ម៉ា្រឌីដ៖ ពេលក្រុម Atletico Madrid ឈ្នះ Cadiz ៤-០ នៅទឹកដីខ្លួនឯង កាលពីថ្ងៃសៅរ៍ កីឡាករ Joao Felix មានគុណសម្បត្តិយ៉ាងធំធេង ដោយការរកបាន ២ គ្រាប់ និងបញ្ចូនឱ្យមិត្តរួមក្រុម ១ គ្រាប់ ខណៈលទ្ធផលនេះធ្វើឱ្យក្រុមរបស់លោក Diego Simeone បន្តបន្លាយនូវទម្រង់លេងដ៏ល្អរបស់ខ្លួនសម្រាប់ការប្រកួតក្នុងស្រុក និងឡើងទៅឈរទីកំពូលនៃក្របខ័ណ្ឌ La Liga។
កីឡាករចំណូលថ្មី Felix ដែលមានតម្លៃខ្លួនជាកំណត់ត្រារបស់ក្លិបបានជួយឱ្យក្រុម Atletico បើកការនាំមុខនៅនាទីទី៨ ហើយក្រោយមកក៏ធ្វើការសម្រេចគ្រាប់ទី២ របស់ខ្លួននៅចុងម៉ោងនៃវគ្គទី ២ ពោលគឺនាទីទី៩០+១ ដែលជាគ្រាប់ជ័យជម្នះចុងក្រោយរបស់ក្រុម។ នាទីទី៥១ កីឡាកវ័យក្មេងសញ្ជាតិព័រទុយហ្គាល់ ជាអ្នកបញ្ជូនបាល់ឱ្យ Luis Suarez ទម្លុះសំណាញ់ទីគ្រាប់ទី ៣ បន្ថែមពីលើគ្រាប់ទី ២ របស់ Marcos Llorente។
ការឈ្នះជាប់ៗគ្នា ៤ ដង សម្រាប់ប្រកួតក្នុងលីគនេះ បានរុញ Atletico ទៅនៅទីកំពូលតារាង ជាមួយនឹងគ្រាប់បាល់ចំណេញច្រើន ដោយមាន ១៧ ពិន្ទុ ស្មើក្រុមលេខ ២ Real Sociedad ដែលប្រកួតច្រើនជាង ១ លើក ហើយមាន ១ ពិន្ទុនាំមុខក្រុមជើងឯកចាស់ Real Madrid ដែលឈរនៅលេខ ៣។
ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធទាំង ២ Felix និង Suarez កំពុងនាំមុខគេក្នុងតារាងអ្នកស៊ុតបញ្ចូលទីបានច្រើន រួមជាមួយខ្សែប្រយុទ្ធ Mikel Oyarzabal របស់ក្រុម Sociedad ដោយរកបាន ៥ គ្រាប់ដូចគ្នា។
ក្រោយការប្រកួតបញ្ចប់ទៅ អ្នកស៊ុតគ្រាប់ទី ២ កីឡាករ Llorente និយាយថា៖ «យើងធ្វើដំណើរទៅមុខ ១ ជំហានយ៉ាងធំហើយ។ កីឡាករថ្មីៗទាំងអស់ ដែលបានមកចូលរួមជាមួយក្លិបកាលពីរដូវកាលមុន បានចាប់ផ្ដើមសម្របខ្លួនជាមួយក្លិបបណ្ដើរៗ ហើយរៀនសូត្រពីអ្វីដែលគ្រូបង្វឹកចង់បានពីពួកយើង»។
កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ២៥ ឆ្នាំ Llorente បាននិយាយបន្ថែមថា៖ «យើងអាចឃើញនៅលើទីលានហើយថា យើងជាក្រុមល្អប៉ុនណា ហើយសាមគ្គីគ្នាបានល្អយ៉ាងណា។ យើងប្រឹងប្រែងជួយគ្នាទៅវិញទៅមក ហើយលទ្ធផលកំពុងតែទៅតាមអ្វីដែលក្រុមរបស់យើងចង់បាន»៕ AFP/VN