ប៉ាលឺម៉ូ​៖ កីឡាការិនី​វាយ​កូនបាល់ (តិន្នីស) អាជីព Fiona Ferro បាន​ក្លាយ​ជា​ម្ចាស់​ជើងឯក​កម្មវិធី WTA ដំបូង​គេ ក្នុង​រយៈពេល ៥ ​ខែ នៅ​ថ្ងៃ​អាទិត្យ ពេល​ដែល​នាង​ដណ្ដើម​​បាន​ជ័យ​ជម្នះ​ពី​កីឡាការិនី​អេស្តូនី Anett Kontaveit ជាមួយ​នឹង​លទ្ធផល ៦-២ និង ៧-៥ ក្នុង​ព្រឹត្តិការណ៍ Palermo Ladies Open ដែល​ជា​កម្មវិធី​ប្រកួត​ទី១ ត្រូវ​បាន​​រៀបចំ​ឡើង​តាំង​ពី​ការ​រាត​ត្បាត​ពី​ជំងឺ​កូវីដ ១៩ បាន​បង្អាក់​សកម្មភាព​កីឡា​នេះ​។

កីឡាការិនី​សញ្ជាតិ​បារាំង Ferro ​ធ្វើ​ដំណើរ​ជាមួយ​នឹង​ការ​មិន​បរាជ័យ​ដល់​ទៅ ១០ ​លើក សម្រាប់​ការ​ប្រកួត​ក្នុង​តំបន់ ក្រោយ​កម្មវិធី​នានា​ត្រូវ​បាន​ផ្អាក​ក្នុង​ខែ​មីនា ហើយ​នៅ​តែ​រក្សា​សម្ទុះ​ដ៏​ខ្លាំង​នេះ​បន្ត ជាមួយ​នឹង​ការ​ឈ្នះ ៥ ​ដង​បន្ថែម​ទៀត នៅ​ក្រុង​ប៉ាលឺម៉ូ នា​សប្ដាហ៍​នេះ ខណៈ​ការ​ប្រកួត​ប្រជែង​កីឡា​តិន្នីស​ដ៍​សំខាន់ បាន​ត្រឡប់​មក​មាន​ភាព​រស់រវើក​ឡើង​វិញ ក្នុង​រដ្ឋធានីនៃ​តំបន់​​​ Sicilian របស់​ប្រទេស​អ៊ីតាលី ​នេះ​។

ក្រោយ​ពី​បាន​លើក​ពាន​រង្វាន់​ទី២ ក្នុង​អាជីព​កីឡាការិនី​វ័យ ២៣ ​ឆ្នាំ Ferro ​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា នេះ​ជា​ការ​ប្រកួត​ដ៏​ល្អ​បំផុត​នៃ​សប្ដាហ៍​របស់​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ធូរ​ស្រាល​។ ខ្ញុំ​មិន​ដឹង​ថា មូល​ហេតុ​អ្វី​ទេ ព្រោះ​វា​ជា​វគ្គ​ផ្ដាច់​ព្រ័ត្រ​ តែ​ខ្ញុំ​ពិត​ជា​មិន​មាន​អារម្មណ៍​ថា មាន​សម្ពាធ​នោះ​ឡើយ»​។

ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​មួយ​ចំនួន​ចាប់​ផ្ដើម​មាន​បណ្ដើរៗ​ទូទាំង​ពិភព​លោក​ចាប់​តាំង​ពី​កីឡា​នេះ ជាប់​គាំង​នៅ​ដើម​ខែ​មីនា ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី តែ​ការ​ប្រកួត​នៅ​លើ​ទីលាន​ដី​ឥដ្ឋ នា​ក្រុង​ប៉ាលឺម៉ូ​នេះ គឺ​ជា​ការ​រៀបចំ​ដំបូង​គេ ក្នុង​ចំណោម​កម្មវិធី​ប្រកួត​ប្រជែង​ដ៏​ល្បី​ៗ ទាំង WTA និង ATP ក្នុង​រយៈពេល ៥ ​ខែ​នេះ​។

យ៉ាងណា ការ​ប្រកួត​ប្រជែង​ត្រូវ​​ធ្វើ​ឡើង​ក្រោម​នីតិវិធី​សុខភាព​យ៉ាង​តឹងរ៉ឹង ក្នុង​នោះ​រួម​ទាំង​ការ​កំណត់​ចំនួន​ទស្សនិកជន និង​គ្មាន​ការ​ចាប់​ដៃ​រវាង​អ្នក​ចូល​រួម​ ក្រោយ​ការ​ប្រកួត​បញ្ចប់​ទៅ។ អ្នក​ចូលរួម​ព្រឹត្តិការណ៍​នេះ មិន​ថា​កីឡាការិនី ឬមន្ត្រី​ពាក់​ព័ន្ធ​នានា ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ជំងឺ​កូវីដ​ ១៩ រៀងរាល់ ៤ ​ថ្ងៃ ហើយ​អ្នក​ដែល​ចូលរួម​ការ​ប្រកួត ១ ​រូប ទទួល​​លទ្ធផល​វិជ្ជមាន ត្រូវ​បាន​​ដក​ឈ្មោះ​ចេញ​ពី​កម្មវិធី កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​៕ AFP/VN