ឡូសាន៖ លោក Markus Kattner នាយក​ហិរញ្ញវត្ថុ​របស់​សហព័ន្ធ​បាល់​ទាត់​ពិភព​លោក (FIFA) កាល​ជំនាន់​លោក Sepp Blatter ដែល​ធ្លាប់​ធ្វើ​​​ជា​អគ្គលេខាធិការ​ស្ដីទី​​ផង​ដែរ​នោះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូលរួម​រាល់​សកម្មភាព ដែល​ទាក់ទង​នឹង​បាល់​ទាត់​ទាំង​អស់រយៈ​ពេល ១០ ​ឆ្នាំ​ និង​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន ១ លានហ្វ្រង់ស្វ៊ីស (១,០៥៦ ​លាន​ដុល្លារ​) បន្ទាប់​ពី​ត្រូវ​បាន​រក​ឃើញ​ថា មាន​កំហុស​ក្នុង​ច្បាប់​ទំនាស់​ផល​ប្រយោជន៍ និង​រំលោភ​បំពាន​លើ​តួនាទី​របស់​ខ្លួន​។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​​ស្ថាប័ន​គ្រប់គ្រង​កីឡា​អន្តរជាតិ​មួយ​នេះ កាល​ពី​​ថ្ងៃ​អង្គារ។

ការ​ដាក់​ទណ្ឌកម្ម​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ក្រម​សីលធម៌​របស់ FIFA បន្ទាប់​​​ពី​មាន​ការ​បើក​​ការ​ស៊ើប​អង្កេត​មួយ​ក្នុង​ឆ្នាំ ​២០១៦ ចំពោះ​បុរស​សញ្ជាតិ​អាល្លឺម៉ង់ លោក Kattner, លោក Blatter អតីត​ប្រធាន​សហព័ន្ធ​​ដែល​ញាំញី​ដោយ​រឿង​​អាស្រូវ និង​អតីត​អគ្គលេខាធិការ​លោក Jerome Valcke។​​

ក្នុង​សេចក្ដី​ប្រកាស​​របស់​ខ្លួន FIFA ​ឲ្យ​ដឹង​ថា​៖ «​ការ​ស៊ើប​អង្កេត​លើ​លោក Kattner បាន​រួម​បញ្ចូល​​​​​ការ​ចោទ​ប្រកាន់​ជា​ច្រើន ដូច​ជា​ពាក់ព័ន្ធ​នឹង​ការ​ទូទាត់​ប្រាក់​រង្វាន់​ចំពោះ​​កម្មវិធី​ប្រកួត​​របស់ FIFA ដែល​ត្រូវ​​បង់​ប្រាក់​​ឲ្យ​មន្ត្រី​អ្នក​រៀបចំ​​កំពូលៗ​​របស់ FIFA (រួម​ទាំង​លោក Kattner), ការ​កែ​ប្រែ​ផ្សេងៗ​ និង​ការ​ពន្យារ​កិច្ច​សន្យា​ការងារ​​នយោជិក, ការ​ទូទាត់​សំណង​ផ្នែក​ច្បាប់​ឯកជន និង​ភារកិច្ច​ជា​មន្ត្រី​របស់​លោក Kattner​»​។

សេចក្ដី​ប្រកាស​នោះ បន្ត​ទៀត​ថា​៖ «​នៅ​ក្នុង​សេចក្តី​សម្រេច​របស់​ខ្លួន អង្គ​ជំនុំ​ជម្រះ​បាន​សម្រេច​ថា លោក Kattner បាន​រំលោភ​មាត្រា ១៩ (ទំនាស់​ផល​ប្រយោជន៍​) និង​មាត្រា ​២៥ (រំលោភ​តួនាទី) នៃ​ច្បាប់​​ក្រម​សីលធម៌​របស់ FIFA និង​​ដាក់​ទណ្ឌកម្ម​លើ​រូប​លោក​ដោយ​ការ​ហាម​ឃាត់​មិន​ឲ្យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​បាល់​ទាត់​គ្រប់​រូបភាព ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ​​រយៈពេល ​១០ ​ឆ្នាំ​ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់​ចំនួន​ ១ លាន​ហ្វ្រង់ស្វ៊ីស»​។

ក្នុង​តួនាទី​ជា​នាយក​ហិរញ្ញវត្ថុ​លោក Kattner ត្រូវ​បាន​គេ​ចោទ​ប្រកាន់​រួម​ជាមួយ​លោក Blatter និង​លោក Valcke ថា​បាន​ចូលរួម​ក្នុង​ការ​​សម្របសម្រួល ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​ខ្លួន​ឯង ដោយ​ការ​ប្រែ​នូវ​ទឹក​ប្រាក់​ជាង ៨០ ​លាន​ដុល្លារ​ សម្រាប់​ការ​ទូទាត់​ចំណាយ​ដែល​មិន​ច្បាស់​​លាស់​ជា​ច្រើន​ក្នុង​រយៈពេល ៥ ​ឆ្នាំ។

លោក Kattner ដែល​បុច្ចុប្បន្ន​មាន​វ័យ ៤៩ ឆ្នាំ បាន​មក​បម្រើ​ការ​នៅ FIFA ក្នុង​ឆ្នាំ ២០០៣ ហើយ​​ត្រូវ​បាន​ដក​ពី​តំណែង​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៦ បន្ទាប់​ពី FIFA បាន​ចាប់​ផ្តើម​ស៊ើប​ចំពោះ​​ការ​ចំណាយ​រាប់​លាន​ដុល្លារ ដែល​លោក​នាយក​ហិរញ្ញវត្ថុ និង​អគ្គលេខាធិការ​ស្តីទី​បាន​ផ្តល់​ជា​រង្វាន់​ឲ្យ​ដល់​ខ្លួន​ឯង​ ក្រោយ​ពី​មាន​ការ​ដើរ​ចេញ​របស់​លោក Valcke ​​។

តែ​យ៉ាង​សម្រាប់​លោក Kattner ​ក្រោយ​មក​បាន​តវ៉ា​តាម​ផ្លូវ​ច្បាប់​ក្នុង​គោល​បំណង​ឲ្យ​កែប្រែ​ការ​ដក​តំណែង​របស់​លោក ដោយ​ហៅ​ការ​សម្រេច​នោះ​ថា៖ «​មិន​យុត្តិធម៌​»​៕ AFP/VN