ប៉ារីស៖ ការ​ប្រកួត​ប្រជែង​វាយ​កូនបាល់​អាជីព (តិន្នីស) ក្នុង​កម្មវិធី French Open 2021 នឹង​ត្រូវ​ពន្យារពេល ១ សប្ដាហ៍។ នេះ​បើ​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ កាល​ពី​ថ្ងៃ​ពុធ។

ការ​ប្រកួតប្រជែង​ដណ្ដើម​ពាន​កម្រិត Grand Slam ប្រចាំ​ឆ្នាំ ដែល​ត្រូវ​ធ្វើ​ឡើង​លើ​ទីលាន​ដីឥដ្ឋ​នេះ ត្រៀម​នឹង​ចាប់​ផ្ដើម នៅ​ថ្ងៃទី ២៣ ខែ​ឧសភា តែ​ឥឡូវ​នេះ នឹង​ដំណើការ​នៅ​ថ្ងៃទី ៣០ ខែ​ឧសភា​វិញ ដោយ​សង្ឃឹម​ថា នឹង​មាន​អ្នក​ទស្សនា​បន្ថែម​ទៀត ដែល​អាច​ចូលរួម​ការ​ប្រកួត Roland Garros។

កម្មវិធី French Open ឆ្នាំ​មុន​ត្រូវ​ផ្អាក ៤ ខែ ហើយ​ត្រូវ​បាន​ធ្វើ​ក្នុង​ខែកញ្ញា និង​តុលា ជំនួស​ឱ្យ​កាល​វិភាគ​ពី​យូរយារ​មក​ហើយ ក្នុង​ខែ​ឧសភា-មិថុនា។ ចំនួន​អ្នក​ទស្សនា​ត្រូវ​បាន​កម្រិត​ត្រឹមតែ ១ ០០០ នាក់​ប៉ុណ្ណោះ ក្នុង ១ ថ្ងៃ សម្រាប់​ការ​ប្រកួត​ឆ្នាំ​នេះ។

ការ​រឹត​បន្តឹង ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​វីរុស​កូរ៉ូណា ត្រូវ​បាន​អនុវត្ត​យ៉ាង​តឹង​តែង​នៅ​ទូទាំង​ប្រទេស​បារាំង កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ក៏​ការ​ប្រកួតប្រជែង​កីឡា​អាជីព​ទាំង​អស់ កំពុង​បន្ត​ប្រព្រឹត្ត​ទៅ​ធម្មតា ទោះ​ធ្វើ​ដោយ​បិទទ្វារ​កីឡដ្ឋាន​​ក៏​ដោយ។

កាល​ពី​ថ្ងៃ​អង្គារ ក្រសួង​កីឡា​បារាំង​បាន​ប្រាប់ AFP ឱ្យ​ដឹង​ថា រដ្ឋាភិបាល​កំពុង​ធ្វើការ​ពិភាក្សា​ពី​ការ​ពន្យារ​ពេល ដែល​អាច​មាន​ចំនួន ២-៣ ថ្ងៃ។

កីឡាការិនី​សញ្ជាតិ​បារាំង Alize Cornet បាន​ធ្វើ​ការ​រិះគន់​ចំពោះ​រដ្ឋមន្ត្រី​កីឡា ​លោកស្រី Roxana Maracineanu និង​រដ្ឋាភិបាល​របស់​លោក Macron ជុំវិញ​ការ​ពន្យារពេល​នេះ។

កីឡាការិនី Cornet ប្រាប់​ថា៖ «ខ្ញុំ​សុំទោស ខ្ញុំ​មិន​មាន​អ្វី​ប្រឆាំង​ជាមួយ​គាត់ (រដ្ឋមន្រី្ត​កីឡា) នោះ​ទេ គ្រាន់​តែ​គាត់​បាន​ធ្វើ​ការ​សម្រេចចិត្ត​មិន​ល្អ​ចំពោះ​វិស័យ​កីឡា ដូច​ជា​គាត់់​មិន​ខ្វល់។ ខ្ញុំ​ដឹង​ថា ចេញ​មក​ពី​រដ្ឋាភិបាល»។

កីឡាការិនី​វ័យ ៣១ ឆ្នាំ បន្ត​ថា៖ «វា​ប្រហែល​ចេញ​មក​ពី​អ្នក​រៀបចំ​ផង​ដែរ ព្រោះ​ខ្ញុំ​ឮ​មក​ថា ព្រឹត្តិការណ៍​នេះ​ទំនង​ជា​ទទួល​បាន​អ្នក​ទស្សនា​បន្ថែម​ទៀត បើ​ពួក​គេ​ពន្យារពេល ១ សប្ដាហ៍។ តែ​យ៉ាងណា និយាយ​ដោយ​ត្រង់​ខ្ញុំ​យល់​ថា វា​ជា​ការ​សម្រេច​ចិត្ត​អាត្មានិយម​បន្តិច ព្រោះ​កាល​វិភាគ​ប្រកួត នឹង​ប៉ះពាល់​ពី​ការ​ពន្យាពេល​នេះ»។

ខែ​មុន លោក Gilles Moretton ប្រធាន​ថ្មី​នៃ​សហព័ន្ធ​កីឡាតិន្នីស​បារាំង (FFT) ឱ្យ​ដឹង​ថា គាត់​មិន​ហ៊ាន​គិត​ដល់​ការ​ពន្យារ​ទាំង​ស្រុង​នោះ​ទេ។

លោក Moretton ថ្លែង​ថា៖ «បើ​យើង​ឈាន​ដល់​ការ​បិទ​ប្រទេស ២ ខែ នោះ យើង​នឹង​ត្រូវ​មាន​វិធានការ ដែល​កាន់​តែ​អា​ក្រក់​បំផុត​នោះ គឺ​ការ​ផ្អាក​ទាំង​ស្រុង​តែ​ម្ដង តែ​ខ្ញុំ​មិន​ហ៊ាន​ស្រមៃ​ដល់​រូប​ភាព​នោះ​ទេ»៕ AFP/VN