ក្រុង​អាំស្ទែរដាំ​: កីឡាករ​គ្មាន​តម្លៃ​ខ្លួន Mario Goetze ដែល​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​គ្រាប់​ជ័យ​ជម្នះឱ្យ​ក្រុម​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ World Cup 2014 បាន​ព្រម​ព្រៀង​ចុះ​ហត្ថលេខា​លេង​ក្រុម PSV Eindhoven រយៈ​ពេល ២ ​ឆ្នាំ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្លិប​យក្ស​នៅ​ហូឡង់​។

ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ ២៨​ ឆ្នាំ ដែល​បាន​ចូល​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ ៦៣​លើក ត្រូវ​បាន​ដោះ​លែង​ដោយ​ក្រុម​ Borussia Dortmund ក្នុង​ខែ​មិថុនា ដោយសារ​ធ្លាក់ទម្រង់​លេង និង​ញាំ​ញី​ដោយ​របួស។

កីឡាករ Goetze ចាប់​កំណើត​ចេញ​ពី​ក្រុមថ្នាល​របស់​ក្លិប Dortmund តែ​បាន​ផ្លាស់​ទៅ​កាន់​ក្រុម​គូ​ប្រជែង​ Bayern Munich កាល​ពីឆ្នាំ​២០១៣។ រូប​គេ​បាន​​ត្រឡប់​មក​កាន់ក្លិប​នៅ​ទឹក​ដី Ruhr Valley នេះវិញ​​ ក្នុង​ឆ្នាំ​ ២០១៦ តែ​មិន​អាច​ដណ្ដើម​បាន​កន្លែង​លេង​ទៀង​ទាត់ ១ ឡើយ ដូច្នេះ ក៏​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​រក​ទ្រនំ​ថ្មី ពេល​ផុត​កុង​ត្រា​។

ការ​មក​ដល់​របស់ Goetze គឺ​ជា​ជោគ​ជ័យ ១ សម្រាប់​ក្រុម PSV ដែល​តែង​តាំងបុរស​អាល្លឺម៉ង់​ Roger Schmidt ជា​គ្រូ​បង្វឹក នៅ​បញ្ចប់​រដូវ​កាល​មុន​ និង​​បាន​ទិញ Adrian Fein ដែល​ជា​មិត្ត​រួម​ជាតិ​របស់ Goetze ពី​ក្រុម Bayern ព្រម​ទាំង​នាំ​យក​ខ្សែ​បម្រើ​ Marco van Ginkel ពី​ក្រុម​ Chelsea មុន​ទី​ផ្សារ​ដោះ​ដូរ​កីឡាករ​បិទ​ទ្វារ កាល​ពីថ្ងៃ​ចន្ទ​។

Goetze សម្ដែង​ការ​រីក​រាយ ក្រោយ​រក​គ្រាប់​បាល់​ជ័យ​ជម្នះ​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ កាល​ពី​ព្រឹត្តិ​ការណ៍ World Cup 2014។

ពាក់​ព័ន្ធ​នឹង​ការ​ផ្លាស់​ប្ដូរ​របស់​ខ្លួន​ Gotze បាន​និយាយ​ថា​៖ «​ខ្ញុំ​បន្ត​ការ​ហ្វឹក​ហាត់ និង​ធ្វើ​ឱ្យ​ខ្លួន​រឹង​មាំ​ជានិច្ច ដើម្បី​ត្រៀម​ប្រឈម​នឹង​ដំណើរ​ផ្សង​ព្រេង​ថ្មី​មួយ​។ ខ្ញុំ​ទន្ទឹង​រង់ចាំ​ចូល​រួម​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី ដើម្បី​ធ្វើ​​ការ​ហាត់​សម​ពេញ​លេញ និង​ត្រៀម​ខ្លួន​ឱ្យ​រួច​រាល់ សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ​»​។​

ក្រុម PSV មាន​ជំនឿ​ថា ពួក​គេ​​ បាន​នាំ​យក​កីឡាករ​ដ៏​មាន​សមត្ថភាព​ម្នាក់ ដែល​នឹង​មក​រួម​ចំណែក​យ៉ាង​ធំ​ធេង​ជួយ​ក្លិប ដោយ​នាយក​កីឡា​របស់​ក្លិប លោក John de Jong បាន​អធិប្បាយ​ការ​មក​ដល់​នេះ ថា​ជា «​ការ​ប្រទាន​​ពី​ព្រះ​ជា​ម្ចាស់​»​។

លោក​នាយក​កីឡា​រូប​នោះ ប្រាប់ឱ្យ​ដឹង​បន្ថែម​​តាម​រយៈ​វេប​សាយ​ផ្លូវ​ការ​របស់​ក្លិប​ខ្លី​ៗ​​ថា​៖ «​យើង​រីក​រាយ​ ដែល​គេ​ព្រម​ចុះ​កុង​ត្រា​ជាមួយ​ក្លិប PSV​។ យើង​មាន​​មោទនភាព​ណាស់​»​។

Goetze ត្រូវ​បាន​គេ​ដឹង​ថា មាន​​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្លិប​កំពូល​ៗ នៅ​អឺរ៉ុបមួយ​ចំនួន​ ទោះ​ជា​គេ​ប្រាប់​ថា ការ​រាយ​ការណ៍​របស់​បណ្ដាញ​សារត៌មាន​ នៅ​អាល្លឺម៉ង់ភាគ​ច្រើន គឺ​កុហក​ទាំង​ស្រុង​ក៏​ដោយ​៕​ AFP/VN

​ ​ ​