល​បាន​ឈ្នះ ១០០ លើក​នៅ​ព្រឹត្តិការណ៍​ដដែល​នេះ​ទេ​។

កីឡាករ​រូបនេះ​បាន​ពន្យល់​ថា​៖ «​អ្នកគាំទ្រ​ម្នាក់​រំឭក​ខ្ញុំ​នៅ​កន្លែង​ប្រកួត​នៅពេល​ខ្ញុំ​កំពុង​ស៊ីញ៉េ​តាម​ការស្នើសុំ​របស់​គាត់​នៅពេល​នោះ​»​។

Federer បាន​បន្ថែម​ថា​៖ «​វា​ពិសេស​មែនទែន វា​មាន​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​មក​ទី​នេះ​»​។

ម្ចាស់​ជើងឯក​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​មិន​បាន​នឹកគិត​ដល់​បញ្ហា​នេះ​ទេ​ព្រោះ​ខ្ញុំ​រវល់​គិត​ពី​ការប្រកួត​នៅ​ថ្ងៃ​នេះ​។ ជា​ការពិត​នៅ​ពេល​ខ្ញុំ​កំពុង​ស៊ីញ៉េ​នោះ បុរស​នោះ​និយាយ​ថា​សូម​អបអរសាទរ​ចំពោះ​ការប្រកួត​ឈ្នះ​ទី ១០០ របស់​អ្នក​។ អូមែន​ហើយ ខ្ញុំ​ភ្លេច​គិត​ពី​បញ្ហា​នេះ​ឈឹង​តែ​ម្ដង​»​។

កីឡាករ Federer បាន​បន្ត​ថា​៖ «​ឥឡូវនេះ​ខ្ញុំ​កំពុង​ឡើង​ទៅ​វគ្គ​ ៤ ​នាក់​ដែល​ត្រូវ​ជួប Nadal ។ មែន​ហើយ​ជ័យជម្នះ​ទី​​ ១០០ គឺ​នៅ Wimbledon​។ ហេតុអ្វី​បាន​ជា​ខ្ញុំ​មិន​បាន​គិត​ពី​បញ្ហា​នេះ​អ៊ីចឹង​ហ្ន៎​? ខ្ញុំ​ពិត​ជា​មិន​បាន​គិត​ពី​រឿង​នេះ​ទាល់​តែ​សោះ​»៕ SN

អត្ថបទគួរចាប់អារម្មណ៍