Los Angerles: កីឡាករ​ប្រដាល់​ Floyd Mayweather គ្មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ឡើង​សង្វៀន​ប្រកួត​ជា​ថ្មី​ជា​មួយ​កីឡាករ​ Manny Pacquiao ម្ដង​ណា​ឡើយ​ក្រោយ​ពី​កើប​ប្រាក់​យ៉ាង​ប្រាក់​រាប់​លាន​ដុល្លារ​​ពី​ការ​ឈ្នះ​នៅ​ឆ្នាំ​ ២០១៥​។ នេះ​បើ​យោង​តាម​មិត្ត​ជិត​ស្និទ្ធ​របស់​ Floyd គឺ​លោក Leonard Ellerbe ឲ្យ​ដឹង​ពីថ្ងៃ​ពុធ​។​​

លោក Ellerbe ជា​ប្រធាន​ប្រតិបត្តិ​ផ្នែក​ផ្សព្វ​ផ្សាយ​ឲ្យ​កីឡាករ Floyd បាន​ប្រាប់​គេហ​ទំព័រ​ boxingscene.com ថា ទោះ​ជា​ការ​ប្រកួត​នេះ​នឹង​បាន​ប្រាក់​ច្រើន​យ៉ាង​ណា​ក៏​ដោយ​ ក៏​កីឡាករ Floyd មិន​ដែល​នឹក​គិត​ចង់​ឡើង​លើ​សង្វៀន​ប្រកួត​ជា​មួយ​ Pacquiao ជា​ថ្មី​ម្ដង​ទៀត​ដែរ​។​

កីឡាករ​ Floyd ត្រូវ​គេ​ជឿ​ថា ទទួលបាន​​ប្រាក់​ប្រមាណ​ ៣០០ ​លាន​ដុល្លារអាមេរិក ​​ពី​ការ​ឈ្នះ​ដោយ​ពិន្ទុ​ទៅ​លើ​កីឡាករ Pacquiao ហើយ​នេះ​នៅ​ជា​តែ​ការ​ប្រកួត​ដែល​រក​បាន​ចំណូល​​ច្រើន​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​​ និង​បាន​បង្កើនចំនួន​ទឹក​ប្រាក់​​រហូត​ដល់​ជាង ​៦០០ ​លាន​ដុល្លារ​អាមេរិក​។​ ​

គ្រូ​បង្វឹក​​យូរ​ឆ្នាំ​​របស់​ Pacqiuao គឺ​លោក Freddie Roach បាន​និយាយ​ពី​សប្ដាហ៍​មុន​ថា គាត់​​អន្ទៈសា​ចង់​ឲ្យ​វីរ​បុរស​ហ្វីលីពីន​រូប​នេះ​បង្កើត​ការ​ប្រកួត​ជា​ថ្មី​ជា​មួយ​កីឡាករ​ Floyd ក្រោយ​ពី​បាន​ចាញ់​ទាំង​មិន​អស់​ចិត្ត​នៅ​ក្នុង​ជំនួប​ដំបូង​នោះ​។​​

ទោះ​យ៉ាង​ណា​ក៏​ដោយ ​ខណៈ​ Floyd នឹង​ចូល​រួម​ទស្សនា​ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក​រវាង​ Pacquiao និង Keith Thurman នៅទី​ក្រុង​​ Las Vegas នៅ​ថ្ងៃ​សៅរ៍ត្រូវ​នឹង​ថ្ងៃ​អាទិត្យ​នៅ​ប្រទេស​ កម្ពុជា​) ​​នោះ លោក Ellerbe បាន​បញ្ជាក់​ថា គ្មាន​ឱកាស​នឹង​ប្រកួត​ជា​ថ្មី​​ទៀត​នោះ​ទេ​។​

លោក Ellerbe បាន​ប្រាប់​ boxingscene ថា៖«​Floyd គ្មាន​ចាប់​អារម្មណ៍​បន្តិច​សោះ​ ហើយ​គាត់​កំពុង​ធ្វើ​បែប​នេះ​ជា​រៀង​រហូត​ព្រោះ​គាត់​កំពុង​​រស់​នៅ​ក្នុង​ជីវិត​ប្រសើរ​បំផុត​ ហើយ​ខ្ញុំ​ទើប​តែ​ជជែក​ជា​មួយ​គាត់​នៅ​ព្រឹក​មិញ​នេះ​ឯង​។

គាត់​កំពុង​ធ្វើ​ដំណើរ​និង​ចំណាយ​ពេល​វេលា​នៅ​ជា​មួយ​កូនៗ​ និង​ក្រុម​គ្រួសារ​របស់​គាត់​ ហើយ​ពេល​នេះ​គាត់​កំពុង​ធ្វើ​អ្វី​ដែល​គាត់​មិន​ធ្លាប់​បាន​ធ្វើ​ពី​មុន​មក​ ព្រោះគាត់​បាន​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​តាំង​ពី​គាត់​មាន​អាយុ​ ៥​ ឆ្នាំ​មក​ម្ល៉េះ ខណៈ​​គាត់​សប្បាយ​នឹង​ចូល​និវត្តរ៍​របស់​គាត់​​»។​​

លោក Roach បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ពី​សប្ដាហ៍​មុន​ថា គាត់​នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​ការ​ចាញ់​របស់​ Pacquiao ក្រោម​​ស្នាដៃ​របស់​ Floyd ជា​ពិសេស​គឺ​នៅ​ត្រង់​បញ្ហា​ស្មា​តែ​ម្ដង​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា៖ «​សង្ឃឹម​ថា យើ​ង​អាច​អូស​ទាញ​ Floyd ឲ្យ​ឡើង​សង្វៀន​ម្ដង​ទៀត​ព្រោះ​​ខ្ញុំ​ចង់​ឲ្យ​យើង​ទាំងអស់​គ្នា​សង់​ចិត្ត​ពី​ការ​ប្រកួត​នេះ​​»៕ AFP/SN​​