ក្រុងឡុងដ៍៖ លោក Jose Mourinho បន្ទោសចំពោះការធ្វើឱ្យមានកំហុស ដែលមិនគួរឱ្យកើតឡើង និងចំពោះការខ្វះសមត្ថភាពជាអ្នកពិឃាតរបស់ក្រុម Tottenham Hotspur (Spurs) ក្រោយបណ្ដោយឱ្យ Ivan Cavaleiro ស៊ុតបញ្ចូលទីជួយឱ្យ Fulham តាមស្មើ ១-១ អំឡុងការប្រកួតក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃពុធ។
ខ្សែប្រយុទ្ធ Harry Kane តែតឱ្យក្រុមម្ចាស់ផ្ទះ Spurs នាំមុខមុន នៅវគ្គទី១ សម្រាប់ការប្រកួតនៅទឹកដី Tottenham Hotspur Stadium នេះ តែខ្សែប្រយុទ្ធ Cavaleiro ប្រើក្បាលទម្លុះសំណាញ់ទីវិញដូចគ្នា នៅចុងម៉ោងនៃវគ្គទី២ ដែលជាគ្រាប់បាល់ធ្វើលោក Mourinho មួម៉ៅយ៉ាងខ្លាំង។
ក្រុម Spurs ឈ្នះតែ ២ លើកប៉ុណ្ណោះ ពីការប្រកួតក្នុងលីគ ៨ ដងចុងក្រោយ ហើយកំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៦ មាន ៣០ ពិន្ទុ។ ការយកឈ្នះក្រុមបាតតារាងទី៣ Fulham នឹងជួយរុញពួកគេឱ្យឡើងលំដាប់ទី៣ ពីលើក្រុម Manchester City ដែលទើបដណ្ដើមបានជ័យជម្នះនៅលីគ ៤ លើកជាប់ៗគ្នា ដោយសារគ្រាប់បាល់របស់ Phil Foden ជួយឱ្យឈ្នះ Brighton ១-០ នៅថ្ងៃជាមួយគ្នានេះ។
ពេលនេះថា តើក្រុម Spurs ដែលមាន ៦ ពិន្ទុ តាមពីក្រោយក្រុមនៅកំពូលតារាង Manchester United នឹងត្រូវបានចាត់ទុកជាក្រុមប្រជែងពានបានទៀត ឬអត់ ក្រោយពីមានទម្រង់លេងដ៏អន់នេះ។
គ្រូបង្វឹករបស់ Spurs លោក Mourinho បាននិយាយថា៖ «ជាថ្មីម្ដងទៀត យើងបណ្ដោយឱ្យមានគ្រាប់បាល់ ដែលអាចចៀសវាងបានទេ។ យើងត្រូវតែឈ្នះដោយមិនរបូតគ្រាប់បាល់ ពោលគឺកុំបង្កើតកំហុស។ អ្នកតាមបិទ ត្រូវតែមាន»។
លោកបន្តថា៖ «យើងមានឱកាសច្រើន ដើម្បីបញ្ចប់ការប្រកួតទាំងស្រុង។ មួយទៀត កុំគិតពីរឿងឈ្នះ តែវាពាក់ព័ន្ធនឹងការគ្មានមហិច្ឆតាក្នុងស៊ុតបញ្ចូលទី និងបញ្ចប់ហ្គេមនេះទាំងស្រុង។ យើងទទួលបាននូវលទ្ធផលមិនសូវល្អ ហេតុដូច្នេះ យើងគួរតែគេចឱ្យផុតពីលទ្ធផលទាំងនេះឱ្យបាន»។
គ្រាប់បាល់តាមស្មើរបស់ Cavaleiro ជាការបញ្ចប់ដ៏ជូរចត់សមរម្យមួយ ចំពោះជម្លោះរវាងលោក Mourinho និងលោក Scott Parker អ្នកចាត់ការរបស់ក្រុម Fulham ដែលកើតមានឡើង ពេលមានការផ្ទុះឡើងនូវវីរុសកូរ៉ូណាក្នុងក្រុម Aston Villa ដែលនាំឱ្យគម្រោងធ្វើដំណើររបស់ក្រុម Spurs ទៅទឹកដី Villa Park នៅថ្ងៃពុធ ត្រូវរំសាយចោល។
ជួសមកវិញ ការប៉ះគ្នារវាង Spurs និង Fulham ដែលត្រូវផ្អាក នៅខែធ្នូ ដោយសារមានករណីឆ្លងជំងឺកូវីដ ១៩ ក្នុងក្រុមនៅទឹកដី Craven Cottage ត្រូវលើកយកមកធ្វើនៅថ្ងៃចន្ទ ដើម្បីជួយសម្រួលដល់កាលវិភាគប្រកួតដ៏ញឹកស្អេក នាពេលខាងមុខ របស់ក្រុមលោក Mourinho។
តែលោក Parker និយាយថា ជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុមលោក ដែលតម្រូវឱ្យធ្វើការប្រកួតជាមួយនឹងការផ្ដល់ដំណឹងភ្លាមៗបែបនេះ។ លោក Mourinho តបត្រឡប់បែបឌឺដងវិញថា គាត់នឹងមានតែការសោកស្ដាយប៉ុណ្ណោះចំពោះ Fulham បើពួកគេបានប្រកួត កាលពីចុងសប្ដាហ៍កន្លងទៅ៕ AFP/VN