ទីក្រុងឡុងដ៍ៈ កីឡាករ Serge Gnabry បាន​ជួយ​ឲ្យ​ក្រុម Bayern Munich ឡើង​ជិត​ដល់​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​ក្របខ័ណ្ឌ Champions League ខណៈដែល​ការរកបាន​ ២ ​គ្រាប់​របស់​កីឡាករ​អាល្លឺម៉ង់​រូបនេះ​បានរួម​ចំណែក​ក្នុង​ជ័យជម្នះ ៣-០ នៅ​កីឡដ្ឋាន Stamford Bridge របស់​ក្រុម Chelsea នៅ​ជើង​ទី​ ១ ​នៃ​វគ្គ​ ១៦ ​ក្រុម​កាលពី​រាត្រី​ថ្ងៃ​អង្គារ​។

កីឡាករ Gnabry បាន​លត់​ក្រុម Tottenham Hotspur ជាមួយ​ការរកបាន​ ៤ ​គ្រាប់​ក្នុង​ជ័យជម្នះ​របស់​ក្រុម Bayern ៧-២ នៅ​ទីក្រុង​ឡុងដ៍​នៅ​ដើម​រដូវកាល​នេះ ហើយ​អតីត​ខ្សែបម្រើ​ក្រុម Arsenal រូបនេះ​បាន​ត្រឡប់​ទៅកាន់​ទីក្រុង​ប្រទេស​អង់គ្លេស​វិញ​ដើម្បី​រុញ​ក្រុម Chelsea ឲ្យ​ខិត​ទៅរក​ការធ្លាក់​ពី​ការប្រកួត​នេះ​។

ពេលវេលា​នៅ​ជាមួយ​ក្រុម Arsenal របស់​កីឡាករ​អាយុ​ ២៤ ​ឆ្នាំ​រូបនេះ​មាន​ការខកចិត្ត​ច្រើន ហើយ​រូបគេ​ថែមទាំង​បាន​ធ្លាក់ចុះ​ទម្រង់​លេង​នៅ​អំឡុងពេល​ខ្ចី​ជើង​នៅ​ក្លិប West Bromwich Albion ផងដែរ​។

ប៉ុន្តែ​កីឡាករ​រូបនេះ​បាន​រះ​ឡើងវិញ​នៅពេល​លេង​នៅ​ក្រុម Bayern ហើយ​គ្រាប់​បាល់​ ២ ​គ្រាប់​របស់​រូបគេ​ក្នុង​ចន្លោះពេល​តែ​ ៣ ​នាទី​នោះបាន​ធ្វើឲ្យ​ក្រុម​របស់លោក Hansi Flick ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅកាន់​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​នេះ​។

កីឡាករ Robert Lewandowski រកបាន​គ្រាប់​បាល់​ទី​ ៣ ​សម្រាប់​ក្រុម Bayern មុនពេល​ខ្សែការពារ Marcos Alonso របស់​ក្លិប Chelsea ត្រូវបាន​បណ្ដេញចេញ​នៅ​នាទី​ទី​ ៨៣​។

ក្រុម Chelsea នឹងត្រូវ​ស្វែង​ភាពអស្ចារ្យ​មួយ​នៅក្នុង​ទីក្រុង Munich ក្នុង​ជើង​ទី​ ២ ​នៅ​ថ្ងៃទី​ ១៨ ខែ​មីនា​ដើម្បី​កែប្រែ​បរាជ័យ​នេះ​នៅ​កីឡដ្ឋាន Allianz Arena ជាទី​ដែល​ពួកគេ​ធ្លាប់​បាន​ឈ្នះ​យ៉ាង​អស្ចារ្យ​ទៅលើ​ក្រុម​អាល្លឺម៉ង់​មួយ​នេះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League កាលពី​ឆ្នាំ​ ២០១២​។

កីឡាករ Gnabry បាន​ប្រាប់ BT Sport ពី​ការរកបាន​គ្រាប់​បាល់​នៅក្នុង​ទីក្រុង​ឡុងដ៍​នេះ​ថា​៖ «​ខ្ញុំ​មាន​មិត្តភក្តិ​ជាច្រើន​នៅទីនេះ ហើយ​ពួកគេ​ភាគច្រើន​បាន​ចូលរួម​ទស្សនា​ដែល​ធ្វើឲ្យ​ខ្ញុំ​គិតថា ពួកគេ​កំពុង​ផ្ដល់​កម្លាំងចិត្ត​ដល់​ខ្ញុំ​»​។

កីឡាករ​រូបនេះ​បាន​បន្ថែមថា​៖ «​គ្រាប់​បាល់ ៣ គ្រាប់​គួរតែ​បានផ្ដល់​ឲ្យ​យើង​នូវ​ទំនុកចិត្ត​ជាច្រើន​មែនហើយ​ ប៉ុន្តែ​យើង​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​ជើង​ទី​ ២ ​ថែមទៀត ហើយ​យើង​មិន​អាច​គិតថា វា​គ្រប់គ្រាន់​បាន​នោះទេ​»​។

កីឡាករ Gnabry បាន​បន្ថែមទៀតថា​៖ «​យើង​បានឃើញ​រដូវកាល​មុន​រួចហើយ​ដែល​ក្រុម Liverpool បាន​យកឈ្នះ​ក្រុម Barcelona វិញ​ដូច្នេះ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន និង​ផ្តោតលើ​ការប្រកួត​នេះ​ឲ្យ​បាន​ហ្មត់ចត់​»​។

ចំណែក​គ្រូបង្វឹក​ក្រុម Chelsea លោក Frank Lampard វិញ​បាន​ទទួលស្គាល់ថា ក្រុមយុវជន​របស់​គាត់​បាន​រត់​ដេញតាម​ក្រុម​ជើងចាស់​របស់​ក្រុម Bayern យ៉ាងខ្លាំង ហើយ​ការព្យាករ​របស់គាត់​នៅមុន​ការប្រកួត​នេះ​បានបង្ហាញ​ពី​ការពិបាក​នឹង​ទទួលបាន​ជ័យជម្នះ​។

លោក Lampard បាន​និយាយថា​៖ «​ទម្រង់​លេង​នេះ​គឺ​អន់​ខ្លាំងណាស់ ហើយ​ពេលខ្លះ​អ្នក​ត្រូវតែ​ធ្វើ​ដោយស្មោះ​ត្រង់​បំផុត​ពីព្រោះ​ពួកគេ​បានបង្ហាញ​ទម្រង់​លេង​ល្អ​ជាង​យើង​គ្រប់ផ្នែក​ទាំងអស់​ដែល​បាន​ធ្វើឲ្យ​យើង​មាន​ការព្រួយបារម្ភ​បំផុត​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមថា​៖ «​ខ្ញុំ​មាន​ការខកចិត្ត​ដែល​យើង​មិនអាច​ខំប្រឹងប្រែង​យកឈ្នះ​ពួកគេ​។ យើង​ត្រូវតែ​យកចិត្តទុកដាក់ និង​ខំធ្វើការ​ថែមទៀត​ឆ្ពោះ​ទៅ​រក​កម្រិត​មួយ​ដែល​យើង​ចង់បាន​បំផុត​»៕ SN