អារ៉ាប៊ី​សាអ៊ូឌីតៈ កីឡាករ​ប្រដាល់​ Floyd Mayweather បាន​និយាយ​ថា រូប​គេ​នឹង​និយាយ​ជាមួយ​ដៃគូ​ចាស់​របស់​ខ្លួន​ ​គឺ​កីឡាករ Manny Pacquiao នៅ​ប្រទេស ​អារ៉ាប៊ី​សាអ៊ូឌីត ​ពី​លទ្ធភាព​​ការ​ប្រកួត​​គ្នា​ជា​ថ្មី​​ដើម្បី​ស្រាយ​ចម្ងល់​​អ្នក​ទស្សនា​​។​

កីឡាករ​ Floyd កំពុង​ធ្វើ​ដំណើរ​ជាមួយ​តំណាង​របស់​ខ្លួន​​ទៅ​កាន់​ប្រទេស ​អារ៉ាប៊ី​សាអ៊ូឌីត ​ជា​ទី​ដែល​​រូប​គេ​នឹង​ជួប​ចរចា​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ជា​មួយ​កីឡាករ​ Pacquiao ដើម្បី​កំណត់​ពី​ការ​ឡើង​សង្វៀន​ជា​ថ្មី​ទៀត​។​​

គូ​ប្រកួត​ទាំង ​២ ​នេះ ​បាន​ជួប​គ្នា​ម្ដង​ហើយ​កាល​ពី ​៤ ​ឆ្នាំ​មុន ​ដែល​កីឡាករ Floyd បាន​ឈ្នះ​កីឡាករ​ហ្វីលីពីន​រូប​នេះ ​៨ ​ពិន្ទុ ​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​វិស័យ​ប្រដាល់​សកល​ជា​ច្រើន​នៅ​មិន​អស់​ចិត្ត​ចំពោះ​លទ្ធផល​ប្រកួត​នោះ​។​

តាំង​ពី​​នោះ​មក កីឡាករ Floyd បាន​ក្លាយ​ជា​កីឡាករ​អាជីព​ម្នាក់​​ដែល​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​ទាំង ​៥០ ​រួម​ទាំង​ការ​​​ឈ្នះ​​កីឡាករ​ Conor McGregor ក្នុង​ការ​ប្រកួត​ដែល​រក​បាន​ប្រាក់​ចំណូល​ជា​ច្រើន​នៅ​​បុរី​​ញូវយ៉ក​ផង​ដែរ​។​

កីឡាករ​ Pacquiao បាន​ត្អូញត្អែរ​ពី​ការ​ឈឺ​ស្មា​នៅ​មុន​ពេល​រូប​គេ​បាន​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ Floyd នៅ​ពេល​នោះ​ ហើយ​រយៈពេល​ក្រោយ​មក​ទៀត ​រូប​គេ​បាន​ទាមទារ​ឲ្យ​មាន​ការ​ប្រកួត​ជា​លើក​ទី​២ ​ដើម្បី​ប្រកួត​ជាមួយ​កីឡាករ​អាមេរិក​ដែល​មិន​ស្គាល់​ចាញ់​រូប​នេះ​។​

កីឡាករ​ Floyd បាន​និយាយ​ក្នុង​វីដេអូ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា «​ខ្ញុំ​ចង់​និយាយ​អរគុណ​អ្នក​​ ហើយ​វា​ជា​កិត្តិយស​ណាស់​ដែល​បាន​មក​ប្រទេស​ អារ៉ាប៊ីសាអ៊ូឌីត​ ដើម្បី​អង្គុយ​ជាមួយ​អ្នក​ជជែក​ពី​ការ​ប្រកួត​គ្នា​ជាថ្មី​រវាង​ Floyd និង​ Pacquiao»។​​

វីរបុរស​ប្រដាល់​សកល​អាមេរិក​​ Sugar Ray Leonard ថ្មីៗ​នេះ​ក៏​បាន​សុំ​ឲ្យ​កីឡាករ​ Floyd Mayweather បញ្ឈប់​ការ​ចូល​និវត្តន៍​របស់​ខ្លួន ​ដើម្បី​ឡើង​សង្វៀន​ជា​ថ្មី​ម្ដង​ទៀត​ជា​មួយ​វីរបុរស​ប្រដាល់​ប្រចាំ​ប្រទេស ​ហ្វីលីពីន ​​ផង​ដែរ​​។​

បើ​ទោះបី​ជា​បុរស​ទាំង ​២ ​នេះ​មាន​អាយុ​ខ្ទង់ ​៤០ ​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​លោក Leonard ជឿជាក់​ថា វា​គួរ​តែ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​រវាង​អ្នក​ទាំង ​២ ​នេះ​។​

លោក Leonard បាន​ប្រាប់​ TMZ ​ថា៖ «​ប្រសិន​បើ​ធ្វើ​តាម​របៀប​នេះ​ វា​នឹង​បាន​សម្រេច​ព្រោះ​វា​នឹង​មាន​មនុស្ស​ជា​ច្រើន​ទស្សនា​ការ​ប្រកួត​នេះ​»។​​

វីរបុរស​ប្រដាល់​អាមេរិក​រូប​នេះ​បាន​បន្ថែម​ថា៖ «អ្នក​ទាំង ២​ មាន​អាយុ​ខ្ទង់ ​៤០ ​ឆ្នាំ​ដូច​គ្នា​។ នៅ​ពេល​ខ្ញុំ​មាន​អាយុ ​៤០ ​ឆ្នាំ​ ខ្ញុំ​បាន​ត្រឡប់​ឡើង​សង្វៀន​វិញ​ ហើយ​ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ប្រកួត​ជាមួយ​អ្នក​ណា​ទេ​ ប៉ុន្តែ​អ្នក​មាន​ដំណាក់​កាល​ផ្សេង​ពី​ខ្ញុំ​ក្នុង​ជីវិត​របស់​អ្នក​គឺ​ទាំង​ស្មារតី​ រាង​កាយ​ និង​ចិត្ត​គំនិត​»។​​

អតីត​កីឡា​ប្រដាល់​សកល​​រូប​នេះ​បាន​បន្ថែម​ទៀត​ថា៖ «​គាត់​ (Pacquiao) កំពុង​ស្វែងរក​ឱកាស​ប្រកួត​ចុង​ក្រោយ​​នៅ​ក្នុង​អាជីព​របស់​គាត់​»៕ SN