ក្រុង​ឡុងដ៍​: Phil Foden បាន​សម្ដែង​ការ​អរគុណ​ដល់​លោក Gareth Southgate សម្រាប់​ការ​​ផ្ដល់​ទំនុក​ចិត្ត​ចំពោះ​រូប​គេ ក្រោយខ្សែ​បម្រើ​រូបនេះ បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​គ្រា​ដ៏​លំបាល​បំផុត​មួយ​នៃ​ជី​វិត​របស់​ខ្លួន ដោយ​ការ​ស៊ុត​បញ្ចូល​ទី​គ្រាប់បាល់​ដំបូង​ឱ្យ​ក្រុម​ជម្រើស​ជាតិក្នុង​ប្រកួតដែល​អង់គ្លេសបំបាក់​អ៊ីស្លង់ ៤-០ កាល​ពី​ថ្ងៃ​ពុធ​។​​

នៅ​មុន​ហ្នឹង Foden ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ផ្ទះ​វិញ​ដោយ​លោក Southgate រួម​ជាមួយ​​នឹង​កីឡាករ Mason Greenwood របស់​ក្រុម Manchester United ក្រោយ​ទាំង ២ នាក់ បាន​រំលោភ​នីតិ​វិធី​ទប់​ស្កាត់​វីរុស​កូរ៉ូណា ដោយ​ការ​ហៅ​នារី​ឱ្យ​ទៅ​សណ្ឋាគារ​ ដែល​ជា​កន្លែង​ក្រុម​ស្នាក់​នៅ កំលុង​ពេល​ដែល​អង់គ្លេស​ធ្វើ​ដំណើរ​ទៅ​ប្រកួត​ជាមួយ​អ៊ីស្លង់ កាល​ពី​ខែ​កញ្ញា​។

ជាមួយ​នឹង​ការ​នាំ​មុខ ២-០ រួច​ហើយ​របស់​អង់​គ្លេស កីឡាករ​ឆ្នើម​របស់​ក្រុម​ Manchester City វ័យ ២០​ឆ្នាំ Foden បាន​បង្កើត​នូវ​ការ​បញ្ចប់​ទី​ដ៏​ស្អាត​នៅ​នាទី​ទី​៨០ ដែល​ជា​គ្រាប់​ដំបូង​របស់​ខ្លួនក្នុង​ក្រុម​ជម្រើស​ជាតិ ហើយ​ក្រោយ​មក ក៏​ធ្វើ​បាន​សម្រេច​ ១ គ្រាប់​ទៀត ដោយ​ការ​ស៊ុត​ពី​ចម្ងាយនៅ​ ៥​ នាទី​បន្ទាប់​។

កីឡាករ Foden និយាយ​ក្រោយ​ប្រកួត​បញ្ចប់​ទៅ​ថា​៖ «​វា​ជា​ស្ថាន​ការណ៍​មួយ​ដ៏​លំបាក​បំផុត​នៃ​ជីវិត​របស់​ខ្ញុំ។ នោះ​ជា​ពេល​វេលា ដែល​អ្នក​ត្រូវ​ការ​ជំនឿ​ចិត្ត​ពី​អ្នក​ចាត់​ការ​ក្រុម ហើយ​លោក Gareth (Southgate) មាន​ការ​គោរព​ចំពោះ​ខ្ញុំ​ណាស់​ ពោល​គឺ​ជឿ​ជាក់​ក្នុង​ការ​ដាក់​ឱ្យ​ខ្ញុំ​លេង​ប្រកួត​នេះ​»​។

កីឡាករ​រូប​នេះ​បាន​បន្ត​ទៀត​ថា​៖ «​ខ្ញុំ​គ្រាន់​តែ​សប្បាយ​ចិត្ត ក្នុង​ការ​តប​ស្នង​ដល់​គាត់​ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី ព្រម​ទាំង​លេង​ឱ្យ​បាន​ល្អ​តែ​ប៉ុណ្ណោះ​។ ខ្ញុំ​ត្រឹម​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ ដើម្បី​បាន​ត្រឡប់​មក​វិញ និង​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត តាម​ដែល​អាច​។ ខ្ញុំ​មាន​អារម្មណ៍​ច្រាស់​ច្រាល់​តិច​តួច សម្រាប់​ការ​ចាប់​ផ្ដើម​នេះ តែ​ខ្ញុំ​ស៊ាំ​ជាមួយ​នឹង​រឿង​នេះ​ហើយ​»​។

