ក្រុងមែលប៊ន៖ កីឡាករវាយកូនបាល់ Roger Federer ធ្លាប់ប៉ះជាមួយកីឡាករខ្លាំងៗច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍វាយកូនបាល់នេះ ប៉ុន្តែមិនធ្លាប់ប៉ះជាមួយគូប្រជែង Tenny Sandgren នៅវគ្គ ៨ នាក់ចុងក្រោយនៃការប្រកួត Australian Open នោះទេ ដែលធ្វើឲ្យរូបគេហាក់ព្រួយបារម្ភពីការប៉ះជាមួយកីឡាករអាមេរិករូបនេះ ខណៈរូបគេប៉ុនប៉ងឡើងទៅវគ្គ ៤ នាក់ចុងក្រោយប្រកួតជាមួយកីឡាករ Novak Djokovic។
កីឡាករសញ្ជាតិស្វ៊ីសរូបនេះបានឡើងទៅវគ្គ ៨ នាក់ចុងក្រោយជាប្រវត្តិសាស្ត្រលើកទី ១៥ នៅកីឡដ្ឋាន Melbourne Park ក្រោយពីបានឈ្នះតែ ១ សិតទៅលើកីឡាករហុងគ្រី Martin Fucsovics។
ឥឡូវកីឡាករ Federer ត្រូវប្រកួតជាមួយកីឡាករអាមេរិកជាលើកចុងក្រោយនៅថ្ងៃអង្គារនេះក្នុងការចាប់ឆ្នោតរបស់បុរសទាំង ២ នេះដែលបានជាប់ចំណាត់ថ្នាក់ទី ១០០ ក្នុងពិភពលោករបស់រូបគេតាមរយៈការឈ្នះកីឡាករ Matteo Berrettini ជាប់ចំណាត់ថ្នាក់លេខ ៨ ពិភពលោក និងអ្នកជាប់ចំណាត់ថ្នាក់ទី ១២ ពិភពលោកគឺ Fabio Fognini។
ពានរង្វាន់ Australian Open គឺជាការប្រកួតដ៏សំខាន់របស់កីឡាករ Sandgren ហើយរូបគេបានឡើងទៅវគ្គ ៨ នាក់ចុងក្រោយនៅឆ្នាំ ២០១៨ ប៉ុន្តែទីបំផុតបានចាញ់កីឡាករសញ្ជាតិកូរ៉េខាងត្បូង Chung Hyeon នៅពេលនោះ។
កីឡាករ Federer មិនដែលប៉ះជាមួយកីឡាករអាយុ ២៨ ឆ្នាំរូបនេះទេ ដូច្នេះហើយរូបគេមិនត្រូវមើលងាយបញ្ហានេះទេ ខណៈរូបគេកំពុងស្វែងរកជ័យជម្នះលើកដំបូងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ Grand Slam តាំងពីរូបគេបានឈ្នះនៅទីក្រុង Melbourne នៅឆ្នាំ ២០១៨ និងលើកទី ៧ នៅក្នុងប្រទេស អូស្ត្រាលី។
កីឡាករជាប់លេខ ៣ ពិភពលោករូបនេះបាននិយាយថា៖ «ខ្ញុំនៅតែឆ្ងល់ថា ហេតុអ្វីបានជារូបគេមិនបានឡើងចំណាត់ថ្នាក់? គ្រប់ពេលដែលខ្ញុំឃើញគាត់លេង គឺខ្ញុំតែងគិតថា គាត់លេងបានល្អណាស់ ព្រោះគាត់មានបច្ចេកទេសល្អដែលគាត់សមតែបានឡើងចំណាត់ថ្នាក់ថែមទៀត»។
កីឡាករ Federer បានបន្ថែមថា៖ «ខ្ញុំមិនបានតាមដានគាត់ដិតដល់នោះទេ។ ខ្ញុំចាំថា គាត់បានលេងជាមួយកីឡាករ Chung ក្នុងវគ្គ ៨ នាក់ ជាពេលចុងក្រោយដែលខ្ញុំបានលេងនៅវគ្គ ៤ នាក់ចុងក្រោយ ដើម្បីប្រកួតជាមួយ Chung»។
កីឡាកររូបនេះបានបន្ថែមថា៖ «ខ្ញុំចាំថា ខ្ញុំបានឃើញការប្រកួតនោះយ៉ាងជក់ចិត្តព្រោះខ្ញុំប្រហែលជានឹងត្រូវប្រកួតជាមួយអ្នកឈ្នះនៅពេលនោះ»។
កីឡាករ Federer ដែលកំពុងតែតាមឈ្នះពានរង្វាន់ Grand Slam លើកទី ២១ នោះក៏បានតាមដាននៅពេលកីឡាករ Sandgren បានឈ្នះកីឡាករអ៊ីតាលី Fognini កាលពីថ្ងៃអាទិត្យផងដែរ។
កីឡាកររូបនេះបានបន្ថែមថា៖ «វាគួរឲ្យចាប់អារម្មណ៍ពីទម្រង់លេងដែលគាត់កំពុងប្រកួត ហើយខ្ញុំទន្ទឹងរង់ចាំចំពោះការប្រកួតដ៏តឹងតែងនោះ»។
កីឡាករ Sandgren បាននិយាយថា គាត់សប្បាយចិត្តណាស់ចំពោះការមានឱកាសម្ដងទៀតនៅក្នុងការប្រកួតដ៏អស្ចារ្យនេះ។
កីឡាកររូបនេះបាននិយាយថា៖ «ការបានលេងនៅកីឡដ្ឋានដ៏ធំមួយនេះ និងការបានលេងនៅចំពោះមុខមនុស្សជាច្រើនដោយហេតុតែខ្ញុំធ្លាប់លេងភាគច្រើននៅចំពោះមុខមនុស្សតិចតួចបំផុតនោះ គឺថាខ្ញុំត្រូវតែបង្ហាញទម្រង់លេងឲ្យបានល្អអស់ពីសមត្ថភាពនៅក្នុងការប្រកួតវាយកូនបាល់ដ៏ធំបំផុតនេះ»៕ AFP/SN