ក្រុងមេនឆេស្ទ័រ៖ លោក Pep Guardiola បាន​ពោល​ថា ក្រុម Manchester City (City) មាន​សម្ពាធ​ពី​ការ​រំពឹង​ចង់​ឈ្នះ​នៅ​ក្របខ័ណ្ឌ UEFA Champions League (UCL) ពេល​ពួក​គេ​ត្រូវ​ពឹង​លើ​គ្រាប់​បាល់​ជ័យជម្នះ​នៅ​នាទី​ទី៩០ របស់ Phil Foden ដើម្បី​ធ្វើ​ការ​នាំ​មុខ​ប្រផុតប្រផើយ ២-១ លើ​ក្រុម Borussia Dortmund ពី​ការ​ប្រកួត​ជើង​ទី១ នៃ​វគ្គ ៨ ក្រុម​ចុង​ក្រោយ កាល​ពី​ថ្ងៃ​អង្គារ។

ការ​ឈ្នះ​លើក​ទី២៧ ក្នុង​ចំណោម ២៨ ហ្គេម​ចុង​ក្រោយ​របស់​ពួក​គេ​ពី​ការ​ប្រកួត​នៅ​គ្រប់​កម្មវិធី​ទាំង​អស់ ធ្វើ​ក្រុម City នៅ​តែ​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ឈ្នះ​ពាន​ដល់​ទៅ ៤ ជា​ប្រវត្តិសាស្ត្រ មាន​ដូចជា UCL, Premier League, FA Cup និង League Cup។

តែ​ពួក​គេ​បរាជ័យ ម្ដង​ហើយ​ម្ដង​ទៀត ក្នុង​ការ​ឆ្លង​មិន​ផុតពី​វគ្គ ៨ ក្រុម​ចុង​ក្រោយ នៅ UCL នេះ ក្រោម​ការ​ដឹកនាំ​របស់​លោក Pep ៤ រដូវកាល​កន្លង​មក។

លោក Pep ថ្លែង​ថា៖ «យើង​ទទួល​អារម្មណ៍​រង​សម្ពាធ​ថ្ងៃ​នេះ ក្នុង​ការ​ប្រកួត​នេះ នៅ​ទឹក​ដី​របស់​យើង ដោយ​យើង​មិន​ដឹង​ថា តើ​ត្រូវ​តបត​ដូចម្ដេច?។ ការ​ឈ្នះ គឺ​ប្រសើរ​ជាង​ស្មើ តែ​ទោះ​លទ្ធផល ១-១ ក៏​យើង​សល់ ៩០ ទៀត ដើម្បី​យក​ឈ្នះ»។

ក្រុម​ទាំង ២ នឹង​ជួប​គ្នា​ម្ដង​ទៀត​នៅ​អាល្លឺម៉ង់​នា​ថ្ងៃទី ១៤ ខែ​មេសា ដោយ​ក្រុម​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​វគ្គ ៤ ក្រុម​ចុង​ក្រោយ នឹង​ប្រឈម​ក្រុម​ដែល​ឈ្នះ​រវាង Bayern Munich និង Paris Saint-Germain។

Dortmund កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ក្នុង​ការ​បាត់​វត្តមាន​នៅ UCL រដូវកាល​ក្រោយ ដោយសារ​ពេល​នេះ មាន​គម្លាត​ដល់​ទៅ ៧ ពិន្ទុ ពី​ក្រុម​ទាំង ៤ ដែល​ឈរ​នៅ​ទី​កំពូល​ក្នុង​តារាង​ក្របខ័ណ្ឌ Bundesliga។

តែ​យ៉ាងណា​ក្ដី​ក្នុង​ប្រកួត​នេះ ក្រុម​ភ្ញៀវ​ចាប់​ផ្ដើម​បាន​យ៉ាង​ល្អ​មែនទែន​រហូត​ដល់​ការ​កើត​មាន​កំហុស​របស់ Emre Can ដែល​ធ្វើ​ឱ្យ Riyad Mahrez អាច​បង្កើត​ឱកាស​បញ្ជូន​បាល់​ឱ្យ Kevin De Bruyne ស៊ុត​បញ្ចូល​ទី​ឱ្យ​ក្រុម​ម្ចាស់ផ្ទះ នាំមុខ​នៅ​នាទី​ទី១៩។

ខ្សែ​ប្រយុទ្ធ Erling Haaland ត្រូវ​បាន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង នៅ​មុន​ការ​ប្រកួត ដោយ​សូម្បី City ក៏​ជា​ក្រុម ១ ក្នុង​ចំណោម​ក្រុម​លំដាប់​កំពូលៗ​ជាច្រើន ដែល​ចាប់​អារម្មណ៍​កីឡាករ​ឆ្នើម​របស់​ក្រុម Dortmund រូប​នេះ ខណៈ​ក្នុង​ហ្គេម​នេះ កីឡាករ​សញ្ជាតិ​ន័រវែស​រក​គ្រាប់​បាល់​មិន​បាន​ឡើយ។

តែ​សមត្ថភាព​ពិសេស​របស់​កីឡាករ​វ័យ ២០ ឆ្នាំ មិន​ថា កម្លាំង ល្បឿន និង​ភាព​វៃឆ្លាត បាន​រួម​ចំណែក​ជួយ​ឱ្យ​ប្រធាន​ក្រុម Marco Reus មាន​ឱកាស​ទម្លុះ​សំណាញ់​ទី​ឱ្យ​ក្រុម​តាម​ស្មើ​បាន នៅ​នាទី​ទី៨៤ មុន​នឹង Foden ស៊ុត​គ្រាប់​ជ័យជម្នះ​ឱ្យ​ក្រុម​របស់​លោក Pep នៅ​នាទី​ទី៩០៕ AFP/VN