ជាមួយ​គ្នា​នេះ ខ្សែ​បម្រើ​ Declan Rice របស់​ក្រុម West Ham ក៏​មាន​ឱកាស​រកបាន​នូវ​គ្រាប់​ដំបូង​ឱ្យ​ក្រុម​ជម្រើស​ជាតិ ហើយ​អ្វី ដែល​ធ្វើ​ឱ្យកីឡាករ​វ័យ ២១​ ឆ្នាំ មាន​ការ​រំភើបអម​ជាមួយ​នឹង​គ្រាប់​បាល់​នេះ នោះ​គឺ​ការ​​បាន​លេង​នៅ​តំបន់​កណ្ដាល​ជាមួយមិត្ត​កាល​ពី​កុមារភាព Mason Mount របស់​ក្រុម Chelsea ហើយ​អាច​​រក​គ្រាប់​បាល់​បាន​ដូច​គ្នា​ទៀត ​សម្រាប់​ប្រកួត​នៅ​កីឡដ្ឋាន​ជាតិ Wembley របស់​អង់គ្លេស​នេះ​។

កីឡាករ Rice និយាយ​ថា​៖ «​យើង​ជា​ពួក​ម៉ាក​ដ៏​ល្អ​បំផុត តាំង​ពី​នៅ​អាយុ ៨​ឆ្នាំ​ម្ល៉េះ​។ យើង​បាន​ឃើញ​ដំណើរ​ផ្លូវ​របស់​គ្នា​ទៅ​វិញ​ទៅ​មក និង​បាន​ដឹង​បាន​ឮ​ពី​ការ​លូត​លាស់​របស់​គ្នា​ទៅ​វិញ​ទៅ​មក​។ មុន​ហ្គេម​នេះ នៅ​ពេល​យើង​ដឹង​ថា យើង​បាន​លេង​នៅ​តំបន់​កណ្ដាល​ជាមួយ​គ្នា វា​ពិត​ជា​ពេល​វេលា​ដ៏​វិសេស​វិសាល​មែន​ទែន ហើយ​នៅ​ពេល​អាច​ស៊ុត​បញ្ចូល​ទី​បាន​ដូច​គ្នា​ទៀតនោះ គឺ​រឹត​តែ​អស្ចារ្យ​ទ្វេរ​ឡើង​»​។

យ៉ាង​ណា​ ក្រុម​អង់គ្លេស​ បើ​ទោះ​ជា​ឈ្នះ​ប្រកួត​ចុង​ក្រោយ​នេះក្ដី ក៏​មិន​អាច​ឆ្លង​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ​នៃ​កម្មវិធី UEFA Nations League បាន​ដែរ ព្រោះ​​បញ្ចប់​បាន​ត្រឹម​លេខ ៣ ប៉ុណ្ណោះ ក្នុង​គ្រុបទី២ នៃ​លីគ​ A ដោយ​មាន ១០ ពិន្ទុ​ស្មើ​ក្រុម​លេខ ២ ដាណាម៉ាក ខណៈ​បែល​ហ្ស៊ិក គឺ​ក្រុម​ ដែល​បាន​ឆ្លង​ទៅ​ជុំ​ចុង​ក្រោយ​នេះ ក្នុង​នាម​ជា​ក្រុម​លេខ ១ ហើយ​ក្រុម​អ៊ីស្លង់ ដែល​នៅ​បាតតារាង ត្រូវ​ធ្លាក់​ទៅ​លេង​នៅ​លីគ B សម្រាប់​​រដូវ​កាល​បន្ទាប់​ ២០២២-២០២៣​៕ AFP/VN