ភ្នំពេញ៖ ​ក្រុមហ៊ុន​ស្ថានីយ​ទូរទស្សន៍ CBS និង​ម្ចាស់​ឧបត្ថម្ភ​​ក្រុមហ៊ុន​ស្រាបៀរ Ganzberg នៅ​តែ​បាន​សហការ​គ្នា​យ៉ាង​ស្អិតល្មួត ដើម្បី​បន្ត​​រៀបចំ​ឱ្យ​មាន​​ការ​ប្រកួត​បាល់ទាត់​ហ៊្វុតសាល​ដណ្តើម​​ពាន​​រង្វាន់ Ganzberg Cup 2020 រដូវកាល​ទី​៥ ទៅ​តាម​គម្រោង បើ​ទោះបី​ជា​បាន​ជួប​ឧបសគ្គ និង​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ជា​លក្ខណៈ​សកល​លោក និង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​ក៏​ដោយ។

តាមរយៈ​ការ​ព្យាយាម​រួម​គ្នា​នេះ CBS និង Ganzberg បាន​បញ្ចប់​ការ​ប្រកួត​ជម្រុះ​នៅ​តាម​មណ្ឌល​រាជធានីភ្នំពេញ កំពត ប៉ោយប៉ែត សៀមរាប បាត់ដំបង និង​កំពង់ចាម រួច​ហើយ ដើម្បី​យក​ក្រុម​ខ្លាំងៗ ឡើង​មក​ប្រកួត​នៅ​វគ្គ​ ៣២ ក្រុម​ចុង​ក្រោយ ដោយ​មាន​ការ​​ផ្សាយផ្ទាល់​តាម​ទូរទស្សន៍ MYTV ​ហើយ​​រក​ក្រុម​ម្ចាស់​ជើងឯក​រដូវកាល​នេះ នឹង​បាន​​​ប្រាក់​រង្វាន់​​ចំនួន​ ១៥ ០០០ ដុល្លារ។

លោក តែ រតនៈ ប្រធាន​ទីផ្សារ និង​ជា​តំណាង​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍ MYTV បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា៖ ​«ការ​ប្រកួត​រដូវកាល​ទី៥​ នេះ មាន​ការ​​ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ ដោយ​ខ្ញុំ​សង្កេត​ឃើញ​មាន​ក្រុម​ប្លែកៗ​ជា​ច្រើន​បាន​ឡើង​មក​លេង​នៅ​​វគ្គ​​ ​៣២ ​ក្រុម​នេះ ​ដែល​​បញ្ជាក់​ឱ្យ​ឃើញ ​ពី​ការ​រីក​ចម្រើន​នៃ​​​វិស័យ​បាល់ទាត់​ក្នុង​​ប្រទេស​កម្ពុជា​ ​យើង ​បើ​ទោះជា​យើង​កំពុង​ស្ថិត​នៅ​ក្នុង​គ្រា​លំបាក ​ពី​ការ​​រាត​ត្បាត​ដោយ​ជំងឺ​កូវីដ​ ១៩ ក៏​ដោយ»។

លោក​បន្ថែម​ថា៖​ «ទម្រាំ​តែ​ធ្វើ​ឱ្យ​កម្មវិធី​មួយ​នេះ ​សម្រេច​ឆ្ពោះ​ទៅ​មុខ​បាន គឺ​ MYTV និង​ក្រុមហ៊ុន​ Ganzberg បាន​សហការ​គ្នា​យ៉ាង​ស្អិតល្មួត​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡា​​បាល់ទាត់​កម្ពុជា ដើម្បី​ពុះពារ​ឧបសគ្គ និង​ខិតខំ​កែច្នៃ​ឱ្យ​ការ​ប្រកួត​នេះ​ អាច​ជ្រើសរើស​បាន​ក្រុម​ជើងឯក ដែល​ពោរពេញ​ដោយ​សមត្ថភាព»។

ចំណែក​លោក ថោង ប្រសើរ តំណាង​ប្រធាន​ផ្នែក​កីឡា​របស់ CBS បាន​និយាយ​ថា៖ ​«ដោយ​ឈរ​លើ​ការ​អភិវឌ្ឍ យើង​បាន​ធ្វើ​ការ​កែប្រែ​ការ​ប្រកួត​ឱ្យ​​កាន់​តែ​ស្វិតស្វាញ​ពី​ ១ ​រដូវកាល ​ទៅ​ ១ រដូវ​កាល​ ខណៈ​ដែល Ganzberg ក៏​មាន​ប្រាក់​រង្វាន់​របស់​ខ្លួន​យ៉ាង​​ធំ​សម្បើម ​ដើម្បី​ស្វែងរក​ក្រុម​​ជើងឯក​ដ៏​ខ្លាំង​មួយ​ ដែល​មាន​សមត្ថភាព​មិន​ចាញ់​ក្រុម​កីឡាករ​របស់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ​និង​ក្នុង​ពិភព​លោក»។​

យ៉ាង​ណា​ក៏​ដោយ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ក៏​ដូច​ជា​​ក្រសួង​អប់រំ យុវជន និង​កីឡា គឺ​ការ​ប្រកួត​ជុំ​ចុង​ក្រោយ នៅ​លើ​ទីលាន​ T-Soccer នេះ នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នក​គាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​នោះ​ទេ ចំណែក​​​ក្រុម​ទាំង ​៣២ ដែល​នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​នៅ​ជុំ​នេះ បាន​ចាប់​ឆ្នោត​រួច​រាល់​ហើយ ហើយ​គ្រប់​គូ​ទាំង​អស់​នឹង​ត្រូវ​លេង​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ ចាប់​ពី​ម៉ោង ​៨ យប់​តទៅ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ដែល​ដំបូង​ឡើង​ត្រូវ​ធ្វើ​នៅ​ថ្ងៃទី​ ៥ ខែធ្នូ នេះ គឺ​ត្រូវ​បាន​ពន្យារពេល​ ២ ​សប្តាហ៍ ទៅ​តាម​ការ​ប្រកាស​របស់​​ក្រសួង​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​​កំណត់​ឱ្យ​​ផ្អាក​រាល់​ការ​ហាត់ប្រាណ និង​លេង​កីឡា ដែល​​មាន​លក្ខណៈ​ប្រមូល​ផ្តុំ​ រយៈពេល​ ១៥ ​ថ្ងៃ ដើម្បី​ចូលរួម​ទប់ស្កាត់​​ការ​រីករាល​ជំងឺ​កូវីដ​ចូល​ក្នុង​សហគមន៍​នា​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា៕