ក្រុង​មីឡេន​: ខ្សែ​ប្រយុទ្ធ Papu Gomez ស៊ុត​បញ្ចូល​ទី ២​ គ្រាប់ ខណៈ​ក្រុម​ Atalanta បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Lazio ៤-១ អំឡុង​ការ​ប្រកួត​នៅ​ក្រុង​រ៉ូម ស្រប​ពេល​ក្រុម​គូ​ប្រជែង​ពាន​ក្រប​ខ័ណ្ឌ Serie A គឺ​ Inter Milan លត់​ក្រុម​ចំណូល​ថ្មី​ Benevento ដល់​ផ្ទះ ៥-២ កាល​ពី​ថ្ងៃ​ពុធ​។

កាល​វិភាគ​នៃ​ការ​ប្រកួត​បើ​រដូវ​កាល ២ ​លើក​ដំបូង ត្រូវ​បាន​ពន្យារ​ពេលដោយ​សារ​ក្រុម Atalanta និង Inter ជាប់​ភារកិច្ច​ប្រកួត​កម្ម​វិធី​ដណ្ដើម​ពាននៅ​តំបន់​អឺរ៉ុប ក្នុង​ខែ​សីហា​។

ក្រោយ​ចប់​ការ​ប្រកួត​នេះ ក្រុម​គូ​ប្រជែង នៅ​ភាគ​ខាង​ជើង​ទាំង ២ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្លាំង​របស់​ពួក​គេ ដែល​សង្ឃឹម​ថា នឹង​រា​រាំង​ក្រុម Juventus មិន​ឱ្យ​ឈ្នះ​ពាន Serie A ជា​លើក​ទី ១០ ជាប់​ៗ​គ្នា​ ខណៈ​​ក្រុម​ជើង​ឯក​មួយ​នេះ ​ដណ្ដើម​បាន​តែ​ ១ ​ពិន្ទុ នៅឯ​ផ្ទះ Roma កាល​ពី​ថ្ងៃ​អាទិត្យ​។

ពេល​នេះ ក្រុម Atalanta និង Inter កំពុង​ឈរ​នៅ​ទី​កំពូល​តារាង​ពិន្ទុ Serie A រួម​ជាមួយ​ក្រុម​​ Napoli, Hellas Verona និង AC Milan​ ដោយ​ការ​យក​បាន ៦ ​ពិន្ទុ​ពេញ ពី​ការ​ប្រកួត​បើក​ឆាក ២​លើក​ដំបូង​នេះ​ ខណៈ​ក្រុម Juve មាន ៤ ពិន្ទុ មុន​ពួក​គេ បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​ Napoli នៅ​ថ្ងៃ​អាទិត្យ​នេះ​។

ក្រុម​ Atalanta មាន​ ៣ គ្រាប់ នាំ​មុខ​ នៅ​វគ្គ​ទី១ ដោយ​មាន​កីឡាករ Robin Gosens, Hans Hateboer និង Gomez មាន​ចំណែក​រួម ម្នាក់​ ១ គ្រាប់ ហើយ​ពួក​គេ ក្នុង​នាម​ជា​ក្រុម​ភ្ញៀវ បាន​គេច​ផុត​ពី​ការ​ភ្លាត់​នា​រដូវកាល​មុន ដែល​ក្រុម Lazio ត្រូវ​នាំ​មុខ ៣-០ តែ​តាម​ស្មើ​បាន​វិញ ៣-៣​។​

ខ្សែ​ការ​ពារ​សញ្ជាតិហូឡង់ Hateboer បាន​និយាយ​ថា​៖ «យើង​ទាំង​អស់​គ្នាបាន​ដឹង​ពី​អ្វី ដែល​បាន​កើត​ឡើងកាល​ពី​ពេល​កន្លង​ទៅ ហើយ​យើង​បាន​និយាយ​គ្នា​ពី​រឿង​នេះ ពេល​ចប់​វគ្គ​ទី​១​។ យើង​ដឹង​ថា ពេល​ពួក​គេធ្វើ​បាន​សម្រេច ១ គ្រាប់ នោះ​គ្រាប់​ដទៃ អាច​កើត​មាន​ទៀត តែ​ពេល​ពួកគេ ស៊ុត​បញ្ចូល​ទីរួច យើង​បាន​បន្ថែម​គ្រប់​ទី៤ ហើយ​គ្រប់​យ៉ាង​ចប់​»​។

