ក្រុង​ប៉ារីស៖ ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភព​លោក (FIFA) លោក Gianni Infantino កាល​ពី​ថ្ងៃ​សៅរ៍​បាន​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ជុំវិញ​សំណើ ដែល​ណែ​នាំ​ឲ្យ​​មាន​​ការ​ដាក់​កំហិត​ប្រាក់​ខែ និង​ការ​កំណត់​ការ​ចំណាយ​​​ទៅ​លើ​ការ​ទិញ​ដូរ​កីឡាករ​ដល់​ក្រុម​ក្លិប​បាល់​ទាត់​ ក្រោយ​មាន​ផល​​វិបាក​នៃ​ការ​រីក​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​។​

ស្ថាប័ន​គ្រប់គ្រង​បាល់​ទាត់​ពិភព​លោក មាន​បំណង​បញ្ចប់​ផែនការ​នានា នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ដើម្បី​ឲ្យ​មាន​​កញ្ចប់​ជំនួយ​ហិរញ្ញវត្ថុ​មួយ​ បន្ទាប់​ពី​​មាន​ការ​ខូច​ខាត​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​វិស័យ​​កីឡា​នេះ ដោយសារ​វិបត្ដិ​សុខភាព​ជា​សកល​នេះ​។ កាល​ពី​ខែ​មេសា FIFA បាន​ប្រកាស​ថា ខ្លួន​នឹង​បញ្ចេញ​ទឹក​ប្រាក់​ចំនួន $១៥០ ​លាន​ ផ្ដល់​ឲ្យ​​សហព័ន្ធជា​សមាជិក​​ទាំង ​២១១​ ដែល​នេះ​ជា​ជំហាន​​ដំបូង​នៃ​ផែន​ការ​ផ្តល់​ជំនួយ ហើយ​​​ភ្លាម​ៗ​ ក្រោយ​ពី​នោះ​ សហព័ន្ធ​បាល់​ទាត់​អឺរ៉ុប (UEFA) បាន​​និយាយ​ថា ខ្លួន​ក៏​​​​ត្រៀម​បែង​​ចែក​​ថវិកា​ចំនួន ២៣៦,៥ លាន​អឺរ៉ូ (ប្រមាណ $២៦៧ ​លាន​) ​ទៅ​​សហព័ន្ធ​សមាជិក​​ទាំង ​៥៥ ដែរ​។

ខែ​មុន សហព័ន្ធ​បាល់​ទាត់​អាល្លឺម៉ង់ (German FA) និង​ប្រធាន​ក្លិប Bayern Munich លោក Karl-Heinz Rummenigge បាន​ជំរុញ​ឲ្យ​មាន​ការ​​ពិភាក្សា​យ៉ាង​ខ្លាំង​ក្លា​​អំពី​ការ​កម្រិត​ប្រាក់​​ខែ និង​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ការ​ទិញ​ដូរ​កីឡាករ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​បាល់​ទាត់ នៅ​តែ​គួរ​ឲ្យ​ទុក​ចិត្ត​បាន​។

ក្នុង​លិខិត​បើក​ចំហមួយ ដែល​សរសេរ​ទៅ​កាន់​សមាជិក​របស់ FIFA លោក Infantino ​រៀប​រាប់​ថា​៖ «​​ដោយ​ឈរ​លើ​ផ្នែក​អភិបាលកិច្ច និង​ហិរញ្ញវត្ថុ ខ្ញុំ​ក៏​បាន​ចាប់​អារម្មណ៍​លើ​សំណើ​នានា​លើ​ប្រធាន​បទ​ជា​ច្រើន​។ មាន​ចាប់​ពី​ការ​កម្រិត​សម្រាប់​​ប្រាក់​បៀវត្សរ៍ រហូត​ដល់​ការ​កំណត់​នៃ​ការ​ចំណាយ​ក្នុង​ការ​ទិញ​ដូរ​កីឡាករ ឬ​នីតិវិធី​បង់​ពន្ធ​ផ្សេង​ៗ​ និង​កាតព្វកិច្ច​​ដែល​អាច​មាន​សម្រាប់​ឲ្យ​ស្ថាប័ន​គ្រប់គ្រង អ្នក​រៀបចំ​ការ​ប្រកួត និង​ក្លិប​ទាំង​អស់​បង្កើត​​ទុន​បម្រុង​ ឬ​ផ្ដល់​មូលនិធិ​​បម្រុង ដែល​អាច​ជួយ​ទ្រទ្រង់​​ក្នុង​ពេល​ដែល​ត្រូវ​ការ​ដូច​ពេល​នេះ​អ៊ីចឹង​»​។

ក្នុង​សំបុត្រ​នោះ លោក​ប្រធាន​​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​ផ្ទាល់​ខ្លួន​ គាំទ្រ​ឲ្យ​មាន​ច្បាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​តឹងរ៉ឹង​ និង​ច្បាស់​លាស់​ជាង​នេះ ដោយ​ដាក់​ចេញ​នូវ​ច្បាប់​​អភិបាល​កិច្ច​ល្អ និង​តម្លាភាព​ពេញ​លេញ ហើយ​ការ​កំណត់​នេះ មិន​ត្រឹម​តែ​មាន​ចំពោះ​តែ​ប្រព័ន្ធ​ទិញ-​ដូរ​កីឡាករ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ចំពោះ​បរិកាស​បាល់​ទាត់​ទាំង​មូល​ទៀត​ផង​។ FIFA កំពុង​ធ្វើ​កិច្ច​ការ​ជា​ច្រើន​លើ​ផ្នែក​​នេះ​រួច​ទៅ​ហើយ ទោះបី​យើង​ប្រឈម​នឹង​ការ​បារម្ភ​យ៉ាង​ខ្លាំង​មួយ​ចំនួនៗ ​ជំទាស់​នឹង​ការ​លើក​​ឡើង​​ដែល​ចង់​ឲ្យ​មាន​​អភិបាលកិច្ច​សកល​ល្អ​ប្រសើរ​​មួយ​ក្នុង​វិស័យ​កីឡា​របស់​យើង​​»​។​​

យោង​​តាម​ការ​សិក្សា​ថ្មី​ៗ​នេះ​របស់​ក្រុមហ៊ុន​គណនេយ្យ​មួយ​ឈ្មោះ​ KPMG បាន​ឲ្យ​ដឹង​ថា តម្លៃ​នៃ​ការ​ផ្ទេរ​កីឡាករ​នៅ​លីក​កំពូល​​របស់​អឺរ៉ុប អាច​នឹង​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ១០ ​ពាន់​លាន​អឺរ៉ូ (​ប្រមាណ​ជា $១១ ពាន់​លាន​) ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ ដែល​បណ្ដាល​មក​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​៕ AFP/VN