ក្រុង​មេនឆេស្ទ័រ៖ ស្ថាប័ន​គ្រប់គ្រង​​បាល់​ទាត់​ពិភព​លោក (FIFA) ​វាយ​តម្លៃ​ការ​ដេញ​ថ្លៃ​រួម​គ្នា​នៃ​ប្រទេស​អូស្រ្តាលី និង​នូវែលសេឡង់ សម្រាប់​ព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក​នារី ​ឆ្នាំ ​២០២៣ (Women''s World Cup 2023) ថា ជា​ការ​ដេញ​ថ្លៃ​ល្អ​បំផុត​ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត​​។

FIFA ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថា​ ខ្លួន​បាន​ទទួល​ឯកសារ​ដេញ​ថ្លៃ​​ផ្លូវ​ការ​ពី​គូ​ប្រជែង​ទាំង ​៣ គឺ​កូឡុំប៊ី ជប៉ុន និង​ការ​សុំ​ធ្វើ​សហ​ម្ចាស់​ផ្ទះ​រវាង​អូស្រ្តាលី និង​នូវែលសេឡង់។

ក្រុម​ប្រឹក្សា​របស់ FIFA នឹង​សម្រេច​ថា តើ​គូ​ប្រជែង​ទាំង ​៣ ប្រទេស​ណា​នឹង​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ អំឡុង​ការ​ប្រជុំ​តាម​អនឡាញ​របស់​ក្រុមប្រឹក្សា​នៅ​ថ្ងៃទី ​២៥ ខែ​មិថុនា​​។ របាយការណ៍​វាយ​តម្លៃ​​របស់​ស្ថាប័ន​​ផ្តល់​ការ​ដេញ​ថ្លៃ​របស់​អូស្ត្រាលី និង​នូវែលសេឡង់​នូវ​ពិន្ទុ​ជា​មធ្យម​ ៤,១ ពិន្ទុ លើ ​៥ ពិន្ទុ រី​ឯ​ជប៉ុន​មាន ៣,៩ ​ពិន្ទុ ហើយ​​កូឡុំប៊ី​បាន ​២,៨ ​ពិន្ទុ​។

ប្រទេស​ប្រេស៊ីល ​ដក​បេក្ខភាព​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​និយាយ​ថា ​រដ្ឋាភិបាល​មិន​បាន​ពិចារណា​ថា វា​ជា​រឿង​ល្អ​ទេ​ក្នុង​ការ​ផ្តល់​នូវ​ការ​ធានា​ផ្ដល់​ហិរញ្ញវត្ថុ​ក្នុង​​ពេល​​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​ ​១៩​។ ក្នុង​ឆ្នាំ ​២០១៩ នៅ​ប្រទេស​បារាំង បាន​បំបែក​កំណត់ត្រា​ខាង​មាន​ទស្សនិកជន​ច្រើន​មើល​តាម​ទូរទស្សន៍ ហើយ​មក​ទល់​ពេល​នេះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ជំនាន់​ដែល​ទទួល​បាន​ការ​​ចាប់​អារម្មណ៍​បំផុត​សម្រាប់​កីឡា​បាល់​ទាត់​នារី​នេះ​។

អគ្គលេខាធិការ​របស់ FIFA លោកស្រី Fatma Samoura មាន​ប្រសាសន៍​ថា៖ «​គុណភាព​នៃ​​ការ​ដេញ​ថ្លៃ​ទាំង​នេះ ​ជា​សក្ខីភាព​នៃ​សម្ទុះ​ខ្លាំង​ក្លា​របស់​កីឡា​បាល់​ទាត់​នារី​​បង្កើត​​ឲ្យ​មាន​ឡើង ហើយ​យើង​កំពុង​ទន្ទឹង​រង់ចាំ​​​​ធ្វើ​ឲ្យ​​កីឡា​បាល់ទាត់​​ស្ត្រី​ឡើង ​១ កម្រិត​ទៀត​នៅ​​ព្រឹត្តិការណ៍​ឆ្នាំ ២០២៣»​។

របាយការណ៍​នោះ ​បន្ថែម​ថា សំណើ​បេក្ខភាព​​ទាំង​​ ៣ បំពេញ​តាម​លក្ខខន្តិក​ តែ​មាន​​សំណួរ​ចំពោះ​​ប្រទេស​​​កូឡុំប៊ី​​ ថា តើ​មាន​​ការ​គាំទ្រ​ផ្នែក​​​ហិរញ្ញវត្ថុ​ចាំបាច់ ឬ​អត់? ដោយ​​របាយការណ៍ លើក​ឡើង​​ថា ​ប្រទេស​កូឡុំប៊ី ​នឹង​ត្រូវ​ការ​នូវ​ចំនួន​​ទឹក​ប្រាក់​យ៉ាង​ច្រើន​នៃ​ការ​​វិនិយោគ និង​ការ​គាំទ្រ​ទាំង​​ភាគី​ពាក់​ព័ន្ធ​ក្នុង​ស្រុក និង FIFA ដើម្បីធ្វើ​ឲ្យ​ប្រសើរនូវ​លក្ខខណ្ឌ​ដែល​មាន​ធៀប​នឹង​​ភាគី​ ២ ​​ផ្សេង​ទៀត៕ AFP/VN