ក្រុងអ៊ីស្តង់ប៊ុល: លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA បានបញ្ជាក់កាលពីថ្ងៃសុក្រថ្មីៗនេះថាលោកមាន «សុទិដ្ឋិនិយម» អំពីការរៀបចំព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតាដោយមាន ៤៨ ក្រុមមិនមែន ៣២ ក្រុមឡើយ ប៉ុន្តែបានរំឭកថា ការរៀបចំបែបនោះមិនមែនជារឿងងាយស្រួលឡើយ។
ក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Istanbul ក្រោយពីកិច្ចប្រជុំជាន់ខ្ពស់របស់មន្ត្រីប្រតិបត្តិរយៈពេល ៣ ថ្ងៃប្រធានអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោករូបនេះបានឲ្យដឹងថា៖ «ខ្ញុំមានសុទិដ្ឋិនិយម ប៉ុន្តែ តើវាមានភាពងាយស្រួលឬអត់? ទេ វាមិនមានភាពងាយស្រួលឡើយ។ ខ្ញុំត្រូវតែនិយាយឲ្យត្រង់»។
FIFA បានសម្រេចចិត្តបង្កើនចំនួនក្រុមជម្រើសជាតិដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ ពី ៣២ ក្រុមរហូតដល់ ៤៨ ក្រុម ប៉ុន្តែប្រធានមានសញ្ញាតិអ៊ីតាលីស្វ៊ីសរបស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់មួយនេះកំពុងតែធ្វើយុទ្ធនាការដើម្បីអនុវត្តការកែទម្រង់មួយនេះឲ្យបានឆាប់ ពោលគឺត្រឹមឆ្នាំ ២០២២ តែម្តង។ FIFA នឹងត្រូវប្រកាសពីការសម្រេចចិត្តរបស់ខ្លួននៅពាក់កណ្តាលខែមីនាក្នុងកិច្ចប្រជុំមួយនៅរដ្ឋម៉ៃអាមី សហរដ្ឋអាមេរិក។
ប្រទេស កាតា ដែលបានបញ្ជាក់ថាខ្លួនកំពុងតែត្រៀមលក្ខណៈសម្រាប់ការរៀបចំយុទ្ធនាការមាន ៣២ ក្រុមនោះបានបញ្ជាក់ថា ពួកគេនឹងធ្វើការវិភាគមួយនៅមុនពេលសម្រេចចិត្តក្នុងការរៀបចំយុទ្ធនាការដែលមានចំនួនក្រុមកើនឡើងមួយព្រោះការបង្កើនចំនួនក្រុមបែបនេះនឹងបង្កើតឲ្យមានភាពស្មុគស្មាញនៃនយោបាយ និងការដឹកជញ្ជូន។
ស្របពេលដែលលោក Infantino បានលើកឡើងពីប្រធានបទនៃការរៀបចំការប្រកួតផ្សេងៗក្នុងប្រទេសជិតខាងវិបត្តិនៃជម្លោះផ្នែកការទូតដ៏ធ្ងន់ធ្ងររបស់កាតាប្រឆាំងនឹងប្រទេសជិតខាងរបស់ខ្លួនក្នុងនោះរាប់បញ្ចូលទាំងអារ៉ាប៊ីសាអ៊ូឌីត ដែលបានផ្ទុះឡើងចាប់តាំងពីឆ្នាំ ២០១៧ បានបង្កើតឲ្យមានការធ្វើការបង្ឃាំងចលនាសេដ្ឋកិច្ចទៅកាន់រដ្ឋដែលសម្បូរដោយឧស្ម័នមួយនេះ។
មុននឹងបន្ថែមថា «ពេលខ្លះកីឡាបាល់ទាត់អាចជួយបង្កើតអភិនីហារក្នុងការផ្សះផ្សាទំនាក់ទំនងលោក Infantino បានឲ្យដឹងថា៖ «ខ្ញុំមិនបាត់បង់ស្មារតីដល់ថ្នាក់មើលរំលងស្ថានភាពនយោបាយក្នុងតំបន់នេះឡើយ»។ ក្រោមការយកគំរូតាមយុទ្ធនាការ World Cup ឆ្នាំ ២០២៦ ដែលនឹងត្រូវរៀបចំឡើងនៅប្រទេសហ្គាណា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកលោក Infantino បានបញ្ជាក់ថា «មានការពិភាក្សាជាច្រើនទៅលើប្រធានបទផ្សេងៗអំពីជញ្ជាំងមួយដែលត្រូវសាងសង់ឡើងរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិក ប៉ុន្តែ «ប្រទេសទាំង ២ នឹងរៀបចំយុទ្ធនាការមួយរួមគ្នាហេតុនេះពួកគេនឹងត្រូវតែធ្វើការជាមួយគ្នា»៕ IS