កីឡាករ​វាយ​កូន​បាល់ Roger Federer បាន​រង​បរាជ័យ ២ សិត​ជាប់ៗគ្នា​ដ៏​មិន​នឹកស្មាន​ដល់​ក្រោម​ស្នាដៃ​កីឡាករ Kei Nishikori ក្នុង​ការ​ប្រកួត​នៃ​ព្រឹត្តិការណ៍ ATP Finals កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ការ​បរាជ័យ​នេះ​បាន​រំខាន​ដល់ ការ​ប្រជែង​របស់​គេ​សម្រាប់​ការ​ឈ្នះ​ពាន​ជា​លើក​ទី ១០០ ក្នុង​អាជីព​ដ៏​ត្រចះ​ត្រចង់​របស់​គេ។

កីឡាករ​ជើង​ចាស់​សញ្ជាតិ​ស្វ៊ីស​រូប​នេះ ដែល​បាន​ឈ្នះ​ព្រឹត្តិការណ៍​បញ្ចប់​រដូវ​កាល​មួយ​នេះ ៦ សម័យ​កាល​នោះ បាន​បង្កើត​ឲ្យ​មាន​កំហុស​ជាច្រើន និង​មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ទាក់​ទាញ​ឡើយ​ក្នុង​ការ​ប្រកួត​វិលជុំ ខណៈ​កីឡាករ​សញ្ជាតិ​ជប៉ុន Nishikori បាន​កត់ត្រា​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ៧-៦ (៧/៤) និង៦-៣។

លទ្ធផល​នេះ មានន័យ​ថា បច្ចុប្បន្ន Federer កំពុង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ខកខាន​ឱកាស​ក្នុង​ការ​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ទី ២ ក្នុង​ការ​បង្ហាញ​ខ្លួន ១៦ លើក​ក្នុង​ព្រឹត្តិការណ៍​នេះ៕