ក្រុងម៉ា្រឌីដ៖ ខ្សែបម្រើប្រយុទ្ធ Antoine Griezmann បានឆ្លើយតបទៅកាន់អ្នករិះគន់ខ្លួនជាមួយនឹងការស៊ុតបញ្ចូលទី ១ គ្រាប់ ដោយបច្ចេកទេសដ៏គួរឲ្យស្ងើចសរសើរ អំឡុងការប្រកួតដែលក្រុមអ្នកមានបុណ្យ Barcelona បំបាក់ក្រុមនាវាពណ៌លឿង Villarreal ៤-១ ហើយជ័យជម្នះនេះ ធ្វើឲ្យក្ដីសង្ឃឹមព្រាលៗរបស់ពួកគេ ក្នុងការឈ្នះពាន La Liga ចាប់ផ្ដើមត្រដរងើបឡើងវិញតិចៗ។
ក្រោយត្រឹមជាកីឡាករបម្រុងញឹកញាប់ ជាពិសេសពេលប៉ះក្រុមចាស់របស់ខ្លួន Atletico Madrid កាលពីសប្ដាហ៍មុន ត្រូវបានដូរចូលនៅនាទីទី៩០ កីឡាករអន្តរជាតិបារាំង Griezmann បានត្រឡប់មកមានវត្តមានក្នុងចំណោមអ្នកលេងទាំង ១១ នាក់ដំបូងជាថ្មីម្ដងទៀត សម្រាប់ការប្រកួតនៅឯកីឡដ្ឋាន La Ceramica នេះ ហើយឆ្លើយតបចំពោះការទុកចិត្តរបស់គ្រូបង្វឹកជាមួយគ្រាប់បាល់យ៉ាងអស្ចារ្យ។
សម្រាប់ការប្រកួតនេះគ្រាប់នាំមុខដំបូងរបស់ក្រុម Barca កើតឡើងដោយសារការធ្វើឲ្យចូលទីខ្លួនឯងរបស់ខ្សែការពារនៃក្រុមម្ចាស់ផ្ទះ Pau Torres នៅនាទីទី ៣ តែក្រុម Villarreal បានតាមស្មើវិញនៅនាទីទី ១៤ ដែលជាការស៊ុតរបស់កីឡាករ Gerard Moreno។ ក្រុមអ្នកមានបុណ្យ នាំមុខជាថ្មីនៅនាទីទី ២០ ដោយខ្សែប្រយុទ្ធ Luis Suarez មុននឹងដល់វេនរបស់កីឡាករ Griezmann មានឱកាសបន្ថែមគម្លាតនាំមុខ ២ គ្រាប់ នៅចុងម៉ោងនៃវគ្គទី១។
គ្រាប់ទី ៤ ដែលដឹកនាំដោយលោក Quique Setien ឈ្នះ ១០០ ភាគរយ គឺស៊ុតបញ្ចូលទីដោយ Ansu Fati ខ្សែប្រយុទ្ធវ័យក្មេង ដែលមានអាយុទើបតែ ១៧ ឆ្នាំ នៅនាទីទី ៨៦ ហើយ ៣ ពិន្ទុដ៏សំខាន់នេះ អាចជួយឲ្យក្រុម Barca កាត់បន្ថយពិន្ទុនាំមុខរបស់ក្រុមគូប្រជែង Real Madrid ដែលនៅកំពូលតារាង មកត្រឹម ៤ ពិន្ទុ ខណៈការប្រកួតនៅសល់ ៤ ដងទៀត។
លោក Setien បានសម្ដែងការរីករាយនូវអ្វី ដែលលោកបានឃើញពីកីឡាករ Griezmann ជាពិសេសគ្រាប់ទី ១៥ សម្រាប់រដូវកាលដំបូងរបស់គេជាមួយក្រុម ដោយអ្នកចាត់ការរូបនេះថ្លែងថា៖ «គេបានភ្ជាប់ខ្លួនឯងជាមួយកីឡាករដទៃបានយ៉ាងល្អ និងមានទំនុកចិត្តខ្ពស់»។
បុរសសញ្ជាតិអេស្ប៉ាញវ័យ ៦១ ឆ្នាំ បានបន្តថា៖ «ខ្ញុំរីករាយ ពេលបានឃើញនូវអ្វី ដែលខ្ញុំរំពឹងទុក ក្រោយពីគេស៊ុតគ្រាប់បាល់នេះធ្វើឲ្យខ្ញុំនឹកដល់គ្រាប់បាល់របស់ Messi កាលប្រកួតជាមួយក្រុម Real Betis»។
ជាមួយគ្នានេះ លោក Setien សរសើរកូនក្រុមរបស់ខ្លួន ទោះបីទើបឈ្នះជាលើកទី ២ សម្រាប់ការប្រកួត ៥ លើកចុងក្រោយ ក៏ដោយ ដោយលោក ប្រាប់ថា៖ «គ្រប់ក្រុមទាំងអស់ មានភាពខុសៗគ្នា។ ថ្ងៃនេះ យើងមានគ្រប់យ៉ាង។ ការប្រកួតមុនៗ ជាពិសេសជាមួយក្រុម Atletico Madrid និង Sevilla ធ្វើឲ្យពួកយើងពិបាកណាស់ ដោយសារពួកគេការពាររឹងមាំល្អណាស់។ លទ្ធផលនេះធ្វើឲ្យយើងទទួលបានទំនុកចិត្តច្រើនណាស់ ហើយវាក៏ជាអ្វីដែលខ្ញុំចង់បានតាំងពីមុនមក»៕ AFP/VN