កីឡាករ Felipe Caicedo ជា​អ្នក​ជួយ​ឱ្យ​ក្រុម Lazio តាម ៣-១ នៅ​នាទីទី​៥៧ តែ​ Gomez មាន​ឱកាស​ស៊ុត​បញ្ចូល​ទីគ្រាប់​ទី២ ដែល​មាន​គម្លាត​រយៈ​ពេល​ ១ ​ម៉ោងពីគ្រាប់​ទី១​​។

Lukaku ស៊ុត​បញ្ចូលទី​គ្រាប់​ទី២ របស់​ខ្លួន ឱ្យក្រុម Inter នាំ​មុខ Benevento បណ្ដោះ​អាសន្ន ៣-០ អំឡុង​ការ​ប្រកួត Serie A អ៊ីតាលី។ ​

ចំណែក​ក្រុម​ជើង​ឯករង​រដូវកាល​មុន Inter ក្រោយ​ឈ្នះ​ Fiorentina នៅ​ប្រកួត​ដំបូង​ទាំង​ប្រផិត​ប្រផើយ ៤-៣ កាល​ពី​សប្ដាហ៍​មុន ក្រុម​របស់​លោក​​ Antonio Conte ក៏​សម្រេច​បាន​ជោគ​ជ័យ​ដ៏​ធំ​ ១ ​ទៀត ដោយ​ការ​ការ​បំបាក់​ក្រុម​ម្ចាស់​ផ្ទះ Benevento ដែល​សប្ដាហ៍​មុន​ បាន​ធ្វើ​ដំណើរ​ទៅ​យក ៣​ ពិន្ទុ​ពី​ក្រុម Sampdoria បាន​សម្រេច​ទាំង​មិន​គួរ​ឱ្យ​ជឿ ជាមួយ​នឹង​ជ័យ​ជម្នះ ៣-២។​

ខ្សែ​ប្រយុទ្ធ Romelu Lukaku របស់ Inter ទម្លុះ​សំណាញ់​ទី​បាន ២ គ្រាប់ ដែល​គ្រាប់​ដំបូង ធ្វើ​បាន ពេល​ប្រកួត​ដំណើរ​ការ​ក្នុង​រង្វង់ ៣០​ វិនាទី នៃ​តង់​ទី ១ ហើយ​ខ្សែ​បម្រើ​​ Achraf Hakimi ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ថ្ងៃ​បង្ហាញ​ខ្លួន​ដំបូង ដោយការ​រួម​ចំណែក​ ១ គ្រាប់​ដែរ​។ ២ គ្រាប់​ផ្សេង​ទៀត បាន​មក​ដោយសារ​កីឡាករ Roberto Gagliardini និង Lautaro Martinez ម្នាក់ ១ ​គ្រាប់​។​

គ្រូបង្វឹក​ក្រុម Inter លោក Conte បាន​និយាយ​សរសើរ​ក្រុម​ខ្លួន​ថា​៖ «​ខ្ញុំ​ចូល​ចិត្ត​មើល​ក្រុម​លេង​ដូច​យប់​មិញ ដោយ​ការ​ផ្លាស់​ប្ដូរ​តំបន់​ប្រយុទ្ធ​យ៉ាង​មុត​ស្រួច​។ ការ​​ពេញ​ចិត្ត​ពេញ​ថ្លើម​ពិត​ប្រាកដ​របស់​គ្រូបង្វឹក ១ ​រូប គឺ​ការ​ឃើញនូវ​ការ​លេង​របៀប​ហ្នឹង មិន​ថាអ្នក​ណា​កំពុង​ឈរ​នៅ​ទី​តាំង​នោះក៏​ដោយ ក៏​យុទ្ធ​សាស្ត្រនៃ​ការ​លេងនៅ​ដដែល​»​។​

លោក Conte បន្ត​ទៀត​ថា​៖ «​យើង​មាន​ជម្រើស​ច្រើន​ជាង​មុន ហើយ​យើង​ជា​ក្រុម​មួយ ដែល​ចូល​ចិត្ត​ការ​លេង​ប្រយុទ្ធ និង​បង្កើត​ឱកាស​ឱ្យ​បាន​ច្រើន​។ យើង​ត្រូវ​ធ្វើ​ការ​បន្ថែម​ទៀត​ ដើម្បី​ឱ្យ​ក្រុម​មាន​តុល្យ​ភាពព្រោះ​ថា ថ្ងៃ​នេះ យើងមាន​របូត ២ គ្រាប់​ដែរ។ តែ​ប្រហែល​ជា​កីឡាករ​ចំណូល​ថ្មី សម្រប​ខ្លួន​បាន​លឿន​នឹង​ប្រព័ន្ធ​លេង​របស់​ក្រុម​យើង ដែល​មាន​មក​តាំង​ពី​រដូវកាល​មុន​»​៕ AFP/VN