ភ្នំពេញៈ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) បាន​​ប្រកាស​ឲ្យ​ស្ថានីយទូរទេស្សន៍​ក្នុងស្រុក​ទាំង​អស់ ដែល​មាន​ចំណាប់​អារម្មណ៍ ​ចង់​ផ្សាយ​​ផ្ទាល់​ ពី​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិផ្លូវ​ការ ​របស់​ក្រុមជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ទី​ម័រខាង​កើត និង​ក្រុម​សិង្ហបុរី នាពេល​ខាងមុខ​នេះ ចូល​មក​ធ្វើ​ការ​ដេញ​ថ្លៃ ដើម្បី​ទទួល​បាន​សិទ្ធិ​ផ្សាយ​ផ្ទាល់​ស្រប​ច្បាប់។

តាមសេចក្តី​ជូន​ដំណឹង​របស់ FFC មុន​នេះ​បន្តិច បាន​ឲ្យ​ដឹង​ថា៖ ​«សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា សូម​ជូន​ដំណឹងដល់​ស្ថានីយទូរទស្សន៍​ទាំង​អស់ ឲ្យ​បាន​ជ្រាប់​ថា សហព័ន្ធ នឹង​ដាក់​ឲ្យមាន​ការ​ដេញ​ថ្លៃ ដើម្បី​ទទួល​បាន​នូវ​សិទ្ធិផ្សាយ​ផ្ទាល់ (TV live) ការ​ប្រកួត​​បាល់​ទាត់​មិត្ត​ភាព​អន្តរជាតិ​ផ្លូវ​ការ​ចំនួន ​៣ របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា»។

ជុំ​វិញ​ព័ត៌​មាន​លម្អិត ​ទាក់​ទង​ទៅនឹង​​ នីតិ​វិធី និងបែបបទផ្សេងៗ ក្នុង​ការ​​ដេញ​ថ្លៃ​ផ្សាយ​ផ្ទាល់​នៃ​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិផ្លូវការ​របស់​ក្រុម​ជម្រើសជាតិ​នេះ FFC នឹង​ធ្វើ​កិច្ច​​ប្រជុំ​មួយ នៅទី​ស្នាក់​ការ ​របស់​ខ្លួន ក្នុង​ពហុកីឡដ្ឋាន​ជាតិ នាម៉ោង​៣​រសៀល ​ថ្ងៃ​ទី ​១៦ ខែសីហា ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ ហើយ FFC ក៏​បាន​អញ្ជើញ​បណ្តា​ស្ថានីយទូរទស្សន៍​ទាំងអស់ ដែល​មាន​ចំណាប់​អារម្មណ៍ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ ដើម្បី​ពិភាក្សាគ្នា​បន្ថែម ក្នុងការ​ដេញ​ថ្លៃ​ផ្សាយ​ផ្ទាល់​នេះ​ផងដែរ។

មន្រ្តី​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា មួយ​រូប​បាន​បង្ហើប​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ មុននេះ​បន្តិច​ថា៖​«​នេះជា​លើក​ទី​១​ហើយ ដែល​សហព័ន្ធ បាន​រៀបចំ​ឲ្យ​មាន​ការ​​ដេញ​ថ្លៃផ្សាយ​ផ្ទាល់​ការ​ប្រកួត​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រាប់​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក​ ព្រោះ​​យើង​មិន​ធ្លាប់​​ធ្វើ​បែប​នេះពីមុន​មក​​ទេ។ ហេតុ​នេះ​បណ្តា​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់ គួរណាស់​មក​ចូល​រួម​​ប្រជុំ នៅ​ថ្ងៃទី​ ១៦ ខែសីហា ​ទាំង​អស់​គ្នា ដើម្បី​យើង​អាច​ពិភាក្សា​គ្នា​បន្ថែម រក​ចំណុច​រួម​មួយ ទើប​យើង​ឈាន​ដល់​ការ​ដេញ​ថ្លៃ រកស្ថានីយ​ទូរទស្សន៍ ដែល​ទទួល​បាន​សិទ្ធិ​ផ្សាយ​ផ្ទាល់»។

គួរ​បញ្ជាក់​ថា សម្រាប់ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ផ្លូវ​ការ​ទាំង ​៣ ​លើក​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ពេល​ខាង​មុខ​នេះ គឺ​លើក​ទី ​១ កម្ពុជា ត្រូវ​ជួប​ក្រុមជម្រើសជាតិ​ម៉ាឡេស៊ី នៅ​ថ្ងៃ​ទី ​១០ ខែកញ្ញា ឯ​លើក​ទី ​២ កម្ពុជា ត្រូវ​ប៉ះ​ក្រុម​ជម្រើសជាតិ​ទីម័រខាង​កើត នៅ​ថ្ងៃទី ​១២ ខែតុលា ហើយ​លើក​ទី​ ៣ ​កម្ពុជា ត្រូ​វ​​ប្រកួត​នឹង​​ក្រុម​ជម្រើស​ជាតិ​សិង្ហបុរី នៅ​ថ្ងៃ​ទី​ ១៦ ខែតុលា ខណៈ​ម៉ោង​ប្រកួត ត្រូវ​ធ្វើ​នៅ​ល្ងាច​ម៉ោង ៦:៣០ ដូច​គ្នា​ទាំង​អស់។​

សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​​ទាំង​៣​លើក​នេះ គឺ​ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ឲ្យ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នេះ ត្រៀម​​លក្ខណៈ​សម្បត្តិ​បាន​គ្រប់​គ្រាន់ ក្នុង​​ការឈាន​ទៅ​ប្រកួត​ផ្លូវ​ការ​​ពានរង្វាន់ AFF Suzuki Cup 2018 ក្នុង​ខែ​វិច្ឆិកា ខាង​មុខ ដោយ​ក្នុង​នោះ ក្រុម​កម្ពុជា ឈរ​នៅ​ពូល​A ជាមួយ​ក្រុមជម្រើសជាតិ​វៀតណាម ម៉ាឡេស៊ី មីយ៉ាន់ម៉ា និង​ក្រុម​ឡាវ៕